ទោះយ៉ាងណា ប្រទេសជប៉ុន បានសម្តែងការភ្ញាក់ផ្អើលនិងព្រួយបារម្ភជាថ្មី ខណៈនៅមួយសប្តាហ៍ទៀត សមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូងនឹងចាប់ផ្តើមធ្វើឡើង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
កូរ៉េខាងជើង បានបាញ់មីស៊ីលមួយគ្រាប់ ជាមីស៊ីលអន្តរទ្វីប បាញ់រយៈចម្ងាយឆ្ងាយ តម្រង់ឆ្ពោះមកភាគខាងកើត។ វាហោះលើអាកាសដល់ទៅជាង ១ ម៉ោង និងហោះបានចំងាយប្រមាណជាង ៩០០គីឡូម៉ែត្រ។ នេះបើតាម នាយករដ្ឋមន្ត្រីជប៉ុន និងអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Hirokazu Matsuno។
ដោយឡែក ពីភាគីកូរ៉េខាងជើងវិញ អះអាងថា សមយុទ្ធបាញ់មីស៊ីលដ៏គួរឱ្យភ្ញាក់ផ្អើលនេះ គឺជាភស្តុតាងជាក់ស្តែងនៃកិច្ចខិតខំប្រឹងប្រែងជាប់លាប់របស់កងកម្លាំងនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង ដើម្បីបង្វែរសមត្ថភាពនៃការវាយលុកដោយនុយក្លេអ៊ែរ ទៅលើកងកម្លាំងអរិភាពរបស់បរទេស។ នេះបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA។
គ្រាប់មីស៊ីលរបស់ទីក្រុងព្យុងយ៉ាង បានធ្លាក់នៅសមុទ្រជប៉ុន នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុនតែម្តង គឺក្បែរនឹងកោះហុកដៃដូ ចំងាយប្រមាណតែ ២០០ គីឡូម៉ែត្រប៉ុណ្ណោះ ដែលចំងាយនេះ គឺមិនធ្លាប់មានពីមុនមកទេ។ កាលពីឆ្នាំមុន កូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់ដែរ តែធ្លាក់ក្នុងចម្ងាយជាង ៣៧០ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រជប៉ុន ដូច្នេះ គ្រាប់មីស៊ីលលើកនេះ គឺកាន់តែកៀកនឹងប្រទេសជប៉ុន។
ភាគីសហរដ្ឋអាមេរិក មន្ត្រីអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខវិមានប្រធានាធិបតី បានប្រតិកម្មនៅថ្ងៃសៅរ៍ទី១៨ខែកុម្ភៈថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង គ្មានប្រយោធន៍អ្វី ក្រៅតែពីបង្កើនភាពតានតឹន និងបង្កគ្រោះថ្នាក់ដល់ស្ថិរភាពនិងសន្តិសុខនៅក្នុងតំបន់តែប៉ុណ្ណោះ។ មន្ត្រីអាមេរិកដដែល ថ្កោលទោសទៀតថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជជាតិ ត្រូវ របបក្រុងព្យុងយ៉ាង បន្តរំលោភបំពាន ជាច្រើនលើកច្រើនសារ។
ក្រុមអ្នកវិភាគបាននិយាយថា កូរ៉េខាងជើងទំនងជានឹងធ្វើការសាកល្បងអាវុធបន្ថែមទៀត រួមទាំងមីស៊ីលឥន្ធនៈរឹងថ្មី ដែលអាចជួយកូរ៉េខាងជើងដាក់ពង្រាយកាំជ្រួចរបស់ខ្លួនបានលឿនជាងមុនក្នុងករណីមានសង្រ្គាម។
សូមជម្រាបថា ការសាកល្បងមីស៊ីលរបស់ព្យុងយ៉ាង ធ្វើឡើងមុនតែមួយសប្តាហ៍ប៉ុណ្ណោះ នៃការត្រៀមធ្វើសមយុទ្ធយោធារវាងសម្ព័ន្ធមិត្ត អាមេរិក កូរ៉េខាងត្បូង ជប៉ុន ខណៈដែលសមយុទ្ធយោធានេះ កូរ៉េខាងជើង តែងប្រតិកម្មថ្កោលទោស គ្រប់ពេលដូចគ្នា៕