ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ស្របពេលការផ្គត់ផ្គង់ប្រេងនៅលើពិភពលោករងការគំរាមកំហែង ហើយតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ហក់ឡើងខ្ពស់ ការប្រើប្រាស់ដោយសន្សំសំចៃ គឺជាជម្រើសដ៏ឆ្លាតវៃនៅក្នុងកាលៈទេសៈនេះ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ពលរដ្ឋពុំគួរមានការព្រួយបារម្ភហួសហេតុរហូតដល់ថ្នាក់សម្រុកនាំគ្នាទៅទិញប្រេងស្តុកទុកនោះទេ ព្រោះវាអាចបង្កហានិភ័យផ្សេងៗ និងជំរុញឱ្យតម្លៃប្រេងហក់ឡើង ក៏ដូចជាអាចធ្វើឱ្យអ្នកផ្សេង ដែលមានតម្រូវការចាំបាច់ជួបបញ្ហាខ្វះប្រេងសម្រាប់ប្រើប្រាស់។ ឯកឧត្តមបានអះអាងថា បច្ចុប្បន្នអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) កំពុងតាមដានយ៉ាងយកចិត្តទុកដាក់នៅតាមស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេស ប្រសិនបើរកឃើញថា មានការលក់លើសតម្លៃកំណត់ នោះវិធានការច្បាប់នឹងត្រូវអនុវត្តភ្លាមៗដោយគ្មានការលើកលែង។
ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងកាលពីពេលថ្មីៗថា មកទល់ពេលនេះមិនមានសញ្ញាណាមួយបង្ហាញថា កម្ពុជា អាចប្រឈមនឹងខ្វះប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់នោះទេ ពោលគឺក្រុមហ៊ុនឯកជនក្នុងស្រុកជាច្រើននៅតែបន្តដំណើរការផ្គត់ផ្គង់ និងនាំចូលប្រេងមកបំពេញស្តុកបន្ថែមជាធម្មតា។ តែយ៉ាងណា ឯកឧត្តម ទទួលស្គាល់ថា តម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជា អាចនឹងមានការកើនឡើងក្នុងអំឡុងពេលផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា ព្រោះតម្លៃប្រេងនៅកម្ពុជា ត្រូវបានកំណត់តាមការប្រែប្រួលនៃតម្លៃប្រេងសកល។
ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម យល់ឃើញថា ក្នុងកាលៈទេសៈនេះ ពលរដ្ឋពុំគួរជ្រួលច្របល់នាំគ្នាសម្រុកទិញប្រេងស្តុកទុកនោះទេ ព្រោះវានាំឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងនៅទូទាំងប្រទេស ត្បិតថា កម្ពុជា អាចមានសមត្ថភាពផ្គត់ផ្គង់ប្រេងរហូតដល់១ខែដោយមិនចាំបាច់នាំចូល។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ ពលរដ្ឋអាចងាកទៅប្រើប្រាស់យានយន្តអគ្គសនី ក៏ដូចជាកាត់បន្ថយការប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនមកមធ្យោបាយធ្វើដំណើរសារធារណៈ ជាពិសេសត្រូវប្រើប្រាស់ប្រេងសាំង និងឧស្ម័នដោយសន្សំសចៃខ្ពស់។
ទោះជាយ៉ាងណាលោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងក្រោយសង្កេតឃើញមានពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែនដូចជាបាត់ដំបង និងប៉ោយប៉ែតជាដើម ផ្ដើមសម្រុកទិញប្រេងស្តុកទុក។ លោកបានព្រមានថា ការស្តុកប្រេងក្នុងលំនៅឋាន គឺជាហានិភ័យដ៏ខ្ពស់បំផុត ដែលអាចបង្កជាសោកនាដកម្មអគ្គិភ័យគ្រប់វិនាទី និងធ្វើឱ្យរំខានដល់សន្តិសុខស្បៀង និងថាមពលជាតិ។
គួរបញ្ជាក់ថា ដើម្បីពង្រឹងឯករាជ្យភាពផ្នែកថាមពល កម្ពុជា កំពុងស្ថិតក្នុងកិច្ចពិភាក្សាជាមួយក្រុមហ៊ុនអន្តរជាតិ ដើម្បីបង្កើតរោងចក្រចម្រាញ់ប្រេងក្នុងស្រុកជាលើកដំបូង។ ប្រសិនបើគម្រោងនេះជោគជ័យ កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងផ្ទាល់ខ្លួនក្នុងរយៈពេល៣ឆ្នាំខាងមុខ ដែលនឹងជួយកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើការនាំចូលពីបរទេស៕
អត្ថបទ ៖ ជា ម៉ារ៉ា