អ្នកឧកញ៉ា សួរ វីរៈ

អ្នកឧកញ៉ា សួរ វីរៈ ស្នើឱ្យបង្កើតច្រកចេញចូលតែមួយ ដើម្បីលុបបំបាត់ភាពស្មុគស្មាញលើការស្នើសុំបតភ្ជាប់ចរន្តអគ្គិសនីទៅកាន់ស្ថានីយសាករថយន្តអគ្គិសនី


ស្របពេលដែលនិន្នាការប្រើប្រាស់រថយន្តអគ្គិសនី (EV) នៅកម្ពុជាកំពុងហក់ឡើងយ៉ាងគំហុកនៅមួយរយៈពេលចុងក្រោយនេះ ការវិនិយោគលើស្ថានីយបញ្ចូលថាមពលអគ្គិសនី ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនផងដែរ។ ទោះជាយ៉ាងណា ថ្នាក់ដឹកនាំក្រុមហ៊ុន វិរៈប៊ុនថាំ ដែលជាវិនិយោគិនឈានមុខគេមួយលើគម្រោងបង្កើតស្ថានីយសាកថាមពលបានទម្លាយថា ភាពយឺតយ៉ាវ និងភាពស្មុគស្មាញ នៃនីតិវិធីស្នើសុំតភ្ជាប់ចរន្តអគ្គិសនីពីបណ្តាញត្រង់ហ្វូចូលស្ថានីយកំពុងក្លាយជាឧបសគ្គធំ។
អ្នកឧកញ៉ា សួរ វីរៈ
ដោយ

ក្រុមហ៊ុនបានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធបង្កើតជាច្រកចេញចូលតែមួយ ដើម្បីពន្លឿននីតិវិធី សំដៅជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស បានគូសបញ្ជាក់ថា ស្របពេលនិន្នាការប្រើប្រាស់យានយន្ដអគ្គិសនីកំពុងរីកដុះដាលខ្លាំងនៅទូទាំងពិភពលោក រួមទាំងកម្ពុជា ក្រុមហ៊ុនខ្លួនបានដាក់ផែនការពង្រីកស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីឱ្យបាន១០០សាខានៅឆ្នាំ២០២៦នេះ។ ប៉ុន្តែអ្នកជំនួញដ៏ល្បីល្បាញរូបនេះបានអះអាងថា ទោះបីជាក្រុមហ៊ុនមានសមត្ថភាពថវិកា និងត្រៀមខ្លួនរួចរាល់យ៉ាងណាក៏ដោយ បញ្ហាប្រឈមធំបំផុតនាពេលនេះ គឺការកកស្ទះលើនីតិវិធីរដ្ឋបាលក្នុងការស្នើសុំតភ្ជាប់អគ្គិសនីពីបណ្តាញត្រង់ហ្វូចូលមកកាន់ស្ថានីយនីមួយៗ ដែលត្រូវចំណាយពេលយូររហូតដល់៣ទៅ៤ខែ។ ភាពយឺតយ៉ាវនេះ មិនត្រឹមតែរាំងស្ទះដល់ផែនការអាជីវកម្មរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្រូវការប្រើប្រាស់ជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលជិះរថយន្តអគ្គិសនីផងដែរ។ ជុំវិញបញ្ហានេះអ្នកឧកញ៉ា សួរ វីរៈ បានសង្កត់ធ្ងន់ថា ស្ថាប័នពាក់ព័ន្ធរួមមានក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា (EDC) និងអាជ្ញាធរអគ្គិសនីកម្ពុជាគួរតែរួមដៃគ្នារៀបចំបង្កើតជាច្រកចេញចូលតែមួយ ដើម្បីបង្រួញនីតិវិធី និងពន្លឿនការតភ្ជាប់ត្រង់ហ្វូឱ្យបានឆាប់រហ័ស។
បើតាមការបញ្ជាក់របស់អ្នកឧកញ៉ា សួរ វីរៈ ប្រសិនបើបញ្ហាការតភ្ជាប់បណ្តាញអគ្គិសនីទៅកាន់ស្ថានីយសាកថ្មនៅតែមានភាពយឺតយ៉ាវ នោះវាអាចធ្វើឱ្យប៉ះពាល់ដល់ផែនការគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ របស់រាជរដ្ឋាភិបាលជាក់ជាពុំខានឡើយ បើទោះបីជាវិនិយោគិនជាច្រើនបានត្រៀមខ្លួនរួចរាល់សម្រាប់បង្កើនការវិនិយោគលើគម្រោងពង្រីកស្ថានីយបញ្ចូលថាមពលនៅទូទាំងប្រទេសឱ្យបានច្រើន ដើម្បីជំរុញលើកទឹកចិត្តដល់អ្នកប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាក៏ដោយ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


តើសិស្សដែលប្រលងចប់បាក់ឌុប គួរចាប់រៀនមុខជំនាញអ្វីខ្លះ ដែលកំពុងមានទីផ្សារការងារខ្ពស់នាពេលបច្ចុប្បន្ន និងអនាគត?

ស្របពេលនៅក្នុងយុគសម័យដែលបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូរមុខមាត់នៃទីផ្សារការងារយ៉ាងរហ័សសញ្ញាបត្រតែមួយមុខ លែងគ្រប់គ្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ