រដ្ឋមន្រ្តីកសិកម្ម

រដ្ឋមន្រ្តីកសិកម្មប្ដេជ្ញាជំរុញឲ្យមានស្ថិរភាពថ្លៃ និងតម្លៃខ្ពស់សម្រាប់កសិផលក្នុងស្រុក និងនាំចេញ


ដើម្បីលើកកម្ពស់និងជំរុញវិស័យកសិកម្មនៅកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដាក់ចេញនូវទស្សនទានថ្មី សំដៅធ្វើយ៉ាងណាធានាឲ្យបាននូវស្ថិរភាពថ្លៃកសិផលចំពោះទីផ្សារក្នុងស្រុកនិងជំរុញការផលិតចំពោះផលិតផលណាដែលមានតម្លៃខ្ពស់សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានគូសបញ្ជាក់ថា វិស័យកសិកម្មកម្ពុជា មានចំណុចខ្លាំង និងចំណុចខ្សោយ ដែលត្រូវទទួលស្គាល់និងកែតម្រូវ។ ដូច្នេះ ក្រសួងកសិកម្ម មានផែនការក្នុងខ្សែចង្វាក់ផលិតកម្មកសិកម្ម ដោយធានាឲ្យបានចំពោះស្ថិរភាពថ្លៃលើផលិតផលកសិកម្មនៅក្នុងស្រុក ថែមទាំងជំរុញឲ្យប្រសើរឡើងនូវតម្លៃផលិតផលសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្ដីពី«ទស្សនទានក្នុងវិស័យកសិកម្មនៅកម្ពុជា» នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ក្រសួងបាននិងកំពុងជំរុញ និងបន្តអនុវត្តនូវយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ និងអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ រដ្ឋមន្រ្តីកសិកម្មវ័យក្មេងរូបនេះ បានបញ្ជាក់ថា ក្រសួងចង់បានការរីកចម្រើនព្រមគ្នា សម្រាប់តួអង្គទាំងអស់ នៅក្នុងខ្សែចង្វាក់ផលិតកម្ម ហើយការដែលទុកចោល ឬមិនផ្តល់សារសំខាន់ដល់តួអង្គណាមួយ នឹងនាំឱ្យខ្សែចង្វាក់ផលិតកម្មទាំងមូលជាប់គាំង និងជួបបញ្ហា។ ដូច្នេះ ចំពោះទស្សនទានរបស់ក្រសួង គឺការទាញយកសក្តានុពលកសិកម្មដែលមានស្របទៅនឹងស្ថានភាពអំណោយផលពីធម្មជាតិរបស់កម្ពុជា មកបែងចែកប្រកបដោយសមធម៌ ទៅតាមខ្សែចង្វាក់ផលិតកម្មទាំងមូលតាំងពីការផលិត រហូតដល់អ្នកប្រើប្រាស់ឬអ្នកទទួលទានចុងក្រោយ។

ឯកឧត្តមបានពន្យល់បន្ថែមថា ផ្អែកទៅលើបទពិសោធន៍កន្លងមក ក្រសួងបានសិក្សាពីភាពជោគជ័យរបស់ម្រេចកំពត មកពិនិត្យវាយតម្លៃ និងរៀបចំ ដើម្បីរៀបចំផលិតផលផ្សេងៗ ឱ្យមានស្តង់ដារបែបនេះ ព្រោះផលិតផលនេះ បើទោះបីជា ផលិតបានតិច តែមានតម្លៃខ្ពស់ នៅលើទីផ្សារអន្តរជាតិ។ រដ្ឋមន្រ្តីកសិកម្ម ក៏បានកត់សម្គាល់ទៀតថា ផលិតផលកម្ពុជាផ្សេងទៀត ដូចជា កៅស៊ូ អង្កររំដួល និងគ្រាប់ស្វាយចន្ទី ជាដើម សុទ្ធតែជាផលិតផល ដែលមានការទទួលស្គាល់នូវគុណភាព ជាងបណ្តាប្រទេសផ្សេងទៀត។ ដូច្នេះ ផ្អែកលើចំណុចនេះ ទស្សនទានមិនចាំបាច់ផលិតអង្ករបែបនេះ ក្នុងបរិមាណច្រើន ក្នុងតម្លៃថោក ដើម្បីទៅប្រកួតប្រជែងជាមួយប្រទេសជិតខាងនោះទេ គឺត្រូវលក់ឱ្យបានតម្លៃថ្លៃជាងគេ។ ទន្ទឹមនោះ លោកក៏បានអះអាងទៀតថា ទៅថ្ងៃខាងមុខ ការផលិតរបស់កម្ពុជា គឺយកផលចំណេញជាគោល ពោលគឺក្រសួងនឹងមិនបង្ខំ ក្នុងការផលិតច្រើនឡើយ តែផលិតក្នុងបរិមាណល្មម ហើយចំណេញច្រើន។

យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម បានសង្កត់ធ្ងន់ទៀតថា កម្ពុជាមិនអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ដោយផ្អែកលើបរិមាណ និងតម្លទាបនោះទេ ដោយសារកត្តាថ្លៃដើមខ្ពស់ ទាំងក្នុងការផលិត និងដឹកជញ្ជូន។ កម្ពុជា មានឧត្តមភាពខ្ពស់ លើកត្តាគុណភាព ដូច្នេះ កម្ពុជាគួរផ្ដោតលើការពង្រឹងឧត្តមភាពនេះ សម្រាប់ការប្រកួតប្រជែងរបស់ខ្លួន។ លើសពីនេះ ការបង្កើនការផលិតលើសតម្រូវការទីផ្សារ ដើម្បីទទួលបានតម្លៃថោក មិនមែនជាភាពខ្លាំងរបស់វិស័យកសិកម្មនៅកម្ពុជា នោះទេ។ ដើម្បីសម្រេចគោលដៅនេះ ក្រសួងកសិកម្មត្រូវទទួលបន្ទុករៀបចំប្រព័ន្ធផលិតកម្មកសិកម្មមួយដែលមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៃទីផ្សារ ទាំងបរិមាណ និងគុណភាព។ បើទោះជាយ៉ាងនេះក្ដី រដ្ឋមន្រ្តីកសិម្ម ក៏បានអះអាងទៀតថា ការរៀបចំចងក្រង និងប្រមូលផ្ដុំគ្នា ដើម្បីចូលរួមអនុវត្តប្រព័ន្ធផលិតកម្មកសិកម្មថ្មីនេះ ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕




អត្ថបទបន្ទាប់


ពិភពលោកនៅសល់បន្ទះឈីបសម្រាប់ការផលិតស្មាតហ្វូនច្រើន ប៉ុន្ដែនៅខ្វះខាតឈីបសម្រាប់ផលិតរថយន្ដ

ព័ត៌មាន
ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២មក និងបន្តរហូតដល់ឆ្នាំ២០២៣ ការផ្គត់ផ្គង់ឈីបសម្រាប់ស្មាតហ្វូន គឺសល់លើសលប់ ប៉ុន្តែវាបែរជាខ្វះខាតសម្រាប់ការផលិ…

ថៃរំពឹងទេសចរបរទេសកើនដល់២០លាននាក់ក្នុងឆ្នាំ២០២៣ ខណៈឆ្នាំមុនសម្រេចបានកំណើនលើសគោលដៅ

ព័ត៌មាន
ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃ ដែលទើបនឹងជាប់ឆ្នោតសម្រាប់អាណត្តិថ្មី បាននិយាយថា ប្រទេសថៃរំពឹងថាអាចស្រូបទាញភ្ញៀវបរទេសបានចំនួនជាង ២០លាននាក់ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ