ប្រទេសផលិតប្រេងធំៗដូចជាអ៊ីរ៉ាក់ និងគុយវ៉ែតជាដើមបានចាប់ផ្តើមកាត់បន្ថយការផលិតប្រេងរបស់ខ្លួន បន្ទាប់ពីកាតាបានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) កាលពីពេលថ្មីៗនេះ ក្រោយខ្សែច្រវាក់ដឹកជញ្ជូនត្រូវបានកាត់ផ្តាច់ទាំងស្រុងដោយសារសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលធ្វើឱ្យទីផ្សារថាមពលសកលរងការរង្គោះរង្គើកាន់តែខ្លាំង។
អ្នកវិភាគបានព្យាករថា អារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីតអាចនឹងឈានទៅរកការកាត់បន្ថយទិន្នផលប្រទេសក្នុងពេលឆាប់ៗនេះដែរ ដោយសារឃ្លាំងស្តុកប្រេងរបស់ពួកគេជិតហៀរហូរ តែមិនអាចនាំចេញបាន។ អ្នកជំនាញបានព្រមានថា ទោះបីជាសង្គ្រាមអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗក៏ដោយ ក៏អ្នកប្រើប្រាស់ និងអាជីវកម្មជុំវិញពិភពលោកនៅតែត្រូវប្រឈមមុខនឹងតម្លៃប្រេងហក់ឡើងខ្ពស់រាប់ខែទៅមុខទៀត ដោយសាររោងចក្រចម្រាញ់ប្រេងរងការខូចខាត ការដឹកជញ្ជូននៅជាប់គាំង និងហានិភ័យធានារ៉ាប់រងកើនឡើងខ្ពស់។
តម្លៃប្រេងឆៅនៅលើទីផ្សារអង់គ្លេសនៅព្រឹកថ្ងៃទី៩ ខែមីនា បានកើនឡើងជាង១៨ដុល្លារ ឬជិត២០% ឈានដល់ជាង១១១ដុល្លារក្នុង១បារ៉ែល ខណៈតម្លៃប្រេងនៅលើទីផ្សារអាម៉េរិកបានកើនឡើងជាង១៦ដុល្លារ ឬជាង១៨% ឈានដល់ជាង១០៧ដុល្លារក្នុង១បារ៉ែល។
អ្នកជំនាញយុទ្ធសាស្ត្រទំនិញជាន់ខ្ពស់របស់ធនាគារ ANZ បានលើកឡើងនូវសញ្ញាព្រមានដ៏គួរឱ្យភ័យខ្លាចមួយថា ប្រសិនបើស្ថានការណ៍នៅតែបន្តបែបនេះ អ្នកផលិតអាចនឹងឈានដល់ការបិទអណ្តូងប្រេង តែម្តង។ ហើយប្រសិនបើអណ្តូងប្រេងត្រូវបិទ វាមិនត្រឹមតែធ្វើឱ្យខ្វះប្រេងសម្រាប់ប្រើប្រាស់ភ្លាមៗនោះទេ តែវានឹងធ្វើឱ្យការស្ដារការផ្គត់ផ្គង់ឡើងវិញមានភាពយឺតយ៉ាវ ទោះបីជាជម្លោះបានបញ្ចប់ក៏ដោយ។ នេះគឺជាសញ្ញាបង្ហាញថា ពិភពលោកអាចនឹងត្រូវរស់នៅជាមួយយុគសម័យប្រេងថ្លៃ ក្នុងរយៈពេលយូរអង្វែង ដែលនឹងក្លាយជាសម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរសម្រាប់គ្រប់បណ្តាប្រទេសទាំងអស់៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស