កូរ៉េខាងជើងបាញ់មីស៊ីលដដែលជាដដែល

កូរ៉េខាងជើងដុតកម្ដៅនៅឧបទ្វីកូរ៉េកាន់តែខ្លាំង ដោយបានមីស៊ីលចូលសមុទ្រជាថ្មីទៀត និងបង្ហាញសាច់ដុំយន្តហោះចម្បាំងក្បែរព្រំដែនកូរ៉េខាងត្បូង


ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃសុក្រ ទី ១៤ តុលា បានសាកល្បងបាញ់មីស៊ីលផ្លោងប៉ាលេស្ទីករយៈចម្ងាយខ្លីមួយគ្រាប់ទៀត ហើយក៏បានបញ្ជាឲ្យយន្តហោះចម្បាំងប្រហែលដប់គ្រឿងហោះក្រវែលនៅជិតព្រំដែនជាមួយកូរ៉េខាងត្បូងទៀតផង ដែលជាការបង្កហេតុផ្នែកយោធាជាបន្តបន្ទាប់ ដោយធ្វើឱ្យភាពតានតឹងកើនកម្តៅសាជាថ្មីនៅលើឧបទ្វីបកូរ៉េ។
កូរ៉េខាងជើងបាញ់មីស៊ីលដដែលជាដដែល!

មេដឹកនាំរដ្ឋនុយក្លេអ៊ែរកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់មីស៊ីលផ្លោងក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍ថ្មីៗនេះដោយផ្ទាល់ ដែលទីក្រុងព្យុងយ៉ាង​បានពណ៌នាថា ជាសមយុទ្ធយុទ្ធសាស្ត្រ​នុយក្លេអ៊ែរ សម្រាប់ត្រៀមវាយប្រហារ​អាកាសយាដ្ឋាន និងមូលដ្ឋានយោធា​នៅទូទាំង​កូរ៉េខាងត្បូងតែម្តង។

នៅថ្ងៃសុក្រ ទី​ ១៤ តុលា យោធាកូរ៉េខាងជើង​បាននិយាយថា សកម្មភាពចុងក្រោយ​របស់ខ្លួន គឺដើម្បីឆ្លើយតបទៅនឹងសមយុទ្ធកាំភ្លើង​ធំ​របស់កូរ៉េខាងត្បូង ដែលមានលក្ខណៈ «បង្កហេតុ» នៅជិតព្រំដែនរបស់ខ្លួន។ តាមសេចក្តីថ្លែងការណ៍​ដែលធ្វើឡើងដោយទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​កូរ៉េខាងជើង បាននិយាយថា កងទ័ពប្រជាជនកូរ៉េ «បានចាត់វិធានការយោធាយ៉ាងខ្លាំងក្លា» និងជាការផ្ញើសារយ៉ាងម៉ឺងម៉ាត់ ដល់យោធាកូរ៉េខាងត្បូង​ដែលញុះញង់ឱ្យមានភាពតានតឹង​ផ្នែក​យោធានៅ​ក្នុង​តំបន់ជួរមុខព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ។

លើសពីនេះ មុននឹងការបាញ់មីស៊ីលនេះ អគ្គសេនាធិការចម្រុះ​របស់កូរ៉េខាងត្បូង (JCS) បានប្រទះឃើញនិងចាប់សញ្ញាបាន យន្តហោះចម្បាំងកូរ៉េខាងជើង​ប្រហែល១០គ្រឿង បានហោះចម្ងាយ​ត្រឹមតែ ២៥ គីឡូម៉ែត្រ​ពីភាគខាងជើងនៃ​ព្រំដែន​ប្រទេសទាំងពីរតែប៉ុណ្ណោះ។

ការណ៍នេះ​បានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង (NSC) បានថ្កោលទោសកូរ៉េខាងជើងចំពោះការបង្កើន​ភាពតានតឹង ដោយថា ជាការរំលោភលើកិច្ចព្រមព្រៀងយោធាទ្វេភាគី​ឆ្នាំ ២០១៨ ដែលហាមឃាត់ «ការបង្កអរិភាព» នៅក្នុងតំបន់ព្រំដែននោះ។

ស្របពេលគ្នានេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol កាលពីថ្ងៃសុក្រ បាននិយាយដែរថា រដ្ឋាភិបាលរបស់​លោក បាននិងកំពុងធ្វើការលើការកសាង​ជំហរ​ត្រៀមលក្ខណៈការពារដែនទឹក ប្រឆាំង​នឹងការបង្កហេតុរបស់​កូរ៉េខាងជើង បន្ទាប់ពីការធ្វើតេស្តមីស៊ីល​របស់កូរ៉េ​ខាងជើង​ដដែលៗ និងការដាក់ពង្រាយ​យន្ត​ហោះយោធា ដែលបានហោះ​នៅជិតព្រំដែន​ដែលបែងចែក​ប្រទេសទាំងពីរផងនោះ។

ក្នុងនោះដែរសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា លោកគីមបានសម្តែង «ការពេញចិត្តពេញថ្លើមយ៉ាងខ្លាំង» ចំពោះការសាកល្បងនាពេលថ្មីៗនេះ ដែលលោកបាននិយាយថា កងកម្លាំងប្រយុទ្ធនុយក្លេអ៊ែររបស់ព្យុងយ៉ាង​គឺស្ថិតក្នុង «ការត្រៀមខ្លួនពេញលេញ​សម្រាប់សង្គ្រាមជាក់ស្តែង» និងបានបញ្ជូនសារព្រមានយ៉ាងច្បាស់ទៅកាន់គូសត្រូវផងដែរ» ។

កម្តៅនៃភាពតានតឹងក្នុងឧបទ្វីបកូរ៉េកើនឡើងសាជាថ្មី​ចាប់តាំងពីឆ្នាំ២០១៧

ភាព​តានតឹង​ដែល​កំពុង​ផ្ទុះ​ឡើង​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូ​ង​ពី​ការ​បង្កហេតុ​ដ៏​មាន​សក្ដានុពល​ពីសំណាក់​កូរ៉េ​ខាង​ជើង។ ទោះបីជាមិនមានសញ្ញា​នៃការភ័យស្លន់ស្លោក្នុង​ចំណោមប្រជាជនកូរ៉េខាងត្បូងក៏ដោយ ការស្ទង់មតិរបស់​ដោយអង្គការ (Gallup) ដែលបានចេញផ្សាយកាលពីថ្ងៃសុក្របានបង្ហាញថា អ្ន​កបោះឆ្នោតជាង​៧០%​បាននិយាយថា ការសាកល្បងកាំជ្រួចរបស់កូរ៉េខាងជើងបានគំរាមកំហែង​ដល់សន្តិភាព ដែលជាកម្រិតខ្ពស់​បំផុត​ចាប់តាំង​ពីការសាកល្បងនុយក្លេអ៊ែរ​លើកទី៦របស់​កូរ៉េខាងជើង​ក្នុង​ឆ្នាំ​២០១៧មក។

មែនទែនទៅ ភាពញឹកញាប់​ដែលមិនធ្លាប់មាន​ពីមុនមក​នៃការបាញ់​មីស៊ីល​របស់កូរ៉េខាងជើង​បានធ្វើឱ្យមាន​ការព្រួយបារម្ភថា របបផ្តាច់ការកូរ៉ខាងជើង​អាចនឹងកំពុងរៀបចំឡើងវិញនូវការធ្វើតេស្តគ្រាប់នុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ដោយក្នុងនោះ អ្នកវិភាគមួយចំនួនបានធ្វើការព្យាករថា​ ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្តសាកល្បងនៅចន្លោះ ក្រោយបញ្ចប់សមាជបក្សកុម្មុយនិស្តចិនដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែតុលាខាងមុខនេះតែម្តង៕




អត្ថបទបន្ទាប់


ចិនបានបំបែកកំណត់ត្រាមួយទៀត ដោយទិន្នផលស្រូវធន់នឹងទឹកសមុទ្រកើនឡើងទ្វេដងក្នុងរយៈពេល៣ឆ្នាំ

ព័ត៌មាន
ជាទូទៅសម្រាប់តំបន់សមុទ្រ ដែលមានទឹកប្រៃ គេគេមិនអាចនឹងធ្វើស្រូវបានផលនោះទេ ប៉ុន្ដែ ឥឡូវនេះ ក្រុមអ្នកវិទ្យាសាស្ត្រចិនបានសម្រេចកំណត់ត្រាថ្មីមួយ…

ជញ្ជីងពាណិជ្ជកម្មវាងកម្ពុជា-អាមេរិក និងកម្ពុជា-ចិន ប្រែប្រួលយ៉ាងណាខ្លះ នៅរយៈពេល៩ខែឆ្នាំនេះ?

ព័ត៌មាន
ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន និងទំនាក់ទនងរវាងកម្ពុជា-អាមេរិក សុទ្ធតែសំខាន់សម្រាប់កម្ពុជា ពិសេសទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ