រដ្ឋធម្មនុញ្ញកម្ពុជា

កម្ពុជារៀបចំខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ


នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ កម្ពុជាបានប្រារព្ធព្រះរាជធិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នាឱកាសដ៏វិសេសវិសាលនៃព្រះរាជពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ បានថ្លែងសារកោតសរសើរចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រុមប្រឹក្សាធម្មនុញ្ញគ្រប់អាណត្តិ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានអាយុ៣០ឆ្នាំគត់
ដោយ

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានសព្វព្រះទ័យយាងជាធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ។ នាឱកាសថ្លែងសារអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានផ្តួចផ្តើមឱ្យមានការរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ និងធ្វើដំណើរទៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីឆ្លងព្រះរាជតម្រិះចុងក្រោយរបស់ព្រះបរមរនតកោដ្ឋ។

ទន្ទឹមនឹងនោះ ព្រះមហាក្សត្រ បានអរគុណ និងកោតសរសើរជាទីបំផុតចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សហស្ថាបនិកដ៏អស្ចារ្យប៉ិនប្រសប់ និងឈ្លាសវៃ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តួចផ្តើមឱ្យមានការរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ឡើងមក។ ព្រះអង្គបានមានព្រះបន្ទូលថា ក្រោយសេចក្តីព្រាងបានរៀបចំរួចរាល់ហើយ គណៈប្រតិភូជាន់ខ្ពស់មួយក្រុម ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ មានឥស្សរជនមួយចំនួន ជាក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងខែសីហា ឆ្នាំ១៩៩៣ បានធ្វើដំណើរទៅព្រះរាជដំណាក់នៅទីក្រុងព្យុងយ៉ាង នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដើម្បីឆ្លងព្រះរាជតម្រិះចុងក្រោយពីព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ «ព្រះករុណា ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ព្រះអង្គមានព្រះរាជបន្ទូលបន្តថា ពេលបានទទួលការប្រោសព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត ដែលឆ្លងរួចហើយ នោះក៏បានយកសេចក្ដីព្រាងរដ្ឋធម្មនុញ្ញនេះ មកឆ្លងការអនុម័តរបស់សភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ទើបកើតចេញជារដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិ រហូតមកដល់បច្ចុប្បន្ន និងបន្តទៅមុខទៀត ដែលត្រូវបានគោរព និងប្រតិបត្តិតាមច្បាប់កំពូលនេះរហូតមក ដែលយើងទាំងអស់គ្នា កំណត់យកថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំជាទិវាប្រកាសរដ្ឋធម្មនុញ្ញ។ ហើយសភាធម្មនុញ្ញបានត្រឡប់មកជារដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មក។ ព្រះអង្គមានជំនឿយ៉ាងមុតមាំថា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ គ្រប់ស្ថាប័ន ជាតិ នឹងបន្តបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាដល់កិច្ចអភិវឌ្ឍន៍ប្រជាជាតិ ឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍជាតិឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្លាយជាប្រទេសរីកចម្រើនរឹងមាំ ប្រជារាស្ត្រខ្មែរមានជីវភាពធូរធារសម្បូណ៍រុងរឿង រស់ក្នុងសុខសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តទៅ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានអាយុ៣០ឆ្នាំគត់។ តាមរយៈការអនុវត្តរដ្ឋធម្មនុញ្ញ ក្នុងអំឡុងពេល ៣០ឆ្នាំកន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធផលដ៏ធំធេង ប្រកបដោយភាពជោគជ័យត្រចះត្រចង់ ដែលញាំងឱ្យប្រជារាស្ត្របាន និងកំពុងរស់នៅក្នុង សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ករណីគ្រូបង្រៀនគួរ នៅតែបង្កក្ដីបារម្ភចំពោះការកែទម្រង់វិស័យអប់រំ

ព័ត៌មាន
ដើម្បីរួមចំណែកជួយធ្វើកំណែកំណែទម្រង់ប្រព័ន្ធអប់រំនៅតាមសាលារដ្ឋនៅកម្ពុជាឱ្យកាន់តែមានគុណភាពល្អប្រសើរ អ្នកជំនាញក្នុងវិស័យអប់រំ ស្នើឱ្យរាជរដ្ឋាភ…

ជប៉ុនប្រគល់អគារមណ្ឌលផ្ដល់សេវាផ្នែកវះកាត់ថ្មី តម្លៃជាង១៩លានដុល្លារ ឱ្យខេត្តសៀមរាប

ព័ត៌មាន
អគារមណ្ឌលផ្ដល់សេវាផ្នែកវះកាត់ថ្មី នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបតម្លៃជាង១៩លានដុល្លារ ក្រោមជំនួយរាជរដ្ឋាភិបាលជប៉ុន ត្រូវបានបញ្ចប់ការសាងសង់១…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ