ក្រុមហ៊ុន Vietnam Airlines កំពុងប្រឈមនឹងការដកចេញពីផ្សារភាគហ៊ុននៅប្រទេសវៀតណាម

Vietnam Airlines កំពុងប្រឈមនឹងការលុបឈ្មោះចេញពីផ្សារភាគហ៊ុន ក្រោយខាតបង់ប្រាក់ជិត១ពាន់លានដុល្លារនៅ២ឆ្នាំចុងក្រោយ


ក្រុមហ៊ុន Vietnam Airlines កំពុងប្រឈមនឹងការដកចេញពីផ្សារភាគហ៊ុននៅប្រទេសវៀតណាមមែនទែនហើយនាពេលនេះ ក្រោយពីក្រុមហ៊ុនបានប្រកាសពីការខាតបង់ប្រាក់ចំណូលសរុបចំនួនជិត៤៤០លានដុល្លារ កាលពីចុងឆ្នាំ២០២២។ ដោយឡែក សម្រាប់ឆ្នាំ២០២១វិញ ទឹកប្រាក់ខាតបង់សរុបមានចំនួនជាង៥៥០លានដុល្លារ នាំឲ្យនៅ២ឆ្នាំចុងក្រោយនេះក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋមួយនេះបានខាតបង់ប្រាក់អស់ដល់ទៅជិត១ពាន់លានដុល្លារឯណោះ។
ក្រុមហ៊ុន Vietnam Airlines កំពុងប្រឈមនឹងការដកចេញពីផ្សារភាគហ៊ុននៅប្រទេសវៀតណាម

ការខាតបង់ជាបន្តបន្ទាប់នេះ បានបំពានទៅលើលក្ខខណ្ឌ ហើយក៏តម្រូវឱ្យលុបឈ្មោះក្រុមហ៊ុន ចេញពីបញ្ជីផ្សារភាគហ៊ុនក្នុងប្រទេសវៀតណាមរួចទៅហើយ ព្រោះបើតាមច្បាប់ ប្រសិនបើក្រុមហ៊ុនណាមានការបាត់បង់សុទ្ធសម្រាប់រយៈពេល ៣ឆ្នាំជាប់ៗគ្នា ឬការខាតបង់សរុប លើសពីដើមទុនភាគហ៊ុនរបស់ខ្លួន នោះក្រុមហ៊ុននោះត្រូវតែលុបឈ្មោះចេញពីបញ្ជីតែម្ដង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NIKKEI។

ទោះបីជាបរិយាកាសធុរកិច្ចមានភាពប្រសើរឡើងវិញក៏ដោយ ក៏ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានប្រកាសពីការខាតបង់សុទ្ធចំនួន ១០៨ លានដុល្លារ សម្រាប់រយៈពេលបីខែចុងក្រោយឆ្នាំ២០២២ ពោលគឺគិតត្រឹមខែធ្នូឆ្នាំមុន ហើយក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២១ បានខាតបង់ចំនួន ៤៩លានដុល្លារ។

កាលពីឆ្នាំ២០១៩ រដ្ឋាភិបាលវៀតណាមបានកាន់កាប់ចំណែក ៨៦% នៃក្រុមហ៊ុនអាកាសចរ​ណ៍វៀតណាមដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនហូជីមិញ ខណៈក្រុមហ៊ុន ANA Holdings របស់ប្រទេសជប៉ុនមានភាគហ៊ុន​ប្រហែល ៥,៦% នៅក្នុងក្រុមហ៊ុនមួយនេះ។

គួរជម្រាបថា វៀតណាមបានបន្ធូរបន្ថយ ការរឹតបន្តឹងវិធានការទាក់ទងទៅនឹងកូវីដ១៩បានលឿនជាងប្រទេសជិតខាងនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទៅទៀត ហើយចំនួនភ្ញៀវទេសចរក្នុងស្រុកវិញមានប្រហែល ១០២លាននាក់ លើសពីតួលេខមុនការរាតត្បាតនៅឆ្នាំ ២០១៩ ទៀត ។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានចាប់ផ្ដើមជើងហោះហើរអន្តរជាតិឡើងវិញជាបណ្តើរៗ ដែលធ្វើឱ្យក្រុមហ៊ុនទាំងនោះរកចំណូលបានមកវិញជាបណ្តើរៗដូចគ្នា។ ប៉ុន្តែ​ក្រុមហ៊ុន​ត្រូវ​ចំណាយ​ប្រាក់​បន្ថែម​សម្រាប់​សង​បំណុល​ដោយសារតែលុយ​ដុង​ធ្លាក់ចុះ ដោយសារការសងបំណុលត្រូវ​គិត​ជា​ប្រាក់​ដុល្លារ និង​អត្រា​ការ​ប្រាក់កើនឡើងផងដែរ។​ ម៉្យាងវិញទៀត វៀតណាមក៏​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ឡើង​ថ្លៃ​ប្រេង​ដែល​បណ្តាល​មក​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​មក​លើអ៊ុយក្រែន​។

សូមជម្រាបថា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Vietnam Airlines នៅពេលនេះបាននឹងកំពុងរិះរកវិធីដើម្បីជៀសវាងការលុបឈ្មោះចេញពីផ្សារហ៊ុន។ Vietnam Airlines ជឿថាគេមាន​សមត្ថភាព​គ្រប់គ្រាន់ក្នុង​ការ​រក​ប្រាក់​ចំណូល​ឡើង​វិញនៅឆ្នាំ ២០២៣នេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននៅតែព្រួយបារម្មណ៍ពីការប្រកួតប្រជែងពីក្រុមហ៊ុនអាកាសចរណ៍ VietJet Air ដែលជាក្រុមហ៊ុនធំជាងគេមួយនៅវៀតណាម និងក៏ដូចជាក្រុមហ៊ុន Bamboo Airways៕




អត្ថបទបន្ទាប់


Tesla ប្រកាសប្រមូលឡានដល់ទៅជាង ៣៦ម៉ឺនគ្រឿងចូលរោងចក្រវិញ ក្រោយមានបញ្ហាលើប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ

ព័ត៌មាន
ក្រុមហ៊ុន Tesla កំពុងប្រកាសប្រមូលរថយន្តខ្លួនមកវិញចំនួនជាង៣៦ម៉ឺនគ្រឿង។ ការប្រកាសប្រមូលមកវិញនេះ គឺដោយសាររថយន្តទាំងនោះ មានបំពាក់ដោយកម្មវិ…

អាមេរិកពិចារណាដាក់ពង្រាយដ្រូនប្រឆាំងនាវាចម្បាំងនៅជប៉ុន

ព័ត៌មាន
កងទ័ពម៉ារីនរបស់សហរដ្ឋអាមេរិកបាននិងកំពុងពិចារណាពង្រីកការដាក់ពង្រាយដ្រូនពិឃាត ឬដែលគេស្គាល់ថា ជាយន្តហោះដ្រូនបំផ្ទុះខ្លួនឯង នៅក្នុងតំបន់ឥណ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ