កូរ៉េខាងជើងថែមទាំងបានចាត់ទុក ប្រមុខដឹកនាំក្រុងសេអ៊ូលថ្មីរូបនេះ ថា កំពុងធ្វើឲ្យកូរ៉េទាំងពីរប្រឈមមុខគ្នាកាន់តែខ្លាំងហើយនៅពេលនេះ។
ទោះយ៉ាងណាក្តី ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង មិនទាន់ធ្វើអត្ថាធិប្បាយជាផ្លូវការលើការប្តេជ្ញាចិត្តរបស់លោក យ៉ូន សុកយ៉ូលនោះទេ។ ប្រធានាធិបតីទើបជាប់ឆ្នោតរូបនេះ ជាអ្នកអភិរក្សនិយម ហើយគ្រោងនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី ១០ខែឧសភា ប៉ុន្តែគេហទំព័រ យូរីមីនហ្សូគីរី(Uriminzokkiri) ដែលជាគេទំព័រមានប្រភពពីកូរ៉េខាងជើង បានចេញមកបរិហារយ៉ាងចាស់ដៃនៅមុនការចូលកាន់តំណែងរបស់លោកយ៉ូន។
គេត្រូវដឹងថា លោក យ៉ូន មានគោលជំហរមិនដូចលោក ម៉ូនចេអ៊ីន ដែលទើបចប់អាណត្តិទៅនោះទេ។ លោក ម៉ូន ចេអ៊ីន តែងចង់ស្តារទំនាក់ទំនងរវាងកូរ៉េទាំងពីរឡើងវិញ ទាំងជាមួយវត្តមានអាមេរិក និងទាំងទ្វេភាគី។ ប៉ុន្តែផ្ទុយស្រឡះ លោកយ៉ូន ក្រោយការបោះឆ្នោតបានចាត់ទុកកូរ៉េខាងជើងជាសត្រូវទីមួយ ហើយថា នឹងអាចវាយប្រហារព្យុងយ៉ាងដោយឥតព្រៀងទុកថែមទៀត បើសិនជាសេអ៊ូលមានការគម្រាមកំហែងពីការវាយប្រហារនោះ។
គួរកត់សម្គាល់ដែរថា កាលពីថ្ងៃពុធ កូរ៉េខាងជើងបានសាកល្បងមីស៊ីលជាលើកទី១៤ក្នុងដើមឆ្នាំនេះ ហើយទំនងជាមីស៊ីលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានថែមទៀត។ ការសាកល្បងនេះ ទំនងជាសកម្មភាពផ្គើនរបស់របបផ្តាច់ការក្រុងព្យុងយ៉ាង នៅមុនពេលលោក យ៉ូន សុកយ៉ូលចូលកាន់តំណែងនៅថ្ងៃទី១០។
គួរជម្រាបថា នៅបន្ទាប់ពីចូលកាន់តំណែងជាផ្លូវការ លោកយ៉ូននឹងទទួលជួបសមភាគីអាមេរិក គឺលោក ចូ បៃឌិន ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅចុងខែនេះ ដែលគេគ្រោងនឹងពិភាក្សាលើបញ្ហាជាច្រើន រួមទាំងបញ្ហាកូរ៉េខាងជើងផងដែរ៕