ថាមពលនុយក្លេអ៊ែ

ទិន្នផលថាមពលនុយក្លេអ៊ែ អាចនឹងបំបែកកំណត់ត្រាពិភពលោកនៅឆ្នាំ២០២៥


ទិន្នន័យបង្ហាញថា ការផលិតថាមពលនុយក្លេអ៊ែទំនងជានឹងបំបែកកំណត់ត្រា នៅក្នុងឆ្នាំ២០២៥ នៅពេលប្រទេសកាន់តែច្រើនបានបោះទុនវិនិយោគលើម៉ាស៊ីនរ៉េអាក់ទ័រ សម្រាប់ការផលិតថាមពលនុយក្លេអ៊ែ ដើម្បីរួមគ្នាកាត់បន្ថយការបំភាយឧស្ម័នកាបូនចូលទៅក្នុងបរិយាកាស ខណៈដែលថាមពលកកើតឡើងវិញទំនងជានឹងវ៉ាឈ្នះធ្យូងថ្មក្លាយជាប្រភពថាមពលដ៏សំខាន់នៅដើមឆ្នាំក្រោយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ថាមពលនុយក្លេអ៊ែ
ដោយ

របាយការណ៍ស្តីពីស្ថានភាពទីផ្សារអគ្គិសនីពិភពលោក ដែលចេញផ្សាយដោយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) កាលពីថ្ងៃពុធ ទី២៤ ខែមករា បង្ហាញថា ប្រទេសចិន ឥណ្ឌា កូរ៉េ និងអឺរ៉ុប ទំនងជាចាប់ផ្ដើមដំណើរការម៉ាស៊ីនរ៉េអាក់ទ័រថ្មីៗសម្រាប់ផលិតថាមពលនុយក្លេអ៊ែ ខណៈម៉ាស៊ីនរ៉េអាក់ទ័រមួយចំនួននៅប្រទេសជប៉ុន ត្រូវបានព្យាករថា នឹងដាក់ឱ្យដំណើរការឡើងវិញ ហើយទន្ទឹមនេះប្រទេសបារាំង ក៏នឹងបង្កើនទិន្នផលថាមពលនុយក្លេអ៊ែរបស់ខ្លួនផងដែរ។

ទន្ទឹមនេះ តម្រូវការអគ្គិសនី ក៏ត្រូវបានរំពឹងថា នឹងកើនឡើងផងដែរនៅទូទាំងពិភពលោក ដោយភាគច្រើនត្រូវបានជំរុញដោយចលនាផ្លាស់ប្ដូរឆ្ពោះទៅរកសេដ្ឋកិច្ច ដែលមានកម្រិតកាបូនទាប។ តួយ៉ាងដូចជាយានយន្តអគ្គិសនីជាដើម ដែលកំពុងមានតម្រូវការកើនឡើងខ្លាំងទូទាំងពិភពលោក គឺត្រូវការអគ្គិសនីជាជាងប្រេងឥន្ធនៈ និងឧស្ម័ន។

ការវិភាគប្រចាំឆ្នាំរបស់ទីភ្នាក់ងារ IEA អំពីការវិវត្តនៃទីផ្សារ គោលនយោបាយ និងអគ្គិសនីក្នុងឆ្នាំ២០២៤ ដែលចេញផ្សាយកាលពីថ្ងៃពុធ សប្ដាហ៍នេះ បានបង្ហាញថា តម្រូវការអគ្គិសនីសកលបានកើនឡើង២,២% ក្នុងឆ្នាំ២០២៣ ហើយទំនងជាកើនឡើងដល់ប្រមាណ៣,៤% ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។ ការកើនឡើងភាគច្រើនត្រូវបានរំពឹងនឹងកើតឡើងនៅក្នុងបណ្ដាសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សដូចជាប្រទេសចិន ឥណ្ឌា និងអាស៊ីអាគ្នេយ៍ជាដើម។

ការបន្តកំណើនយ៉ាងឆាប់រហ័សក្នុងការផ្គត់ផ្គង់ថាមពលកកើតឡើងវិញនេះមានន័យថា តម្រូវការថាមពលបន្ថែមទំនងជាត្រូវបានរ៉ាប់រងទាំងស្រុងតាមរយៈការផលិតថាមពលពីខ្យល់ ពន្លឺព្រះអាទិត្យ និងថាមពលស្អាតផ្សេងៗទៀត។ ថាមពលកកើតឡើងវិញទាំងនេះនឹងមានចំណែកគ្របដណ្ដប់រហូតដល់ទៅប្រមាណ១ភាគ៣ នៃការផលិតអគ្គិសនីសរុបទូទាំងពិភពលោកនៅដើមឆ្នាំ២០២៥។

លោក ដេវ ចន (Dave Jones) នាយកផ្នែកទស្សនវិស័យនៅក្រុមហ៊ុនវិភាគថាមពល អិមប័រ (Ember) លើកឡើងថា លទ្ធផលនេះបានបង្ហាញយ៉ាងច្បាស់ពីចំណុចរបត់ដ៏មានសក្តានុពលមួយ ហើយវាគឺជាការចាប់ផ្តើមនៃដំណើរឈានទៅរកការបញ្ចប់យុគសម័យឥន្ធនៈហ្វូស៊ីល៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះនឹងជំរុញឱ្យតម្រូវការនាំចូលអង្ករ និងតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិនឹងបន្តហក់ឡើងនៅឆ្នាំ២០២៤?

បញ្ហាជម្លោះនយោបាយ និងបម្រែបម្រួលអាកាសធាតុបានជំរុញឱ្យតម្រូវការអង្ករ និងតម្លៃអង្ករហក់ឡើងខ្ពស់ក្នុងឆ្នាំ២០២៣ ហើយនិន្នាការនេះនឹងបន្តកើតឡើងនៅឆ្ន…

ការស្រាវជ្រាវរបស់ធនាគារ Goldman Sachs រកឃើញថា ភាគហ៊ុនចិន ខាតបង់ដល់ទៅ៦ទ្រីលានដុល្លារ ក្នុងពេល៣ឆ្នាំមកនេះ

ការស្រាវជ្រាវរបស់ធនាគារវិនិយោគពហុជាតិសាសន៍ ហ្គោឌិន ស្សាក (Goldman Sachs) បានរកឃើញថា ភាគហ៊ុនចិន បានខាតបង់ធ្ងន់ធ្ងររហូតដល់ទៅ៦ទ្រីលានដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ