មែនទែនទៅ យន្តហោះគ្មានមនុស្សបើកនេះជាយន្តហោះដ្រូនមួយ ក្នុងចំណោមយន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងចំនួនប្រាំគ្រឿងទៀត ដែលបានហោះឆ្លងចូលទៅក្នុងផែនដីកូរ៉េខាងត្បូង ចាប៉តាំងពីថ្ងៃទី២៦ខែធ្នូមក។ សកម្មភាពគឃ្លើនទាំងនេះហើយទើបជំរុញឱ្យ យោធាទីក្រុងសេអ៊ូល បើកធ្វើសមយុទ្ធយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ ជាការឆ្លើយតបវិញ។
បើតាមការបញ្ជាក់របស់អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង ហៅកាត់ថា JCS ដំបូងឡើយគេបានបដិសេធថា យន្តហោះគ្មានមនុស្សបើកនោះមិនបានចូលក្នុងតំបន់ហាមឃាត់ក្បែរការិយាល័យប្រធានាធិបតីលោក យ៊ូន សុកយូល ក្នុងទីក្រុងសេអ៊ូលឡើយ។ ប៉ុន្តែស្រាប់តែកាលពីថ្ងៃព្រហស្បតិ៍ទី៥មករា JCS បានចេញមកបញ្ជាក់ឡើងវិញថា យន្តហោះដ្រូននោះពិតជាបានហោះរំលោភចូលតំបន់ភាគខាងជើងនៃតំបន់ហាមឃាត់នោះមែន ដោយបានមកក្បែរនឹងការិយាល័យប្រធានាធិបតី តែមិនបានសំដៅត្រង់មកកាន់ការិយាល័យនោះទេ។
លោក Yoo Sang-bum សមាជិកនៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់សភា បានបញ្ជាក់ថា តាមការសន្មត់យន្តហោះដ្រូនដែលហោះចូលក្នុងតំបន់ហាមឃាត់នោះ គឺដើម្បីថតរូបនៃបរិវេណការិយាល័យប្រធានាធិបតី និងទីស្នាក់ការកណ្តាលរបស់អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS)។
មន្ត្រីស៊ើបការណ៍សម្ងាត់រូបនេះបានឱ្យដឹងដែរថា ប្រទេសកូរ៉េខាងជើងមានយន្តហោះដ្រូន ប្រហែល ៥០០គ្រឿង និងប្រហែល ២០ប្រភេទផ្សេងៗគ្នា ដែលភាគច្រើនមានប្រវែងប្រហែលពី១ម៉ែត្រទៅ៦ម៉ែត្រ ប៉ុន្តែវាក៏បំពាក់ឧបករណ៍សម្រាប់ការវាយប្រហារ នឹងមានសមត្ថភាពអាច បំផ្លាញខ្លួនឯងមួយចំនួនតូចផងដែរ។
ជារឿយៗ ការហោះរំលោភឆ្លងកាត់ព្រំដែនពីសំណាក់កូរ៉េខាងជើង ដោយប្រើយន្តហោះ និងឧបករណ៍យោធាផ្សេងទៀតនេះ បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងក្លា ចំពោះសមត្ថភាពការពារដែនអាកាសរបស់កូរ៉េខាងត្បូង ស្របពេលដែលកូរ៉េខាងជើងកំពុងបង្កើនការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលជាបន្តបន្ទាប់។
យ៉ាងណាមិញ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានសន្យាថា នឹងដាក់ឱ្យដំណើរការនូវយន្តហោះគ្មានមនុស្សបើកថ្មីដើម្បីកែលម្អប្រព័ន្ធឃ្លាំមើល និងឈ្លបយកការណ៍របស់ខ្លួន ជាពិសេសប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើកប្រភេទតូចៗ។
ជាក់ស្តែងកាលពីសប្តាហ៍មុនរដ្ឋាភិបាលទីក្រុងសេអ៊ូលក៏បានបញ្ចេញគម្រោងក្នុងការចំណាយទឹកប្រាក់ ៤៤១ លានដុល្លារសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ក្នុងបង្កើនសមត្ថភាពប្រឆាំងយន្តហោះគ្មានមនុស្សបើក រួមទាំងការអភិវឌ្ឍប្រព័ន្ធអាវុធឡាស៊ែរនៅលើអាកាស និងឧបករណ៍ចាប់យក និងតាមដានសញ្ញាផងដែរ៕