ការផ្ទុះរាលដាលកូវីដ១៩ជាថ្មីទៀត បាននិងកំពុងធ្វើឲ្យប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងឆៅដ៏ធំបំផុតមួយរបស់ពិភពលោក បានចាប់ផ្តើមផ្អាកអាជីវកម្មធំៗ និង បិទខ្ទប់នៅតាមតំបន់មួយចំនួនឡើងវិញ ហើយវាក៏បានជះឥទ្ធិពលដល់ទីផ្សារប្រេងឆៅពិភពលោក រអិលធ្លាក់ចុះផងដែរ។
អ្នកវិភាគមកពីក្រុមហ៊ុនប្រឹក្សា Eurasia Group បាននិយាយនៅក្នុងសេចក្តីថ្លែងការមួយថា ការកើនឡើងការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ច និង តម្រូវការបន្តធ្លាក់ចុះនៅក្នុងប្រទេសចិនកំពុងធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ ទោះបីជាបរិមាណនៃការផ្គត់ផ្គង់បច្ចុប្បន្ននៅតែមិនច្បាស់លាស់ក៏ដោយ។
ទីក្រុងជាច្រើនរបស់ចិនកំពុងទទួលរងនូវវិធានការទប់ស្កាត់មេរោគបំប្លែងថ្មីអូមីក្រុង ដោយរាប់ចាប់ពីការផ្អាកអាជីវកម្ម រហូតដល់ការបិទខ្ទប់នៅតាមតំបន់មួយចំនួនឡើងវិញ ដើម្បីទប់ទល់នឹងការឆ្លងថ្មីនៃមេរោគកូវីដ១៩ ខណៈដែលមេរោគបំប្លែងថ្មីអូមីក្រុងប្រភេទ BA.5 ត្រូវបានរកឃើញនៅក្នុងទីក្រុងស៊ាងហៃ។
គួរកត់សម្គាល់ថា សម្រាប់តម្លៃប្រេងឆៅអង់គ្លេសនៅក្នុងខែកញ្ញាត្រូវបានគេព្យាករណ៍ថាធ្លាក់ចុះ ១ ដុល្លារ ៤៧ សេន មកត្រឹម ១០៥ ដុល្លារ ៦៣ សេនក្នុងមួយធុងបារ៉ែល ខណៈប្រេងឆៅរបស់អាមេរិកសម្រាប់ចែកចាយខែសីហានឹងមានតម្លៃ ១០២ ដុល្លារ ៥០ សេនក្នុងមួយបារ៉ែល ធ្លាក់ចុះ ១ ដុល្លារ ៥៩ សេន។
មែនទែនទៅ ការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើរុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែនបានធ្វើឱ្យមានផលប៉ះពាល់ដល់លំហូរពាណិជ្ជកម្មសម្រាប់ប្រេងឆៅ និងប្រេងឥន្ធនៈជាខ្លាំង។ សហភាពអឺរ៉ុបបានកាត់ផ្តាច់ការនាំចូលប្រេងពីរុស្ស៊ីប្រមាណ ៩០% ដើម្បីជាផ្នែកមួយនៃទណ្ឌកម្ម ខណៈទីក្រុងម៉ូស្គូជាអ្នកផ្គត់ផ្គង់ដ៏ធំសម្រាប់ប្លុកនេះ។ ចាប់តាំងពីការដាក់ទណ្ឌកម្មលើការហ៊ុមព័ទ្ធប្រេងរបស់រុស្ស៊ីមកលើ ទីផ្សារតម្លៃប្រេងឥន្ធនៈ គេសង្កេតឃើញថា វិស័យថាមពលពិភពលោកមានភាពរង្គះរង្គើរជាខ្លាំង។
យ៉ាងណាមិញ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងធ្វើសំណើរសម្រាប់ការផលិតប្រេងកាន់តែច្រើនពីអង្គការOPEC នៅពេលលោកជួបជាមួយមេដឹកនាំអារ៉ាប៊ីសាអូឌីតក្នុងសប្តាហ៍នេះ ដើម្បីសម្រួលដល់តម្លៃប្រេងសកលដែលកំពុងកើនឡើងខ្លាំង។
ទោះយ៉ាងណា អ្នកវិភាគ Eurasia បាននិយាយថា អារ៉ាប៊ីសាអូឌីតទំនងជានឹងមិនបន្ថែមបរិមាណផលិតច្រើនក្នុងរយៈពេលដ៏ខ្លីនេះទេ បើទោះបីជាមានការធ្វើដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីលោក Joe Biden ក៏ដោយ ដោយសារតែទីក្រុង Riyadh នឹងផ្តល់អាទិភាពដល់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការគ្រប់គ្រងទីផ្សារ ដើម្បីជាសវាងការខាតបង់នាពេលអនាគត។
គួរជម្រាបថា នៅសហរដ្ឋអាមេរិក ស្តុកប្រេងឆៅ និង ប្រេងសាំងត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះកាលពីសប្តាហ៍មុន ប៉ុន្ដែ ដែលស្តុកប្រេងឆៅនេះ ទំនងជាកើនឡើងវិញនាពេលខាងមុខនេះ នេះបើតាមការស្ទង់មតិបឋមរបស់ Reuters បានបង្ហាញកាលពីថ្ងៃចន្ទសប្តាហ៍នេះ៕