វិស័យធនាគារ

ឥណទានមិនដំណើរក្នុងវិស័យធនាគារកើនឡើង៦,៨% នៅឆមាសទី១ឆ្នាំនេះ តើមកពីមូលហេតុអ្វី?


លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអះអាងថា កំណើនឥណទាននៅកម្ពុជាបានថយចុះជាបន្តបន្ទាប់ដល់កម្រិតទាបក្នុងអត្រា២,៦% នៅឆមាសទី១ឆ្នាំ២០២៤នេះ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ។ ជាមួយគ្នានេះ អនុបាតឥណទានមិនដំណើរការនៅក្នុងរយៈពេលដូចគ្នានេះហាក់មាននិន្នាការកើនឡើងជាបន្តបន្ទាប់ដល់ប្រមាណ៦,៨% ចំពោះវិស័យធនាគារ និងប្រមាណ៨,៣% ចំពោះវិស័យមីក្រូហិរញ្ញវត្ថុ។ តើមានកត្តាអ្វីជំរុញឱ្យឥណទានមិនដំណើរការមានការកើនឡើងនៅឆមាសទី១ឆ្នាំនេះយ៉ាងដូច្នេះ?
វិស័យធនាគារ
ដោយ

នាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជាបានគូសបញ្ជាក់ថា កំណើនឥណទាននៅកម្ពុជា មានការធ្លាក់ចុះជាបន្តបន្ទាប់ តួយ៉ាងនៅក្នុងឆមាសទី១ឆ្នាំ២០២៤ នេះ គឺបានថមថយមកនៅត្រឹមអត្រា២,៦% ដែលជាកម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ។

បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ ការធ្លាក់ថមថយកំណើនឥណទាននេះ គឺបណ្ដាលមកពីការបង្កើនភាពប្រុងប្រយ័ត្នជាងមុនក្នុងការផ្តល់ឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងតំបន់ ក៏ដូចជាស្របពេលដែលមានការងើបឡើងយឺតនៃវិស័យមួយចំនួនផងដែរ។

ជាមួយគ្នានេះ លោកជំទាវ ជា សិរី បានបញ្ជាក់ដែរថា អនុបាតឥណទានមិនដំណើរការនៅក្នុងឆមាសទី១ឆ្នាំនេះ គឺមាននិន្នាការកើនឡើងជាបន្តបន្ទាប់ ពោលគឺសម្រាប់វិស័យធនាគារបានកើនឡើងដល់ប្រមាណ៦,៨% ខណៈវិស័យមីក្រូហិរញ្ញវត្ថុបានកើនឡើងប្រមាណ៨,៣%។

កត្តាដែលជំរុញឱ្យអនុបាតឥណទានមិនដំណើរមានការកើនឡើង ត្រូវបានថ្នាក់ដឹកនាំរូបនេះអះអាងថា អាចមួយផ្នែកបណ្តាលមកពីការថមថយល្បឿននៃកំណើនឥណទាន។ តែយ៉ាងណា កំណើនឥណទានមិនដំណើរការនេះ នៅតែបន្តស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ហើយធនាគារជាតិនៃកម្ពុជា ក៏បានតាមដាន និងវាយតម្លៃជាប្រចាំនូវហានិភ័យឥណទាន ក៏ដូចជាហានិភ័យពាក់ព័ន្ធនានាផងដែរ។

ជាមួយគ្នានេះ លោកជំទាវ ជា សិរី បានបញ្ជាក់ដែរថា ដើម្បីពង្រឹងការការពារហានិភ័យឥណទានក្រោយពីឥណទានមិនដំណើរការកើនឡើង សំវិធានធនក៏បានបង្កើន ហើយការកើនឡើងសំវិធានធន គួបផ្សំនឹងការថយចុះកំណើនឥណទាន បានបន្ថយលទ្ធភាពស្វែងរកប្រាក់ចំណេញគួរឱ្យកត់សម្គាល់ផងដែរ។ ដូច្នេះនៅក្នុងបរិការណ៍នេះ លោកជំទាវ បន្តលើកទឹកចិត្តឱគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុរួមបញ្ចូលគ្នា ដើម្បីពង្រឹងភាពរឹងមាំនៃគ្រឹះស្ថាន ក៏ដូចជាប្រព័ន្ធធនាគារទាំងមូល។

ថ្នាក់ដឹកនាំរូបនេះបានបញ្ជាក់ដែរថា ក្នុងស្ថានភាពនេះ បទប្បញ្ញត្តិអនុគ្រោះត្រូវបានបន្តអនុវត្តដោយប្រុងប្រយ័ត្ន សំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ ស្របពេលដែលការត្រួតពិនិត្យ និងការធ្វើស្ត្រេសតេស្តលើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវបានធ្វើឡើងជាប្រចាំ ដែលលទ្ធផលបានបង្ហាញថា ប្រព័ន្ធធនាគារកម្ពុជា រក្សាបានភាពរឹងមាំ។ ជាក់ស្តែង អនុបាតភាពគ្រប់គ្រាន់នៃដើមទុនមានកម្រិតខ្ពស់ដល់ទៅ២២,៦%សម្រាប់វិស័យធនាគារ និង២៧,៧% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ដែលខ្ពស់ជាងកម្រិតកំណត់១៥% ដែលបង្ហាញពីភាពរឹងមាំនៃដើមទុន៕

None



អត្ថបទបន្ទាប់


តើអនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស ជានរណា?

ក្រោយលោក ចូ បៃដិន ប្រកាសមិនបន្តឈរឈ្មោះក្នុងបោះឆ្នោតអាណត្តិទី២ លោកបានប្រកាសគាំទ្រអនុប្រធានាធិបតីរបស់លោក គឺលោកស្រី កាម៉ាឡា ហារីស ឱ្យធ្វើជាប…

តើការដកខ្លួនភ្លាមរបស់លោក ចូ បៃដិន ធ្វើឱ្យទីផ្សារភាគហ៊ុននៅអាស៊ីរងការរង្គោះរង្គើបែបណា?

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃដិន បានសម្រេចដកខ្លួនចេញពីការប្រជែង ដើម្បីបន្តតំណែងប្រធានាធិបតីក្នុងអាណត្តិទី២ ហើយបានប្រកាសគាំទ្រលោកស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ