Advertisement
សេដ្ឋកិច្ច

តើ​ការចូលមក​នៃ​ផ្សារ​ទំនិញ​ខ្នាត​យក្ស​របស់​​ថៃ នឹង​ចំណេញ​អ្វី​ខ្លះ​ដល់​កម្ពុជា?


ផ្សារ Makro ដែល​ជា​ផ្សារ​លក់​បោះ​ដុំ​ទំនិញ​ដ៏​ធំ​បំផុត​នៅ​ប្រទេស​ថៃ បាន​មក​បោះ​ទីតាំង​វិនិយោគ​នៅ​កម្ពុជាហើយ ហើយ​គ្រោង​នឹង​ដំណើរការ​លក់​នៅ​ចុង​ឆ្នាំ​២០១៧​នេះ។ តើ​វត្តមាន​ផ្សារ​ទំនិញ​ខ្នាត​យក្ស​មួយ​នេះ នឹង​ជួយ​អ្វី​ខ្លះ​ ឬ​បង្ក​ភាព​ប្រឈម​អ្វី​ខ្លះ ដល់​អ្នក​ប្រើ​ប្រាស់​ ឬ​ផ្សារ​ទំនិញ​ក្នុង​ស្រុក​ដែល​មាន​ស្រាប់?
ផ្សារ Makro លក់​បោះ​ដុំ​ទំនិញ​ដ៏​ធំ​របស់​ថៃ នឹង​បើក​លក់​នៅ​កម្ពុជា នាចុង​ឆ្នាំ​២០១៧នេះ។
ដោយ
Advertisement

ខេមបូណូមីស បាន​ជួប​សន្ទនា​ជាមួយ​លោក ង៉ែត ជូ ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ របស់​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Emerging Markets Consulting (EMC)។ ហើយ​ខាង​ក្រោម​នេះ ជា​ខ្លឹមសារ​នៃ​កិច្ច​សន្ទនា៖  

ខេមបូណូមីស ៖ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ផ្សារ​លក់​ទំនិញ​ធំ​បំផុត​នៅ​ថៃ ផ្សារ Makro នឹង​មក​បើក​នៅ​កម្ពុជា។ តើ​ចំពោះ​អ្នក​ប្រើ​ប្រាស់នៅ​ស្រុក​ខ្មែរ​ វា​មាន​ប្រយោជន៍​អ្វីខ្លះ? 

ង៉ែត ជូ ៖ សម្រាប់​អ្នក​ប្រើប្រាស់ដែល​មាន​លទ្ធភាព​ទិញ​ផលិតផល​ដែល​ផ្ដល់​ដោយ​ផ្សារ​នេះ វា​ជា​រឿង​ល្អ ពីព្រោះ​យើង​មាន​អ្នក​ផ្គត់ផ្គង់​ជា​ក្រុមហ៊ុន​ដែល​មាន​ការទទួលខុសត្រូវ។ មានន័យថា អតិថិជន​អ្នក​ប្រើប្រាស់​អាច​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួលខុសត្រូវ ប្រសិន​បើ​ផលិតផល​ដែល​ពួកគេ​ទិញ​យក​ទៅ​ប្រើ​ប្រាស់​កើត​មាន​បញ្ហា​អ្វីមួយ (ឧ. គុណភាពទំនិញ កាលបរិច្ឆេទ​ប្រើ​ប្រាស់ ជាដើម)។

ខេមបូណូមីស ៖ ចុះ​ចំពោះ​ផ្សារ​ទំនិញ​តូចៗ នៅ​កម្ពុជា តើ​អាច​នឹង​មាន​បញ្ហា​អ្វីខ្លះ ទាក់ទងនឹង​ការ​ប្រកួតប្រជែង ? 

​លោក ង៉ែត ជូ ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ របស់​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Emerging Markets Consulting (EMC)។

ង៉ែត ជូ ៖ ផ្សារ​ទំនិញ​តូចៗ​នៅ​ក្នុងស្រុក ពួកគេ​នឹង​ជួប​ប្រទះ​ការលំបាក ទាក់ទង​នឹង​ការ​ប្រកួត​ប្រជែង ប្រសិន​បើ​ពួកគេ​មិន​ផ្ដល់​នូវ​មុខ​ទំនិញ​ដែល​ខុសប្លែក​ពីគេ និង​មាន​គុណភាព​ខ្ពស់​ ដើម្បី​ប្រជែង​ជាមួយ​ផ្សារ​ធំ​ដែល​ទើប​ចូល​មក​ថ្មី​ទេ​នោះ។ 

ផ្សារ​ដែល​មាន​ស្រាប់​ត្រូវតែ​ងាក​ទៅ​ផ្ដល់​នូវ​មុខ​ទំនិញ​ថ្មី ដែល​ខុស​ពី​អ្វី​ដែល​ផ្សារ​យក្ស​មួយ​នេះ​ផ្ដល់ បើ​មិន​ដូច្នេះ​ទេ អាជីវកម្មរបស់ពួកគេ​អាច​នឹង​រលំ។ 

ខេមបូណូមីស ៖ ក្រៅពី​ចាំតែ​ទិញ​ពីគេ កម្ពុជា​គួរ​ខំ​ធ្វើអ្វី​ខ្លះ​ដើម្បី​ផលិត​ លក់ក្នុងស្រុក និង​នាំ​ចេញ ឲ្យ​បាន​ច្រើន ?

ង៉ែត ជូ ៖ ពិតណាស់ កម្ពុជា​ត្រូវតែ​ឆ្លាតវៃ ធ្វើ​យ៉ាងណា​ចាប់​យក​ឱកាស​​ប្រើ​ប្រាស់​ផ្សារ​បោះ​ដុំ​ទំនិញ​មក​ពី​ថៃនេះ ធ្វើ​ជា​ច្រក​ចែកចាយ​ដែល​អាច​ទុក​ចិត្ត​បាន​សម្រាប់​ផលិតផល​ក្នុង​ស្រុក។ ប៉ុន្តែ រដ្ឋាភិបាល​ត្រូវ​ខំប្រឹង​ឲ្យ​បាន​ខ្លាំង ក្នុង​ការ​កែ​លម្អ​គុណភាព​និង​ការ​វេចខ្ចប់​ផលិតផល​ក្នុង​ស្រុក។ 

នេះ​គឺ​ជា​តួនាទីរបស់ក្រសួង​ពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ។ មែនទែនទៅ វា​ជា​ឱកាស​ដ៏​ល្អមួយ ប៉ុន្តែ បើ​រដ្ឋាភិបាល​បរាជ័យ​លើ​កិច្ចការ​នេះ ផលិតផល​ក្នុង​ស្រុក​យើង​នឹង​មិន​អាច​ឈាន​ជើង​ចូល​ទៅ​ក្នុង​ទីផ្សារ​ដែលមាន​តម្លៃ​ខ្ពស់​បែប​នេះ​ឡើយ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហា​សេដ្ឋី​ខ្មែរ​ចាប់​ដៃគូ​ជាមួយ​មហា​សេដ្ឋី​លេខ​១​ថៃ សាង​សង់​ផ្សារ​ទំនើប​បោះ​ដុំ​ទំនិញ​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា

ព័ត៌មាន
ពិត​ជា​អស់​មន្ទិល​សង្ស័យ​ហើយ នៅ​ទីផុត ផ្សារ​ទំនើប Makro ដែល​ជា​ផ្សារ​បោះ​ដុំ​ទំនិញ​ធំ​ជាង​គេ​របស់​ថៃ បាន​ចាប់​ផ្តើម​សាង​សង់​នៅ​...

ធនាគារ​ធំ​បំផុត​ទី៣​របស់​ជប៉ុនបោះ​ទុន​ជាង៥០លាន​ដុល្លារ​ បើក​សាខា​នៅ​កម្ពុជា

ព័ត៌មាន
ជា​ផ្លូវការហើយ​ ធនាគារ Mizuho (មីហ្ស៊ូហូ) ដែល​ជា​ធនាគារ​ធំ​ជាង​គេ​បំផុត​ទី៣ នៅ​ជប៉ុន បើក​សម្ពោធ​សាខារបស់​ខ្លួន នៅ​រាជ​ធានី​ភ្នំ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ