មេដឹកនាំរដ្ឋនុយក្លេអ៊ែរកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់មីស៊ីលផ្លោងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយផ្ទាល់ ដែលទីក្រុងព្យុងយ៉ាងបានពណ៌នាថា ជាសមយុទ្ធយុទ្ធសាស្ត្រនុយក្លេអ៊ែរ សម្រាប់ត្រៀមវាយប្រហារអាកាសយាដ្ឋាន និងមូលដ្ឋានយោធានៅទូទាំងកូរ៉េខាងត្បូងតែម្តង។
នៅថ្ងៃសុក្រ ទី ១៤ តុលា យោធាកូរ៉េខាងជើងបាននិយាយថា សកម្មភាពចុងក្រោយរបស់ខ្លួន គឺដើម្បីឆ្លើយតបទៅនឹងសមយុទ្ធកាំភ្លើងធំរបស់កូរ៉េខាងត្បូង ដែលមានលក្ខណៈ «បង្កហេតុ» នៅជិតព្រំដែនរបស់ខ្លួន។ តាមសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង បាននិយាយថា កងទ័ពប្រជាជនកូរ៉េ «បានចាត់វិធានការយោធាយ៉ាងខ្លាំងក្លា» និងជាការផ្ញើសារយ៉ាងម៉ឺងម៉ាត់ ដល់យោធាកូរ៉េខាងត្បូងដែលញុះញង់ឱ្យមានភាពតានតឹងផ្នែកយោធានៅក្នុងតំបន់ជួរមុខព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ។
លើសពីនេះ មុននឹងការបាញ់មីស៊ីលនេះ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានប្រទះឃើញនិងចាប់សញ្ញាបាន យន្តហោះចម្បាំងកូរ៉េខាងជើងប្រហែល១០គ្រឿង បានហោះចម្ងាយត្រឹមតែ ២៥ គីឡូម៉ែត្រពីភាគខាងជើងនៃព្រំដែនប្រទេសទាំងពីរតែប៉ុណ្ណោះ។
ការណ៍នេះបានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង (NSC) បានថ្កោលទោសកូរ៉េខាងជើងចំពោះការបង្កើនភាពតានតឹង ដោយថា ជាការរំលោភលើកិច្ចព្រមព្រៀងយោធាទ្វេភាគីឆ្នាំ ២០១៨ ដែលហាមឃាត់ «ការបង្កអរិភាព» នៅក្នុងតំបន់ព្រំដែននោះ។
ស្របពេលគ្នានេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol កាលពីថ្ងៃសុក្រ បាននិយាយដែរថា រដ្ឋាភិបាលរបស់លោក បាននិងកំពុងធ្វើការលើការកសាងជំហរត្រៀមលក្ខណៈការពារដែនទឹក ប្រឆាំងនឹងការបង្កហេតុរបស់កូរ៉េខាងជើង បន្ទាប់ពីការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើងដដែលៗ និងការដាក់ពង្រាយយន្តហោះយោធា ដែលបានហោះនៅជិតព្រំដែនដែលបែងចែកប្រទេសទាំងពីរផងនោះ។
ក្នុងនោះដែរសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា លោកគីមបានសម្តែង «ការពេញចិត្តពេញថ្លើមយ៉ាងខ្លាំង» ចំពោះការសាកល្បងនាពេលថ្មីៗនេះ ដែលលោកបាននិយាយថា កងកម្លាំងប្រយុទ្ធនុយក្លេអ៊ែររបស់ព្យុងយ៉ាងគឺស្ថិតក្នុង «ការត្រៀមខ្លួនពេញលេញសម្រាប់សង្គ្រាមជាក់ស្តែង» និងបានបញ្ជូនសារព្រមានយ៉ាងច្បាស់ទៅកាន់គូសត្រូវផងដែរ» ។
កម្តៅនៃភាពតានតឹងក្នុងឧបទ្វីបកូរ៉េកើនឡើងសាជាថ្មីចាប់តាំងពីឆ្នាំ២០១៧
ភាពតានតឹងដែលកំពុងផ្ទុះឡើងបានធ្វើឱ្យមានការភ័យខ្លាចក្នុងប្រទេសកូរ៉េខាងត្បូងពីការបង្កហេតុដ៏មានសក្ដានុពលពីសំណាក់កូរ៉េខាងជើង។ ទោះបីជាមិនមានសញ្ញានៃការភ័យស្លន់ស្លោក្នុងចំណោមប្រជាជនកូរ៉េខាងត្បូងក៏ដោយ ការស្ទង់មតិរបស់ដោយអង្គការ (Gallup) ដែលបានចេញផ្សាយកាលពីថ្ងៃសុក្របានបង្ហាញថា អ្នកបោះឆ្នោតជាង៧០%បាននិយាយថា ការសាកល្បងកាំជ្រួចរបស់កូរ៉េខាងជើងបានគំរាមកំហែងដល់សន្តិភាព ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីការសាកល្បងនុយក្លេអ៊ែរលើកទី៦របស់កូរ៉េខាងជើងក្នុងឆ្នាំ២០១៧មក។
មែនទែនទៅ ភាពញឹកញាប់ដែលមិនធ្លាប់មានពីមុនមកនៃការបាញ់មីស៊ីលរបស់កូរ៉េខាងជើងបានធ្វើឱ្យមានការព្រួយបារម្ភថា របបផ្តាច់ការកូរ៉ខាងជើងអាចនឹងកំពុងរៀបចំឡើងវិញនូវការធ្វើតេស្តគ្រាប់នុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ដោយក្នុងនោះ អ្នកវិភាគមួយចំនួនបានធ្វើការព្យាករថា ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្តសាកល្បងនៅចន្លោះ ក្រោយបញ្ចប់សមាជបក្សកុម្មុយនិស្តចិនដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែតុលាខាងមុខនេះតែម្តង៕