ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកំពតបានក្លាយជាទិសដៅដ៏គួរឱ្យទាក់ទាញសម្រាប់ការវិនិយោគ ជាពិសេស វិស័យទេសចរណ៍និងអចលនទ្រព្យដែលនាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃតម្លៃដីធ្លី។
សព្វថ្ងៃនេះ សកម្មភាពនៃការទិញនិងលក់ដីពីសំណាក់បងប្អូននៅភ្នំពេញនិងបណ្តាខេត្តផ្សេងៗនៅកំពត កំពុងតែមមាញឹកដែលធ្វើឲ្យតម្លៃដីឡើងយ៉ាងខ្លាំង។ តាមមន្រ្តីជំនាញ គឺថា មិនទាន់មានការសាងសង់អគារធំៗឬគម្រោងជាទ្រង់ទ្រាយធំនៅឡើយទេ។ នេះបើយោងតាមចៅហ្វាយខេត្តកំពត លោក ជាវ តាវ។ ក៏ប៉ុន្តែ លោក ជាវ តាវ បានមានប្រសាសន៍បន្តថា វត្តមានរបស់ចិននៅខេត្តកំពតមិនទាន់មានច្រើនដូចការផ្អើលតៗគា្ននោះទេ។
លោក ជាវ តាវ បាននិយាយដូច្នេះថា «យើងចេះតែថា ចិនមកទិញខេត្តកំពតច្រើន អ៊ីចឹង អ្នកនិយាយសិទ្ធិរបស់អ្នកនិយាយ តាមពិត វាមិនទាន់មានអីដូចអ្នកនិយាយហ្នុងទេ ព្រោះធម្មតា បច្ចុប្បន្ននេះ បងប្អូនដែលនៅភ្នំពេញ ខេត្តនេះ ខេត្តនោះ អ៊ីចឹងគាត់យល់ឃើញថា មកខេត្តកំពតមានសក្តានុពលគាត់មកទិញទៅ ហើយគាត់អភិវឌ្ឍ។»
លោកបន្តថា «ចំណែករដ្ឋបាលខេត្តចាំតែស្វាគមន៍ទេ មិនមានអីនេះទេ ព្រោះការអភិវឌ្ឍ មានន័យថា កាត់បន្ថយភាពក្រីក្រ វាអត់មានអីទេ។ បើយើងនិយាយឲ្យខ្លី គឺបច្ចុប្បន្ននេះ មិនទាន់មានចិន ឬក៏វាមានអីដែលថា គួរឲ្យប្លែក។ គ្រាន់តែថា ការរស់នៅរបស់ប្រជាពលរដ្ឋមានការកើនឡើង ការធ្វើអាជីវកម្មចេះតែរីកពីមួយថ្ងៃទៅមួយថ្ងៃ។»
លោកអភិបាលខេត្តរូបនេះ បន្តថា តាមពិតដីវាស្ថិតនៅក្នុងការទិញនិងលក់ ដែលមិនទាន់លើកសំណើវិនិយោគទៅជាសកម្មភាពធំៗទេ មានតែនៅក្នុងរូបភាពតូចតាច។
លោក ជាវ តាវ និយាយថា «ប៉ុន្តែ ជាសញ្ញាថា ចិនមកនៅគឺមិនទាន់មានទេ បើតាមខ្ញុំមើលទូទៅ អ្នកនិយាយជាការព្រួយបារម្ភរបស់ពួកគាត់ទេ។»
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បាននិយាយថា ឥឡូវ កំពតជាទីផ្សារកំពុងតែរីកដុះដាល អ៊ីចឹង ភាគច្រើនអំណាចនៅក្នុងការទិញមួយចំនួនជាជនជាតិខ្មែរ ដើម្បីទុកលក់ឲ្យជនជាតិចិន។ លោក ច្រឹក សុខនីម បាននិយាយថា ស្ថានភាពជាក់ស្តែង គម្រោងមិនទាន់មានអីច្បាស់លាស់នៅឡើយទេ។
លោក ច្រឹក សុខនីម បាននិយាយថា «វាអត់មានអីច្បាស់ទេ គ្រាន់តែគម្រោង យើងពិបាកនិយាយដែរ។ ការងារគម្រោងវាអត់មានចាប់ផ្តើម ឬក្រុមហ៊ុនណាមួយចាប់ផ្តើមសាងសង់នៅឡើយទេ ឥឡូវ យើងមានតែធ្វើទ្រង់ទ្រាយតូចៗ។»
ទោះបីជាយ៉ាងណាក៏ដោយ លោក ច្រឹក សុខនីម បាននិយាយថា មានការចាប់ផ្តើមធ្វើឃ្លាំងនិងផែស្ងួតដែរ ក៏ប៉ុន្តែគម្រោងធំៗជាតំបន់សេដ្ឋកិច្ចពិសេស ដូចជាអត់ទាន់មានទេ។
លោក ច្រឹក សុខនីម បាននិយាយយ៉ាងដូច្នេះ «អ៊ីចឹង យើងមានមើលឃើញគម្រោងច្រើនគម្រោងមែន ប៉ុន្តែ យើងអត់ទាន់ចាប់ផ្តើមធ្វើ។ អ៊ីចឹង គម្រោងយើងពិបាកជឿពេលខ្លះ នេះយើងនិយាយដោយស្មោះត្រង់»៕