ប៉ុន្ដែ នៅក្រោយពេលការសន្ទនានេះ បានបញ្ចប់ទៅតែប៉ុន្មានម៉ោង ភាគីថៃឯណោះវិញ នៅតែរំលោភបំពាន និងបាញ់ផ្លោងកាន់តែខ្លាំងមកលើកម្ពុជា រួមទាំងបានពង្រីកសមរភូមិថ្មី ដោយទាហានជើងទឹកថៃបានបាញ់កាំភ្លើងធំចំនួន ២០គ្រាប់ពីនាវា ចូលក្នុងទឹកដីនៃភូមិសាស្ត្រខេត្តកោះកុង និងបានប្រើយន្ដហោះ F-16 ទម្លាក់គ្រាប់បែកកម្ទេចស្ពាននៅក្នុងខេត្តពោធិ៍សាត់ទាំងព្រឹកព្រលឹមផងដែរ។ នេះបើតាមរបាយការណ៍ពីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ។
បើតាមការបង្ហោះរបស់លោកដូណាល់ ត្រាំ នៅលើបណ្ដាញសង្គម កាលពីយប់ថ្ងៃទី ១២ ខែធ្នូ បានឱ្យដឹងថា «គ្រាប់មីននៅតាមផ្លូវដើរ ដែលសម្លាប់ជីវិត និងធ្វើឱ្យទាហានថៃរងរបួសជាច្រើននាក់ កាលពីពេលដំបូងៗនោះ គ្រាន់តែជាឧប្បត្តិហេតុតែប៉ុណ្ណោះ ហើយប្រទេសថៃក៏បានវាយប្រហារតបទៅវិញយ៉ាងខ្លាំងក្លាមកលើកម្ពុដែរ»។
ក្រោយពីបានឃើញលោកត្រាំបង្ហោះសារដូច្នេះ លោក អនុទីន បានបង្ហោះសារនៅលើបណ្ដាញសង្គមតបវិញ នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ដោយសម្ដៅលើបញ្ហាទាហានថៃជាន់មីនថា «វាមិនមែនមែនជា ឧបទ្វវហេតុតាមដងផ្លូវទេ។ ប្រទេសថៃ នឹងបន្ដសងកម្មភាពយោធា រហូតទាល់តែមានអារម្មណ៍ថា លែងមានគ្រោះថ្នាក់ ឬការគំរាមកំហែងដល់ដែនដី និងប្រជាជនថៃតទៅទៀត។ លោក អនុទីន បានសង្កត់ធ្ងន់ទៀតថា សកម្មភាពយោធា ដែលបានបន្ដបាញ់ប្រហារទៅលើប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី ១៣ ខែធ្នូ គឺជាការបញ្ជាក់ពីគោលបំណងយ៉ាងច្បាស់របស់ថៃ។
គួរដឹងដែរថា តាមសារព័ត៌មានក្នុងស្រុកថៃ បានរាយការណ៍អំពីការសន្ទនាតាមទូរសព្ទរវាងលោក អនុទីន នាយករដ្ឋមន្ត្រីថៃកាលពីម៉ោង៩ យប់ថ្ងៃទី ១២ ខែធ្នូ ថា លោកត្រាំចង់ឱ្យថៃ និងកម្ពុជាឈប់បាញ់ និងឱ្យធ្វើតាមសេចក្ដីថ្លែងការណ៍រួមនៅម៉ាឡេស៊ី ប៉ុន្ដែភ្លាមៗនោះ លោកអនុទីន បានប្រាប់ទៅវិញថា សូមឱ្យអាម៉េរិកទៅប្រាប់កម្ពុជាផង ចំណែកលោក ស៊ីហាសាក់ រដ្ឋមន្ត្រីការបរទេសថៃ ហាក់បង្ហាញពីជំហរខុសពីលោកអានុទីន ដោយបាននិយាយថា ការឈប់បាញ់ ជាកលយុទ្ធ ដែលអាចធ្វើបាន មិនមានអ្វីខុសនឹងច្បាប់ឡើយ។
ដោយឡែក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានសន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ កាលពីយប់ថ្ងៃទី ១២ ខែធ្នូ ដែរនោះ បានស្នើឱ្យអាម៉េរិក និងម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេន គួរតែចាត់កងទ័ព ឬស្ថាប័នជំនាញរបស់របស់ខ្លួន អាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេ ដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល ២៤ ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាមួយជាអ្នកបង្កហេតុ បាញ់ប្រហារមុន។ វិធីសាស្រ្តនេះអាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុត ក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះ ហើយកម្ពុជាត្រៀមខ្លួនសហការ ក្នុងករណីមានតម្រូវការ៕