ទោះយ៉ាងណា បើតាមការវាយតម្លៃរបស់មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គម្រោងបើកឲ្យហោះហើរសាកល្បងនេះ អាចត្រូវពន្យារពេលបន្ថែមទៀត ដោយសារក្រុមហ៊ុននេះមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើបន្ត ជាពិសេសពាក់ព័ន្ធការបំពេញឯកសារសន្តិសុខ និងសុវត្ថិភាពតែម្តង។
ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតារាសាគរកាលពីពេលថ្មីៗបានបើកប្រតិបត្តិការធ្វើតេស្ត បច្ចេកទេស ឧបករណ៍ សម្ភារ និងបរិក្ខាសំខាន់ៗ រួមទាំងសមត្ថភាពបុគ្គលិករបស់ខ្លួន នៅក្នុងអាកាសយានដ្ឋានអន្តរជាតិនេះ ដើម្បីចង់ដឹងពីដំណើរការរបស់ឧបករណ៍ទាំងនោះ។ ក្រោយធ្វើតេស្តអស់រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៦ ខែមេសា ជាលទ្ធផលបង្ហាញថា ការហោះហើរសាកល្បងក្នុងក្របខណ្ឌធ្វើតេស្តបច្ចេកទេសរបស់ព្រលានយន្តហោះនេះបានបញ្ចប់ដោយជោគជ័យនៅដំណាក់កាលដំបូងនេះ។
ក្រៅពីចង់ដឹងពីគុណភាពផ្លូវរត់ និងដំណើរការរបស់ឧបករណ៍បច្ចេកទេស និងបរិក្ខាដែលបានបំពាក់រួចមួយចំនួនការធ្វើតេស្តហោះហើរសាកល្បងនេះ ជាជំហានដំបូងមួយ មុនឈានទៅបើកឲ្យមានការហោះហើរសាក ដែលគ្រោងធ្វើឡើងនៅអំឡុងខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ថា ដើម្បីអាចឈានទៅបើកឲ្យមានការហោះហើរសាកល្បងនាពេលខាងមុខ ត្រូវឆ្លងកាត់ការធ្វើតេស្តឧបករណ៍ និងលក្ខណៈបច្ចេកទេសជាច្រើនលើកទៀត។
ទោះបីអាកាសយានដ្ឋាននេះទទួលបានជោគជ័យលើការធ្វើតេស្តដំណាក់កាលដំបូង តែឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា វាយតម្លៃថា គម្រោងបើកឲ្យមានការហោះហើរសាកល្បងនៅអំឡុងខែកក្កដា ខាងមុខអាចត្រូវការពេលបន្ថែមទៀត។ ព្រោះមកទល់បច្ចុប្បន្នក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិនេះ ទើបបំពេញលក្ខខណ្ឌតម្រូវរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានប្រមាណ៦០%ប៉ុណ្ណោះ ដែលជាគោលការណ៍មុនអាកាសចរណ៍ស៊ីវិលចេញវិញ្ញាបនបត្រហោះហើរឲ្យក្រុមហ៊ុនណាមួយ តម្រូវឲ្យក្រុមហ៊ុនទាំងនោះបំពេញឯកសារ និងលក្ខខណ្ឌយ៉ាងតិច៤០ប្រភេទ។
ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ក៏បានច្រាលចោលចំពោះព័ត៌មានដែលបានចុះផ្សាយថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងបានបើកឲ្យហោះហើរសាកល្បងកាលពីពេលថ្មីៗនេះផងដែរ។
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ អភិវឌ្ឍន៍ដោយក្រុមហ៊ុន យូញៀន ឌីវេឡុបមេន។ ព្រលានយន្តហោះនេះអភិវឌ្ឍន៍ដំណាក់កាលទី១លើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍន៍១ពាន់ហិកតា ដោយគ្រោងចំណាយថវិកាប្រមាណ២រយលានដុល្លារ ដែលជាការវិនិយោគគាំទ្រវិស័យទេសចរណ៍។
តាមផែនការអភិវឌ្ឍន៍រយៈពេលខ្លី និងមធ្យម ព្រលានយន្តហោះនេះរំពឹង ទទួលបានអ្នកដំណើរ៧លាននាក់ និងទំនិញ១ម៉ឺនតោនក្នុង១ឆ្នាំក្រោយពីព្រលានយន្ដហោះនេះបើកដំណើរការរហូតដល់ឆ្នាំ២០៣០ និងបន្តកើនឡើងអ្នកដំណើរ២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំចាប់ពីឆ្នាំ២០៣០-២០៥០។ ព្រលានយន្តហោះដែលមានទីតាំងស្ថិតនៅស្រុកគិរីសាគរ និងបុទុមសាគរខេត្តកោះកុងនេះ ជាលំដាប់ 4E និង 4F ដែលមានសមត្ថភាពអាចឲ្យយន្តហោះធំៗដូចជាអ៊ាបើស A-350-900 និងប៊ូអ៊ីង B777 អាចចុះចតបាន៕