នៅក្នុងកិច្ចសម្ភាសពិសេសជាមួយខេមបូណូមីស លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន PropNex Cambodia កត់សម្គាល់ឃើញថា ការអភិវឌ្ឍអគារការរិយាល័យនៅកម្ពុជា បានកើនឡើងយ៉ាងខ្លាំងនៅអំឡុងឆ្នាំ២០២១-២០២២ កន្លងទៅ ដែលជាឆ្នាំដែលពិភពលោក រួមទាំងកម្ពុជា កំពុងពើបប្រទះនឹងបញ្ហាប្រឈមជាច្រើនទាំងវិបត្តិកូវីដ-១៩ និងឥទ្ធិពលនៃបញ្ហាសង្គ្រាមនានា។ តួយ៉ាង មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានគម្រោងអគារការរិយាល័យចំនួន៨៥គម្រោង ដែលមានអត្រាផ្គត់ផ្គង់សរុបប្រមាណជាង៩០ម៉ឺនម៉ែត្រការ៉េ ប៉ុន្តែក្នុងចំណោមនោះ អត្រាប្រើប្រាស់មានប្រមាណ៦៥%ប៉ុណ្ណោះ ដែលនៅសល់ទំនេរប្រមាណជាង៣០ម៉ឺនម៉ែត្រការ៉េ។ កត្តាដែលធ្វើឱ្យទីផ្សារអគារការិយាល័យសល់ទំនេរច្រើន ត្រូវបានអ្នកជំនាញរូបនេះបញ្ជាក់ថា គឺដោយសារការផ្គត់ផ្គង់មានលើសពីតម្រូវការប្រើប្រាស់ ពិសេសបច្ចុប្បន្នមិនសូវមានក្រុមហ៊ុនបរទេស ដែលត្រូវការទំហំអគារការិយាល័យធំៗច្រើន។
បើតាមលោកស្រី អាន សុធីតា ដើម្បីអាចស្តារទីផ្សារជួយអគារការិយាល័យឱ្យមានភាពល្អប្រសើរឡើងវិញទំនងជាអាចត្រូវការចំណាយពេលយូរជាងអនុវិស័យអចលនទ្រព្យផ្សេងៗ ពោលគឺវិស័យនេះអាចចំណាយពេលពី៣ទៅ៥ឆ្នាំឯណោះ។ អ្នកជំនាញរូបនេះអះអាងថា ស្របពេលការផ្គត់ផ្គង់លើសតម្រូវការប្រើប្រាស់ប៉ុណ្ណោះទេ តម្លៃជួលក្នុងវិស័យនេះក៏មានការធ្លាក់ចុះប្រមាណ១០% ទៅ១៥% ផងដែរនាពេលបច្ចុប្បន្ននេះ។
បើតាមអ្នកជំនាញរូបនេះ ក្នុងចំណោមគម្រោងអគារការិយាល័យនៅតាមខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ អគាការិយាល័យដែលនៅតែមានទីផ្សារ និងតម្រូវការប្រើប្រាស់ខ្ពស់ជាងគេនោះ គឺស្ថិតក្នុងខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌទួលគោក ដោយខណ្ឌទាំងនេះសំបូរទៅដោយអគាការិយាល័យកម្រិត A និងកម្រិត B៕