យោងតាមអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងារប្រចាំឆ្នាំ២០២០ គឺមានការកាត់បន្ថយថ្ងៃឈប់សម្រាក ដោយកាត់ចោល៦ថ្ងៃ រួមមាន ថ្ងៃទិវារំឭកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា និងទិវាសិទ្ធិមនុស្សអន្តរជាតិ (១០ ធ្នូ)។
លោក ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បាននិយាយតាមសារតេឡេក្រាម ថា ការកាត់បន្ថយនេះ គឺដើម្បីឲ្យមានការប្រកួតប្រជែងនិងទាក់ទាញពីអ្នកវិនិយោគ។
លោក ឯក ថា បាននិយាយដូច្នេះថា ៖ «រាជរដ្ឋាភិបាលចង់ឲ្យព្រះរាជាណាចក្រកម្ពុជា មានការប្រកួតប្រជែងនិងទាក់ទាញដល់ការវិនិយោគជាតិនិងអន្តរជាតិ ដូច្នេះ ពួកគេអាចចូលរួមកសាងនិងអភិវឌ្ឍបន្ថែមទៀតសម្រាប់ប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើន។»
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា បាននិយាយថា ការកាត់បន្ថយនេះ វានឹងធ្វើឲ្យប៉ះពាល់ដល់កម្មករ ដោយសារពួកគាត់នឹងបាត់បង់ប្រាក់ឈ្នួល។
លោក ប៉ាវ ស៊ីណា បាននិយាយប្រាប់អ្នកសារព័ត៌មានតាមសារ messenger ដូច្នេះថា «សម្រាប់ខ្ញុំ ខ្ញុំយល់ឃើញថា ការកាត់បន្ថយថ្ងៃឈប់សម្រាកនេះ បានធ្វើឲ្យបាត់បង់ផលប្រយោជន៍របស់បងប្អូនកម្មករ ហើយយើងសង្កេតឃើញថា ការកាត់បន្ថយនេះទៀត គឺលុបថ្ងៃបុណ្យជាតិនិងអន្តរជាតិសំខាន់ៗមួយចំនួន។»
លោក ប៉ាវ ស៊ីណា បានបន្តថា «មានន័យថា ៦ថ្ងៃ បើគាត់អត់ធ្វើការ ក៏មានប្រាក់ឈ្នួលដែរ តែសម្រាប់ ២០២០ គឺលែងទទួលបានហើយ»៕