យុទ្ធនាការ​ប្ដូរ​ស្លាកសញ្ញា

តើ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារ​ប៉ុន្មាន​ទៀត​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ស្លាក​សញ្ញា?


ចំណាត់ការ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ថ្មីៗ​នេះ បាន​ធ្វើ​ឲ្យ​កក្រើក​ដល់​បណ្តា​​វិនិយោគិន​​ជាតិ និង​អន្តរជាតិ​ជាច្រើន ពិសេស​អ្នក​វិនិយោគ​នៅ​ក្នុង​ឧស្សាហកម្ម​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។
រូបភាព​ផ្សាយ​ពាណិជ្ជកម្ម​របស់​ធនាគារ ស្ថាបនា។ ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មួយ​ចំនួន​ដូរ​ស្លាក​សញ្ញា​ខ្លួន​ដែល​ស្រដៀង​នឹង​ស្ថាប័ន​រដ្ឋ​ចេញ។

រឿងរ៉ាវដែលធ្វើឲ្យរង្គោះរង្គើនោះ ធ្វើឡើងបន្ទាប់ពី ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យមានរុះរើស្លាកសញ្ញាឡូហ្គូ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង ធនាគារណា ដែលសញ្ញាភាន់ច្រឡំទៅនឹងស្លាកសញ្ញាឡូហ្គូរបស់រដ្ឋ។

គិត​មក​ដល់​ថ្ងៃ​ទី​២៤ កុម្ភៈ​នេះ មាន​ធនាគារ​ពាណិជ្ជ​ដ៏​ល្បី​ល្បាញ​មួយ​គឺ​ធនាគារ​អេស៊ីលីដា បាន​ធ្វើការ​ផ្លាស់​ប្តូរ​ស្លាក​សញ្ញា​រួច​ហើយ ដែល​ចំណាយ​ទឹក​ប្រាក់​អស់​ជាង ៣​លាន​ដុល្លារ​ក្នុង​ការ​ផ្លាស់​ប្តូរ​ស្លាក​សញ្ញា​ថ្មី និង​ទី២ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ប្រាសាក់ ក៏​បាន​ធ្វើការ​ផ្លាស់​ប្តូរ​ស្លាក​សញ្ញា​ឡូហ្គូ​របស់​ខ្លួន​ដែរ ដែល​ចំណាយ​ទឹក​ប្រាក់​ផ្លាស់​ប្តូរ​ថ្មី​ជាង​១​លាន​ដុល្លារ។

ប្រហែល​ជា​មិនទាន់​បញ្ចប់​ត្រឹម ២​នេះ​ទេ បើតាម​ការ​ត្រួត​ពិនិត្យ​មើល​ជាក់​ស្តែង​ពី​តំណាង​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា អះអាង​ថា ច្រើន​ទៀត​ដែល​ផ្លាស់​ប្តូរ។

លោក​ឧកញ៉ា ហួត អៀងតុង ប្រធាន​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា និង​អគ្គនាយក​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ហត្ថាកសិករ បាន​បង្ហើប​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​ធនាគារ​ប្រមាណ ៥ ទៅ ៦ ផ្សេង​ទៀត នឹង​ត្រូវ​រុះរើ​ផ្លាស់​ប្តូរ​ស្លាក​សញ្ញា​ចេញ។ នេះ​បើ​យោង​តាម​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ស្លាក​សញ្ញា​ឡូហ្គូ ឃើញ​ថា​ មាន​ភាព​ប្រហាក់​ប្រហែល​ទៅនឹង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន។

លោកឧកញ៉ា បាន​បន្ត​ថា សូម​សមាជិក​ទំាង​អស់​ត្រួត​ពិនិត្យ​ឡើង​វិញ បើ​យល់​ឃើញ​ថា ស្លាកសញ្ញា​របស់​ខ្លួន​ប្រហាក់​ប្រហែល​ទៅ​នឹង​ស្ថាប័ន​រដ្ឋ សូម​ធ្វើការ​ពិចារណា​ការ​ផ្លាស់ប្តូរ​ចេញ​ទៅ មិន​បាច់​ដល់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ឲ្យ​ផ្លាស់​ប្តូរ​នោះ​ទេ។

យ៉ាងណា​ក៏​ដោយ លោក​ឧកញ៉ា ហួត អៀង តុង មិន​អាច​បញ្ជាក់​បា្រប់​ឈ្មោះ​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​ធនាគារ​ទាំង​៦ នោះ​ទេ។

ធនាគារ​ អេស៊ីលីដា ចាយ​ថវិកា​ជាង ៣លាន​ដុល្លារ​ដើម្បី​ប្ដុរ​ស្លាក​សញ្ញា​ ឡូហ្គោ ចាស់ចេញ។ (គេហ​ទំព័រ ធនាគារ​អេស៊ីលីដា)

ការផ្លាស់ប្តូរ​ស្លាក​សញ្ញា​នេះ ត្រូវ​បាន​តំណាង​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អះអាង​ថា មិន​មាន​ការ​ប៉ះពាល់​ដល់​ដំណើរការ​ប្រតិបតិ្ត​អាជីវកម្ម​របស់​ខ្លួន​ឡើយ។ អី្វ​ដែល​ខាតបង់ គឺ​មាន​តែ​ចំណាយ​លើ​ការផ្លាស់​ប្ដូរ​សញ្ញា​ថ្មី​ប៉ុណ្ណោះ។

រដ្ឋាភិបាល​បាន​ចេញ​វិធានការ​ភ្លាមៗ បន្ទាប់​ពី​កើត​មាន​រឿងរ៉ាវ​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការ​រឹបអូស​ដីធ្លី ផ្ទះ​សម្បែង ពី​សំណាក់​ធនាគារ គ្រឹះស្ថាន​ហិរញ្ញវត្ថុ អង្គការ​ចង​ការ​ប្រាក់​ក្រៅ​ប្រព័ន្ធ ក្រោម​រូបភាព​ដោយសារ​តែ​ពួក​គាត់​លើក​ឡើង​ថា ជំពាក់​លុយ​រដ្ឋ ខ្ចី​លុយ​រដ្ឋ ត្រូវ​បាន​រដ្ឋ​រឹបអូស​អស់​ហើយ។ 

បញ្ហានេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ហើយ​នៅពេល​ថ្មីៗ​នេះ​ដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​នៅ​តែ​ប្រកាស​យ៉ាង​ដូច្នេះ​ថា៖ «គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​គឺ​ជា​របស់​ឯកជន មិនមែន​ជា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ទេ។ ដូច្នេះ សូម​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​កុំ​យល់​ច្រឡំ»៕




អត្ថបទបន្ទាប់


គិតត្រឹម​ឆ្នាំ​២០១៦ ពលរដ្ឋ​ខ្មែរ​ជំពាក់​លុយ​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ១៧​ពាន់​លាន​ដុល្លារ

ព័ត៌មាន
ទំហំប្រាក់​កម្ចី​នៅ​​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ដែល​បាន​ផ្តល់​ទៅ​ឲ្យ​អតិថិជន​នៅ​កម្ពុជា​បាន​កើន​ដល់​ជាង ១៥​ពាន់​លាន​ដុល្…

ឧកញ៉ា លី ហួរ៖ ដើមទុនរកស៊ីដំបូងរបស់ខ្ញុំកើតចេញពីជ្រូក១ក្បាល

ព័ត៌មាន
និយាយ​ពី​ឈ្មោះ លី ហួរ មាន​ប្រជាជន​ភាគ​ច្រើន ប្រាកដ​ជា​ស្គាល់​ច្បាស់​ណាស់ តាមរយៈ លីហួរ ដូរ​លុយ ប្តូរ​បា្រក់ និង​លក់​មាស នៅ​ផ្សារ​អូរ​ឫ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ