វិស័យការពារជាតិ

​អាម៉េរិក ដាក់ចេញវិធានការទប់ស្កាត់ការគំរាមកំហែងពីដ្រូនខុសច្បាប់ ដើម្បីការពារសន្តិសុខ


រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសអាសន្ន និងដាក់ចេញវិធានការបន្ទាន់ ដើម្បីពន្លឿនការប្រើប្រាស់ប្រព័ន្ធទប់ស្កាត់យន្តហោះដ្រូនខុសច្បាប់ក្នុងគោលបំណងកម្ទេចរាល់ការគំរាមកំហែងផ្នែកសន្តិសុខជាតិ ដែលកំពុងកើនឡើងខ្លាំង។ តើសហរដ្ឋអាម៉េរិក នឹងប្រើប្រាស់អាវុធ និងបច្ចេកវិទ្យាអ្វីខ្លះ ដើម្បីការពារដែនអាកាសរបស់ខ្លួន?
វិស័យការពារជាតិ
ដោយ និង

សារព័ត៌មាន Al Jazeera បានរាយការណ៍កាលពីថ្ងៃទី៩ ខែវិច្ឆិកា ថា ស្ថាប័នជាតិកំពូលៗរបស់អាម៉េរិក រួមមាន ក្រសួងការពារជាតិ, ក្រសួងដឹកជញ្ជូន, ក្រសួងថាមពល និងក្រសួងយុត្តិធម៌ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់រួមគ្នាមួយ ដើម្បីវាយតម្លៃ និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាការពារទប់ស្កាត់ដ្រូនឱ្យបានឆាប់បំផុត ក្នុងគោលដៅការពារសុវត្ថិភាពអាកាសចរណ៍ និងគ្របដណ្តប់សន្តិសុខជាតិ ទាំងមូល។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអាម៉េរិក លោក សន ដាហ្វហ្វី (Sean Duffy) បានសង្កត់ធ្ងន់ថា ស្ថាប័នកំពូលៗរបស់អាម៉េរិក កំពុងចាត់វិធានការបែបវាយបក និងទូលំទូលាយបំផុត ដោយប្រើប្រាស់វិធីសាស្ត្ររួមគ្នារវាងគ្រប់ស្ថាប័នរដ្ឋាភិបាលទាំងអស់ ដើម្បីការពារដែនអាកាសអាម៉េរិក ពីការគំរាមកំហែងបែបថ្មីក្នុងសតវត្សរ៍ទី ២១នេះ។ ការប្រមូលផ្តុំកម្លាំងសហព័ន្ធលើកនេះ នឹងពង្រឹងសមត្ថភាពរបស់អាម៉េរិក ឱ្យកាន់តែមុតស្រួច ក្នុងការប្រយុទ្ធប្រឆាំងនឹងដ្រូនខុសច្បាប់ និងធានាសុវត្ថិភាពដាច់ខាតជូនសាធារណជន ដែលធ្វើដំណើរតាមផ្លូវអាកាស។
ការប្រកាសអាសន្ន និងដាក់ចេញវិធានការក្តៅនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់នៃអង្គការ NATO បានគូសបញ្ជាក់ពីតម្រូវការចាំបាច់ក្នុងការផលិតប្រព័ន្ធទប់ស្កាត់ដ្រូនដែលមានប្រសិទ្ធភាពខ្ពស់ ប៉ុន្តែចំណាយដើមទុនទាប ដោយបានប្តេជ្ញាចិត្តចាក់បញ្ចូលថវិការហូតដល់ទៅជាង៤០ពាន់លានដុល្លារអាម៉េរិកនៅក្នុងរយៈពេល៥ឆ្នាំខាងមុខ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានគូសបញ្ជាក់ថា ស្ថាប័នពាក់ព័ន្ធខាងលើនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ FAA និងគណៈកម្មការទំនាក់ទំនងសហព័ន្ធ ដើម្បីបង្កើនការអភិវឌ្ឍប្រព័ន្ធការពារជំនាន់ថ្មី ដែលមានសមត្ថភាពអាចស៊ើបស្វែងរក តាមដាន បញ្ឈប់ ឬផ្តាច់ការគ្រប់គ្រងលើរាល់យន្តហោះដ្រូនដែលគ្មានការអនុញ្ញាត ឬបង្កគ្រោះថ្នាក់។
គួររំឭកថា កាលពីខែមុន ទីភ្នាក់ងារ FAA ទើបតែបានប្រកាសបិទខ្ទប់ និងហាមបង្ហោះដ្រូនដោយគ្មានការអនុញ្ញាតនៅតាមបណ្តោយព្រំដែនសហរដ្ឋអាម៉េរិក-ម៉ិកស៊ិក។ វិធានការរឹតបន្តឹងការបង្ហោះជាបណ្តោះអាសន្ននេះបានហាមឃាត់រាល់ការហោះហើររបស់ដ្រូនខុសច្បាប់រហូតដល់កម្ពស់១២២ម៉ែត្រពីលើដី និងមានវិសាលភាពគ្របដណ្តប់ចម្ងាយជិត២គីឡូម៉ែត្រ នៃព្រំដែនអាម៉េរិក-ម៉ិកស៊ិក៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ហេតុអ្វីក្រុមហ៊ុនយក្ស NVIDIA តម្លៃជាង៥ទ្រីលានដុល្លារ ប្រឈមវិបត្តិគ្មានអ្នកស្នងតំណែងពីលោក?

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក NVIDIA បានក្លាយជាក្រុមហ៊ុនដ៏មានឥទ្ធិពលបំផុតមួយនៅលើពិភពលោក ដែលមានតម្លៃទីផ្សាររហូតដល់ជាង៥ទ្រីលានដុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ