កូរ៉េខាងជើង-ជប៉ុន

កូរ៉េខាងជើងរិះគន់យុទ្ធសាស្ត្រសន្តិសុខថ្មីរបស់ជប៉ុន និងព្រមានពីវិធានការយោធាដើម្បីឆ្លើយតប


ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងនៅថ្ងៃទី ២០ខែធ្នូនេះ បានធ្វើការថ្កោលទោសចំពោះយុទ្ធសាស្ត្រសន្តិសុខថ្មីរបស់ប្រទេសជប៉ុនថា ជាការផ្លាស់ប្តូរជាមូលដ្ឋានមួយនៃបរិយាកាសសន្តិសុខក្នុងតំបន់ ហើយបានព្រមានថា កូរ៉េខាងជើងនឹងធ្វើសកម្មភាពមិនជាក់លាក់មួយចំនួន ដើម្បីបង្ហាញថាតើជម្រើសថ្មីរបស់ជប៉ុននេះ «មានភាពខុសឆ្គងនិងគ្រោះថ្នាក់»ក្នុងកម្រិតប៉ុនណា។
កូរ៉េខាងជើងរិះគន់យុទ្ធសាស្ត្រសន្តិសុខថ្មីរបស់ជប៉ុន និងព្រមានពីវិធានការយោធាដើម្បីឆ្លើយតប

ការថ្កោលទោសរបស់កូរ៉េខាងជើងចំពោះយុទ្ធសាស្ត្រសន្តិសុខថ្មីរបស់ប្រទេសជប៉ុននេះបានធ្វើឡើងនៅពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីជប៉ុនបានបង្ហាញពីមហិច្ឆតាកសាងកម្លាំងយោធាដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីសង្គ្រាមលោកលើកទី២មក ខណៈដែលភាពតានតឹងក្នុងតំបន់ និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានបង្កឱ្យមានការភ័យខ្លាចពីការរាលដាលសង្គ្រាមនាពេលអនាគត។

មន្ត្រីនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជប៉ុនកំពុងនាំមកនូវវិបត្តិសន្តិសុខដ៏ធ្ងន់ធ្ងរមួយនៅឧបទ្វីបកូរ៉េ និងនៅក្នុងតំបន់អាស៊ីបូព៌ា ដោយប្រកាន់យកនូវយុទ្ធសាស្ត្រសន្តិសុខថ្មីមួយ ដែលទទួលស្គាល់ប្រកបដោយប្រសិទ្ធភាពពីសមត្ថភាពវាយប្រហារទប់ស្កាត់ជាមុនរបស់ខ្លួនទៅលើប្រទេសដទៃទៀត។

មន្ត្រីរូបនេះបាននិយាយថា បរិយាកាសសន្តិសុខនៅក្នុងតំបន់បាន«ផ្លាស់ប្តូរជាមូលដ្ឋាន»ដោយសារតែគោលនយោបាយថ្មីរបស់ប្រទេសជប៉ុន ដោយមន្ត្រីរូបនេះបានថ្កោលទោសទង្វើនេះថា ជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងជា«ការប្រឈមដ៏ធ្ងន់ធ្ងរ» ចំពោះសន្តិភាពអន្តរជាតិ។

មន្ត្រីនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងរូបនេះបាននិយាយទៀតថា ទីក្រុងព្យុងយ៉ាងមានសិទ្ធិចាត់វិធានការយោធាយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់ដើម្បីការពារសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងបរិយាកាសសន្តិសុខក្នុងតំបន់ដ៏ស្មុគស្មាញនេះ ហើយជប៉ុននឹងដឹងក្នុងពេលឆាប់ៗនេះជាមួយភាពតក់ស្លុតដែលជប៉ុនបានធ្វើជាមួយជម្រើសដ៏ខុសឆ្គង និងគ្រោះថ្នាក់ខ្លាំងបំផុតនេះ។

ផែនការរយៈពេល៥ឆ្នាំរបស់ទីក្រុងតូក្យូដ៏មិននឹកស្មានដល់ គឺមានមហិច្ឆតានឹងធ្វើឱ្យជប៉ុនក្លាយជាប្រទេសដែលចំណាយលើយោធាច្រើនជាងគេលំដាប់ទី៣ នៅក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងចិនដោយផ្អែកលើថវិកាបច្ចុប្បន្ន។

ក្រៅតែពីនិយាយតិះតៀនប្រទេសជប៉ុន ប្រទេសកូរ៉េខាងជើងបានរិះគន់កូរ៉េខាងត្បូងផងដែរ ចំពោះការធ្វើឱ្យខូចដល់ការអភិវឌ្ឍអាវុធមីស៊ីលរបស់ខ្លួន ដោយនិយាយថា ទណ្ឌកម្មបន្ថែមនឹងមិនបញ្ឈប់កម្មវិធីផលិតមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងបាននោះទេ ហើយកូរ៉េខាងជើងក៏មិនខ្លាចទណ្ឌកម្មទាំងនោះដែរ។

លោកស្រី គីម យ៉ូជុង (Kim Yo Jong) ជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា គំនិតផ្តួចផ្តើមក្នុងការអភិវឌ្ឍផ្កាយរណបចារកម្មរបស់ប្រទេសកូរ៉េខាងជើងគឺជា«អាទិភាពដ៏សំខាន់ផ្សាភ្ជាប់ដោយផ្ទាល់ទៅនឹងសន្តិសុខ»៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន LG បោះទុន៣ពាន់លានដុល្លារ ពង្រីករោងចក្រផលិតអាគុយរថយន្តអគ្គិសនី ត្រៀមផ្គត់ផ្គង់ឱ្យក្រុមហ៊ុនយក្ស Tesla

ក្រុមហ៊ុន LG Energy Solution បានប្រកាសកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ថា ខ្លួននឹងវិនិយោគទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារ ដើម្បីពង្រីករោងចក្…

ក្រុមហ៊ុន Smart Axiata សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបណ្តុះបណ្តាល ជំនាញអក្ខរកម្មឌីជីថលដល់សិស្សវិទ្យាល័យជាង ១០០០ នាក់

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានធ្វើកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំវគ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ