លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា កត់សម្គាល់ឃើញថា នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំសកលកន្លងទៅ ភ្ញៀវទេសចរផ្ទៃក្នុងមានការចេញដើរលេងកម្សាន្តច្រើន ដែលជាហេតុធ្វើឱ្យតំបន់ទេសចរណ៍មួយចំនួនមានការកកស្ទះ។
អ្នកជំនាញរូបនេះចាត់ទុកកំណើនចលនាភ្ញៀវទេសចរផ្ទៃក្នុងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ ដោយហេតុថា ចង់ ឬមិនចង់អ្នកដើរកម្សាន្តនឹងត្រូវចំណាយថវិកាលើផលិតផល និងសេវាកម្មផ្សេងៗ ហើយអ្នកបម្រើសេវាកម្មទេសចរណ៍នឹងទទួលបានអត្ថប្រយោជន៍ពីចលនាទេសចរផ្ទៃក្នុង ស្របពេលនៅឆ្នាំនេះ រាជរដ្ឋាភិបាលដាក់គោលដៅស្ដារវិស័យទេសចរណ៍ឱ្យបានដូចមុនវិបត្តិកូវីដ-១៩។
ស្រដៀងគ្នានេះ ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍កត់សម្គាល់ឃើញថា នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនាពេលថ្មីៗនេះ មានពលរដ្ឋជាច្រើនបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ។
អ្នកជំនាញរូបនេះ ជឿជាក់ថា តាមរយៈចលនាដើរលេងកម្សាន្តរបស់ទេសចរផ្ទៃក្នុងយ៉ាងផុសផុលនេះ ចង់ មិនចង់វានឹងដល់ប្រតិបត្តិករ និងអ្នករកស៊ីក្នុងវិស័យទេសចរណ៍ ក៏ដូចជាជួយបង្កើនចំណូលសេដ្ឋកិច្ចនៅតាមមូលដ្ឋាន។
អ្នកនាំពាក្យរូបនេះសង្ឃឹមថា នៅក្នុងឆ្នាំ២០២៤ នេះ កម្ពុជានឹងអាចស្ដារវិស័យទេសចរណ៍ឱ្យត្រលប់មកដូចមុនវិបត្តិកូវីដ-១៩ ជាមួយក្តីរំពឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសបានចន្លោះពីជាង៦លានទៅ៧លាននាក់។
ទិន្នន័យពីមន្ទីរទេសចរណ៍នៅតាមបណ្ដាខេត្តគោលដៅទេសចរណ៍សំខាន់បានឱ្យដឹងថា នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលកន្លងទៅនេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប្រមាណជាង៣០ម៉ឺននាក់ ខណៈខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរប្រមាណជាង២៦ម៉ឺននាក់, ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាង៣៤ម៉ឺននាក់, ខេត្តកំពតទទួលបានភ្ញៀវទេសចរជិត៤០ម៉ឺននាក់។
សូមរំលឹកថា នៅក្នុងពិធីសម្ពោធព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចាត់ទុកឆ្នាំ២០២៤ ជាឆ្នាំនៃការរស់ឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា។
បើតាមការគូសបញ្ជាក់របស់សម្ដេច ហ៊ុន ម៉ាណែត បច្ចុប្បន្នក្រសួងទេសចរណ៍កំពុងចរចាជាមួយបណ្ដាក្រុមហ៊ុនអាកាសចរណ៍នានា ដើម្បីភ្ជាប់ការហោះហើរត្រង់មកកាន់កម្ពុជា ស្របពេលដែលរដ្ឋាភិបាលកម្ពុជា-ចិន បានយកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ឬហៅថាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលនឹងជួយជំរុញអ្នកវិនិយោគ និងអ្នកទេសចរចិនឱ្យធ្វើដំណើរមកកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត៕
អត្ថបទ៖ បូ ដូឡា