ថ្មីៗនេះ រដ្ឋបាលចំណីអាហារ និងឱសថនៃរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាម៉េរិក បានប្រកាសប្រមូលយកអយស្ទ័រវិញ និងអំពាវនាវឱ្យពលរដ្ឋផ្អាកញាំ ក្រោយពីបានរកឃើញថា ប្រភពវីរុសឆ្លង Norovirus ផ្ទុកនៅក្នុងអយស្ទ័រដែលនឹងឆ្លងវីរុស ប្រសិនបើទទួលទាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times។
ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា មនុស្សសរុបចំនួន១,៤៣៦នាក់នៅក្នុងស្រុកក្លែង ខេត្តរ៉ាក់យ៉ង ប្រទេសថៃ បានធ្លាក់ខ្លួនឈឺដោយមានរោគសញ្ញារាករូស បន្ទាប់ពីផឹកទឹក និងទឹកកកដែលមានផ្ទុកវីរុស ។ មន្ត្រីសុខាភិបាលក្នុងមូលដ្ឋានបានរាយការណ៍ថា វីរុស Norovirus ដែលល្បីថា ឆ្លងយ៉ាងរហ័សបានកើតមានទៅលើកូនសិស្សភាគច្រើន។
លោកស្រី ធីទី សាវែងថាម (Thiti Sawaengtham) អគ្គនាយករងនៃក្រសួងសុខាភិបាលថៃ បានពន្យល់ថា វីរុស Norovirus ឆ្លងរាលដាលយ៉ាងរហ័ស ជាពិសេសក្នុងចំណោមកុមារដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ហើយច្រើនកើតមានក្នុងរដូវរំហើយ ឬរដូវរងា។ វីរុសនេះត្រូវបានរកឃើញភាគច្រើននៅតាមភោជនីយដ្ឋាន សាលារៀន និងសូម្បីនៅតាមប្រព័ន្ធដឹកជញ្ជូនសាធារណៈដូចជាឡានក្រុងជាដើម។
ខុសពីវីរុសទូទៅ វីរុស Norovirus ឆ្លងរាលដាលយ៉ាងងាយស្រួលតាមរយៈការប៉ះពាល់ផ្ទៃដែលមានភាពកខ្វក់ ចំណីអាហារ និងការប៉ះពាល់ផ្ទាល់ជាមួយអ្នកឆ្លងវីរុសនេះ។ អ្នកជំនាញបានបញ្ជាក់ថា វីរុសនេះធន់នឹងកម្ដៅ ធន់នឹងថ្នាំសម្លាប់មេរោគ និងទឹកអាកុលលាងដៃ ពោលគឺវាមិនងាយងាប់នោះឡើយ។
រោគសញ្ញានៃការឆ្លងវីរុសនេះនឹងលេចឡើងក្នុងរយៈពេលចន្លោះពី១២ម៉ោង ទៅ៤៨ម៉ោង ហើយជាទូទៅ វាបង្កឱ្យមានអាការៈក្អួតចង្អោរ ក្តៅខ្លួន ឈឺក្បាល ឈឺខ្លួន និងរាករូស ហើយក្នុងករណីធ្ងន់ធ្ងរជាងនេះ អ្នកជំងឺអាចខ្សោះជាតិទឹកក្នុងខ្លួន។ ទោះជាយ៉ាងណា ភាគច្រើនអ្នកជំងឺអាចធូរស្បើយ ក្នុងអំឡុងពេល២ទៅ៣ថ្ងៃ បន្ទាប់ពីឆ្លងវីរុស Norovirus ពោលគឺមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។
ក្រុមអ្នកជំនាញផ្នែកសុខភាពបានសង្កត់ធ្ងន់ថា ដើម្បីការពារខ្លួន និងសមាជិកគ្រួសារពីការឆ្លងវីរុសនេះ គួរអនុវត្តវិធានការអនាម័យឱ្យបានខ្ជាប់ខ្ជួនដូចជា លាងសម្អាតដៃនឹងសាប៊ូ បន្ទាប់ពីប្រើបន្ទប់ទឹករួច ឧស្សាហ៍លាងសម្អាតផ្ទៃដែលយើងអាចប៉ះពាល់ញឹកញាប់ នៅឱ្យឆ្ងាយពីអ្នកជំងឺឆ្លងវីរុស Norovirus និងចៀសវាងកន្លែងមានមនុស្សច្រើនអ៊ូអរជាដើម នៅអំឡុងពេលផ្ទុះការឆ្លងវីរុស Norovirus៕
ដោយ: តែម សុខុម