ទឹកត្រីកំពត

អ្នកជំនួញផលិតទឹកត្រី រំពឹងទឹកត្រីកំពតអាចហក់ចូលទីផ្សារអន្តរជាតិ ក្រោយចុះបញ្ជី GI ក្នុងពេលឆាប់ៗ


អ្នកជំនួញដ៏ល្បី ផ្នែកផលិតទឹកត្រីនៅខេត្តកំពត ឧកញ៉ា ចាន់ ស៊ីថា រំពឹងថា ទឹកត្រីកំពត ដែលជាផលិតផលកេរដំណែលពីដូនតា នឹងកាន់តែមានភាពល្បីល្បាញទាំងលើឆាកជាតិនិងអន្តរជាតិ ក្រោយផលិតផលនេះត្រូវបានចុះជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI) GI រួច នៅពេលឆាប់ៗខាងមុខនេះ។
ទឹកត្រីកំពត អ៊ីឆេ ង៉ុវហេង

តាមរយៈការចុះ GI នេះ ម្ចាស់សិប្បកម្មផលិតទឹកត្រីខេត្តកំពត សង្ឃឹមផងដែរថា ទឹកត្រីកំពតនឹងអាចពង្រីកវិសាលភាពទីផ្សារកាន់តែធំជាងមុន ជាពិសេសការហក់ចូលទីផ្សារអន្តរជាតិផងដែរ។

ឧកញ៉ា ចាន់ ស៊ីថា អគ្គនាយកក្រុមហ៊ុនផលិតទឹកត្រី អ៊ីឆេ ង៉ុវហេង កំពត ជឿជាក់ថា ផលិតផលទឹកត្រីកំពតនឹងមានឈ្មោះបោះសម្លេងមួយកម្រិតទៀតក្រោយផលិតផលនេះត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រនៅក្រសួងពាណិជ្ជកម្ម។ អ្នកជំនួញរូបនេះរំពឹងថា តាមរយៈការចុះ GI នេះ វានឹងជួយពង្រីកវិសាលភាពទីផ្សារផលិតផលទឹកត្រីកំពតឲ្យកាន់តែធំជាងមុន តាមរយៈការហក់ចូលទីផ្សារអន្តរជាតិជាលើកដំបូង ក្រោយស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ មានភាពធូរស្បើយ។

អ្នកជំនាញរូបនេះ បានគួសបញ្ជាក់ថា មូលហេតុ ដែលធ្វើឲ្យផលិតផលទឹកត្រីកំពតមិនអាចហក់ចូលទីផ្សារអន្តរជាតិបាននាពេលកន្លងមក គឺដោយសារសមត្ថភាពផលិតរបស់ក្រុមហ៊ុន សហគ្រាស នៅមានកម្រិតមានកម្រិតដែលធ្វើឲ្យផលិតផលទឹកត្រីកំពតមិនទាន់អាចឆ្លើយតបនឹងស្តង់ដារតម្រូវរបស់ទីផ្សារអន្តរជាតិ។ បញ្ហាវិបត្តិឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ ក៏ជាកត្តាធ្វើឲ្យមានការរាំងស្ទះក្នុងការហក់ចូលទីផ្សារក្រៅប្រទេសផងដែរ។ 

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ក្រសួងរួមជាមួយស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិនានាកំពុងប្រមូលទិន្និន័យពីសមាគម ផលិតករ និងអាជីវករនៅតាមមូលដ្ឋាន ដើម្បីប្រមូលធាតុចូលសម្រាប់ចងក្រងសៀវភៅបន្ទុកនិងបង្កើតសមាគមដែលមានវិជ្ជាជីវៈ ដើម្បីឈានទៅចុះបញ្ជីផលិតផលទឹកត្រីកំពតជាម៉ាកសម្គាល់ភូមិសាស្ត្រនៅឆ្នាំ២០២២ នេះ។ គោលបំណងនៃការចុះ GI ទឹកត្រីកំពត គឺដើម្បីរួមចំណែកជួយលើកតម្កើងតម្លៃ និងអភិរក្សជំនាញផលិតផលិតផលវប្បធម៌ប្រពៃណីរបស់ដូនតាមួយនេះ។ ជាពិសេស គឺដើម្បីលើកកម្ពស់ការប្រកួតប្រជែងក្នុងការនាំចេញផលិតផលទឹកត្រីកំពតជាមួយផលិតផលទឹកត្រីរបស់ប្រទេសជិតខាង។

គួររំលឹកថា ទឹកត្រីកំពតត្រូវបានផលិត និងមានឈ្មោះបោះសម្លេងតាំងពីឆ្នាំ១៩៦០ ក្នុងសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ។ ប៉ុន្តែត្រូវបានផ្អាកការផលិតនិងបាត់ឈ្មោះនៅក្នុងរបបខ្មែរក្រហម។ បន្ទាប់មកបានចាប់ផលិតជាលក្ខណៈគ្រួសារឡើងវិញនៅអំឡុងឆ្នាំ១៩៩៥ រហូតមកទល់បច្ចុប្បន្ន។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មកម្ពុជា ក៏គ្រោងចុះបញ្ជីបង្កងតាកែវជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនាចុងខែមេសា ឆ្នាំ២០២២ ផងដែរ។ គោលបំណងនៃការចុះបញ្ជីនេះ គឺដើម្បីអភិរក្ស និងទប់ស្កាត់ការក្លែងបន្លំទំនិញបង្កងតាកែវ។ ការចង់ចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរឲ្យទៅកម្សាន្ត និងពិសារបង្កងនៅខេត្តតាកែវ ក៏ជាគោលបំណងមួយផងដែរ។

ក្រៅពីបង្កងតាកែវ និងទឹកត្រីកំពត ក្រសួងពាណិជ្ជកម្មកំពុងសិក្សាលើផលិតផលសក្តានុពលប្រមាណ២០ប្រភេទផ្សេងទៀត ដើម្បីចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញផងដែរ។ ខណៈមកដល់បច្ចុប្បន្ននេះ កម្ពុជា បានចុះបញ្ជីម៉ាកផលិតផលសម្គាល់ភូមិសាស្ត្រចំនួន៤រួចមកហើយ ដូចជាម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ខេត្តក្រចេះ និងទឹកឃ្មុំព្រៃខេត្តមណ្ឌលគិរី៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ តម្លៃជាង១លានដុល្លារបញ្ចប់ការសាងសង់និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មាន
ទីបំផុតកំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី១៩ ខែមករានេះ ក្រោយប្រើប្រាស់ពេលចំនួន ២៤ខែ ក្…

សកលវិទ្យាល័យបៀលប្រាយ ផ្ដល់អាហារូបករណ៍សិក្សា២៥% សម្រាប់ថ្នាក់ បរិញ្ញាបត្រ-បរិញ្ញាបត្ររង ក្នុងវគ្គសិក្សាថ្មី ២០២១-២០២២

ព័ត៌មាន
សកលវិទ្យាល័យបៀលប្រាយ(BBU) គឺជាគ្រឹះស្ថានសិក្សាធំមួយ ដែលបានផ្តល់ការអប់រំកម្រិតឧត្តមសិក្សាដល់យុវជន និងអ្នកសិក្សាស្រាវជ្រាវរាប់ម៉ឺននាក់ចាប់ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ