លោកពូទីនព្រមានប្រាប់លោកខាងលិច

លោកពូទីនព្រមានប្រាប់លោកខាងលិចថា ពិភពលោកកំពុងជួបស្ថានការណ៍ដ៏គ្រោះថ្នាក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២មក


ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី ២៧ តុលា បាននិយាយថា «ពិភពលោកនឹងប្រឈមមុខនូវទសវត្សរ៍ដ៏គ្រោះថ្នាក់បំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទី២ ខណៈលោកបាននិយាយទៅកាន់ពួកអ្នកមានអំណាចនៅបស្ចិមលោកថា កំពុងជ្រួលច្របល់អំពីការដួលរលំដែលជៀសពុំរួច នៃការគ្រប់គ្រងពិភពលោកតាមបែបសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ក្រោយបាត់មុខមួយរយៈ លោក ពូទីន ចេញមុខប្រលះលោកខាងលិចចំៗ!

នៅក្នុងកិច្ចពិភាក្សានៃវេទិកា វ៉ាលដៃ (Valdai) ក្រោមចំណងជើងថា «ពិភពលោកក្រោយសម័យ​អនុត្តរភាព៖ យុត្តិធម៌ និងសន្តិសុខសម្រាប់មនុស្សគ្រប់គ្នា» លោក ពូទីន មេដឹកនាំកំពូលរបស់រុស្ស៊ីបានប្រាប់វេទិកានោះថា​៖ «ការគ្រប់គ្រងពិភពលោក​ដោយឯកប៉ូលជាប្រវត្តិសាស្ត្ររបស់​ពួកបស្ចិមលោកកំពុងឈានដល់ទីបញ្ចប់ហើយ»។

នៅក្នុងការបង្ហាញខ្លួនជាសាធារណៈជិត៤ម៉ោង ចាប់តាំងពីបានបញ្ជូន​កងទ័ពចូលឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក លោក ពូទីន បាននិយាយ​យ៉ាងដូច្នេះថា លោកមិនដែលសោកស្តាយចំពោះអ្វីដែលលោកហៅថា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួនឡើយ ផ្ទុយទៅវិញ​លោកបានចោទប្រកាន់​លោកខាងលិចចំៗថា បានញុះញង់ឱ្យសង្រ្គាមនេះផ្ទុះឡើង ព្រមទាំងលេងល្បែងសង្គ្រាមប្រកបដោយ «ការបង្ហូរឈាម និងគ្រោះថ្នាក់» ដែលដើរសាបព្រួស​ភាពចលាចលវឹកវរ​ទូទាំងពិភពលោក។

លោកបានសង្កត់ធ្ងន់ថា៖ «យើងកំពុងឈរនៅព្រំដែន​ប្រវត្តិសាស្ត្រ​ ដែលនៅពេលខាងមុខប្រកបដោយគ្រោះថ្នាក់ និងមិនអាចទាយទុកជាមុនបាន ហើយទន្ទឹមនឹងនោះ វាគឺជាទសវត្សរ៍ដ៏គ្រោះថ្នាក់ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរមក»។

លោកពូទីន​បាននិយាយបកស្រាយយ៉ាងឥតលាក់លៀមថា លោកខាងលិចកំពុងធ្លាក់ចុះអំណាច ហើយមហាអំណាចអាស៊ីកំពុងតែរះឡើង​ដូចជាប្រទេសចិន។ លើសពីនេះ លោក​បាន​ចាត់​ទុក​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយក្រែន​ថា ​ជា​សមរភូមិ​រវាង​លោកខាងលិច ​និង​រុស្ស៊ីក្នុងការកំណត់ជោគវាសនាជនជាតិស្លាវិក​នៅក្នុងប្រទេសអ៊ុយក្រែន ហើយមានតែរុស្ស៊ីទេ ដែលអាចធានាការពារបូរណភាពទឹកដីរបស់អ៊ុយក្រែនបាន។

ដោយឡែក​ នៅក្នុងវេទិកាដេញដោលនោះដែរ មានការលើកឡើងដោយប្រៀបប្រដូចស្ថានការសង្គ្រាមអ៊ុយក្រែនបច្ចុប្បន្នទៅនឹងវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ ដែលកាលនោះជាការប្រឈមមុខនុយក្លេអ៊ែរដាក់គ្នារវាងមហាអំណាចសូវៀត និងអាមេរិក តែឥលូវនេះក្រោយមើលឃើញពីការគំរាមប្រើនុយក្លេអ៊ែរពីសំណាក់រុស្ស៊ីនោះ មានសំណួរថាតើលោក ពូទីន នឹងប្រើអាវុធនោះមែន ឬយ៉ាងណា? ប្រធានាធិបតីរុស្សីលោក ពូទីន បានឆ្លើយតបភ្លាមៗថា «លោកគ្មានបំណងធ្វើដូចអតីតមេដឹកនាំ​សហភាពសូវៀត លោកនីគីតា គ្រូសឆេវ (Nikita Khrushche) រួមជាមួយអតីត​ប្រធានាធិបតីអាមេរិក លោក​ John F. Kennedy ដែលយកវាសនាពិភពលោកទៅ​លេងសើចនោះទេ តែលោកថា ដរាបណាវត្តមាននុយក្លេអ៊ែរនៅតែមាន នោះលទ្ធភាព​នៃការប្រើវាក៏មានដូចគ្នា។

យ៉ាងណាមិញ បើក្រឡែក​ទៅមើលស្ថានការសង្គ្រាមវិញ​ក៏នៅតែបន្តវាយប្រហារគ្នាឥតដកដៃនៅឡើយ ដោយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរុស្ស៊ីម្នាក់កាលពីពេលថ្មីៗនេះបានព្រមានបាញ់ទម្លាក់ផ្កាយរណ​បស៊ីវិល​របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផងដែរ ប្រសិនបើពួកគេចូលរួមជួយអ៊ុយក្រែនក្នុងសង្គ្រាមនោះ។

លោក Konstantin Vorontsov អនុប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធនៃក្រសួងការបរទេសរុស្ស៊ីបានប្រាប់អង្គការសហប្រជាជាតិថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបាននិងកំពុងព្យាយាមប្រើប្រាស់ផ្កាយរណប ដើម្បីពង្រឹងការគ្រប់គ្រង​ទីអវកាសរបស់ខ្លួន ដោយលោកមិន​បានបញ្ជាក់ថា ប្រព័ន្ធផ្កាយរណបណាមួយនោះឡើយ តែក្នុងនោះ​ក៏មាន​ប្រភព​ផ្កាយរណប Starlink នៃក្រុមហ៊ុន​អវកាល SpaceX របស់លោក Elon Musk ដែលនៅតែ​ផ្តល់​សេវាអ៊ីន​ធឺណិត​របស់ខ្លួនទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែនប្រើប្រាស់ផងដែរ។

ភ្លាមៗក្រោយការប្រកាសព្រមានបាញ់ទម្លាក់ សេតវិមានអាមេរិកតាមរយៈ​អ្នកនាំពាក្យ លោក John Kirby បានប្រាប់កាន់អ្នកយកព័ត៌មានថា ការវាយប្រហារណាមួយរបស់រុស្ស៊ី​មកលើហេដ្ឋារចនាសម្ព័ន្ធផ្កាយរណបរបស់សហរដ្ឋអាមេរិក នឹងត្រូវទទួលការឆ្លើយតបតវិញយ៉ាងដាច់ខាតតែម្តង៕




អត្ថបទបន្ទាប់


ក្រោយទិញសម្រេចទិញយក Twitter លោក Elon Musk បានបណ្តេញនាយកធំៗណាខ្លះ?

ព័ត៌មាន
លោក Elon Musk បានសម្រេចការទិញ និងក្លាយជាម្ចាស់ថ្មីរបស់ក្រុមហ៊ុន Twitter ហើយ ក្នុងទំហំទឹកប្រាក់ ៤៤ពាន់លានដុល្លារ នៅថ្ងៃទី២៧ ខែតុលា ឆ្នា…

ធនាគារកណ្តាលអឺរ៉ុបសម្រេចចិត្តដ៏កម្រដំឡើងអត្រាការប្រាក់គោល ០,៧៥% ចំពេលអតិផរណាកើនខ្ពស់

ព័ត៌មាន
នៅថ្ងៃព្រហស្បតិ៍ទី២៦តុលា ធនាគារកណ្តាលអឺរ៉ុបបានសម្រេចដំឡើងអត្រាការប្រាក់ ០,៧៥% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៩មក ដោយសន្យាថា នឹង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ