ក្រោយដឹកនាំក្រុមហ៊ុនអស់រយៈពេល៣៣ឆ្នាំ លោក ជេនសេន នៅតែមានឥទ្ធិពលលើការសម្រេចចិត្តសំខាន់ៗស្ទើរតែទាំងអស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters និង Bloomberg។ ខណៈភាពចម្រូងចម្រាសផ្ទាល់ខ្លួនរបស់លោកកំពុងផ្ទុះការចាប់អារម្មណ៍ពេញពិភពលោក សំណួរសួរថា តើ NVIDIA អាចបន្តជោគជ័យបានដែរឬទេ ប្រសិនបើថ្ងៃណាមួយគ្មានលោក Jensen Huang?
លោក Jensen Huang គឺជាសហស្ថាបនិកបង្កើតក្រុមហ៊ុន NVIDIA ក្នុងឆ្នាំ១៩៩៣ ហើយបានប្រែក្លាយក្រុមហ៊ុននេះពីអ្នកផលិតបន្ទះឈីបក្រាហ្វិក ទៅជាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីប AI ឈានមុខគេរបស់ពិភពលោក។ ចាប់តាំងពីចូលផ្សារហ៊ុនមក តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើងលឿនដូចផ្លេកបន្ទោររហូតដល់៧០០,០០០%។ ប៉ុន្តែក្រុមអ្នកវិភាគបារម្ភថា NVIDIA ពឹងផ្អែកខ្លាំងពេកលើលោក Jensen Huang។ នាយកប្រតិបត្តិជាន់ខ្ពស់ជាង៦០នាក់បានរាយការណ៍ការងារដោយផ្ទាល់ទៅលោក Jensen Huang ប៉ុន្តែមិនទាន់មាននរណាម្នាក់ត្រូវបានប្រកាសថា ជាអ្នកស្នងតំណែងលោកនៅឡើយទេ។
ក្តីបារម្ភនេះមានកាន់តែខ្លាំងឡើង បន្ទាប់ពីលោក Jensen Huang ទទួលស្គាល់ថា លោកមានទំនាក់ទំនងស្នេហាក្រៅចំណងអាពាហ៍ពិពាហ៍ជាមួយស្ត្រីជំនួញជនជាតិចិនម្នាក់ ដែលអាជ្ញាធរអាម៉េរិក ចោទប្រកាន់ថា មានទំនាក់ទំនងជាមួយចារកម្មចិន។ ក្រុមប្រឹក្សាភិបាល NVIDIA កំពុងស៊ើបអង្កេតថា តើលោក Jensen Huang បានក្លាយជាគោលដៅនៃប្រតិបត្តិការចារកម្មបរទេស ឬយ៉ាងណា ខណៈក្រុមហ៊ុនបានបង្ហាញការគាំទ្រចំពោះលោក។
លោក Jensen Huang ចង់ឱ្យអ្នកស្នងតំណែងពីលោកបន្តមកពីក្នុងក្រុមហ៊ុននេះផ្ទាល់ ប៉ុន្តែអ្នកជំនាញព្រមានថា ការជំនួសលោកមិនមែនជារឿងងាយស្រួលនោះឡើយ ព្រោះចក្ខុវិស័យ និងភាពជាអ្នកដឹកនាំរបស់លោកបានចាក់ឫសយ៉ាងជ្រៅក្នុងអត្តសញ្ញាណរបស់ NVIDIA និងឧស្សាហកម្ម AI។ ដូចនេះសំណួរមិនមែនត្រឹមតែថា នរណានឹងជំនួសលោក Jensen Huang ទៀតនោះទេ ប៉ុន្តែគឺថា តើក្រុមហ៊ុន NVIDIA បានត្រៀមខ្លួនរួចហើយឬនៅសម្រាប់អនាគតដែលគ្មានស្ថាបនិករបស់ខ្លួន?