ប្រលងចប់បាក់ឌុប

តើសិស្សដែលប្រលងចប់បាក់ឌុប គួរចាប់រៀនមុខជំនាញអ្វីខ្លះ ដែលកំពុងមានទីផ្សារការងារខ្ពស់នាពេលបច្ចុប្បន្ន និងអនាគត?


ស្របពេលនៅក្នុងយុគសម័យដែលបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូរមុខមាត់នៃទីផ្សារការងារយ៉ាងរហ័សសញ្ញាបត្រតែមួយមុខ លែងគ្រប់គ្រាន់សម្រាប់ធានានូវឱកាសការងារដ៏រឹងមាំរបស់យុវជនកម្ពុជាទៀតហើយ។ អ្នកជំនាញក្នុងវិស័យអប់រំបានគូសបញ្ជាក់ថា ជំនាញបច្ចេកវិទ្យា AI ភាសាបរទេស វិស្វកម្ម សុខាភិបាល ហិរញ្ញវត្ថុ និងជំនាញវិជ្ជាជីវៈជាក់ស្តែង គឺជាអាវុធយុទ្ធសាស្ត្រ ដែលមិនអាចអត់បានសម្រាប់សិស្ស-និស្សិត។
ប្រលងចប់បាក់ឌុប
ដោយ

ទន្ទឹមនឹងនេះ កម្ពុជាក៏ចាំបាច់ត្រូវបង្កើនការវិនិយោគលើធនធានគ្រូ សម្ភារសិក្សា និងបច្ចេកវិទ្យាទំនើប ដើម្បីលុបបំបាត់គម្លាតរវាងមេរៀនក្នុងថ្នាក់ និងតម្រូវការការងារជាក់ស្តែងរបស់និយោជក។
អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន សង្កេតឃើញថា ភាសាអង់គ្លេសប្រៀបដូចជាអាវុធស័ក្តិសិទ្ធិសម្រាប់សិស្សនិស្សិត ព្រោះវាអាចនាំឱ្យសិស្សទទួលបានជោគជ័យទាំងក្នុងដំណើរការសិក្សា និងជីវិតការងារ។ អ្នកជំនាញរូបនេះមើលឃើញពីតម្រូវការមុខវិជ្ជា និងជំនាញដូចជា បច្ចេកវិទ្យាឌីជីផល ជំនាញខាងបញ្ញាសប្បនិមិត្ត AI ជំនាញខាងទំនាក់ទំនង ជំនាញវិភាគ សុខាភិបាល ផ្នែកអេឡិចត្រូនិច គ្រូបង្រៀន និងខាងហិរញ្ញវត្ថុ ដែលយុវជនចាំបាច់ត្រូវចាប់រៀន ព្រោះជាតម្រូវការក្នុងសង្គមនាពេលបច្ចុប្បន្ន និងពេលអនាគត។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ថា ដើម្បីអាចជំរុញឱ្យសិស្សនិស្សិតចាប់យកមុខជំនាញទាំងអស់នេះបានកាន់តែច្រើន ទាមទារឱ្យរដ្ឋាភិបាលផ្ដល់ជំនួយធនធានថវិការចាក់ចូលគ្រឹះស្ថានអប់រំទូទាំងប្រទេស ដើម្បីគាំទ្រដល់បច្ចេកទេស និងសម្ភារៈសម្រាប់ជំនួយការសិក្សា។
ជាមួយគ្នានេះលោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេខ្យូខេសិនគ្រុប បានលើកឡើងថា ជំនាញដែលកំពុងមានសក្ដានុពលនៅកម្ពុជានាពេលបច្ចុប្បន្ននេះមានដូចជា ផ្នែកខ្សែច្រវាក់ផលិតកម្មឧស្សាហកម្ម មេកានិចអេឡិចត្រូនិច វិស្វកម្មសំណង់ ភស្តុភារកម្ម ជំនាញខាងហិរញ្ញវត្ថុ និងធនាគារ ជំនាញក្នុងវិស័យកសិកម្មទំនើប ជំនាញផ្នែកច្បាប់ និងជំនាញផ្នែកបរិស្ថានសង្គមកិច្ច តែយ៉ាងណាមុខវិជ្ជា និងជំនាញទាំងអស់នេះ ត្រូវការការយល់ដឹងជាមូលដ្ឋានខាងបញ្ញាសិប្បនិម្មិត AI មកបូកបញ្ចូលគ្នា ដើម្បីជំរុញឱ្យកាន់តែជឿនលឿនបន្ថែមទៀត។ បើតាមអ្នកជំនាញរូបនេះ គេក៏មិនអាចមើលរំលងវិស័យទេសចរណ៍នោះដែរ ព្រោះនៅពេលខាងមុខវិស័យទេសចរណ៍នៅកម្ពុជានឹងងើបឡើងយ៉ាងមានសក្ដានុពល។ ទន្ទឹមនឹងនេះអ្នកជំនាញរូបនេបានផ្តល់ជាយោបល់ថា ចំពោះសិស្សដែលប្រឡងធ្លាក់បាក់ឌុប មិនគួរបាក់ទឹកចិត្ត ឬរៀនឡើងវិញមួយឆ្នាំទៀតឡើយ ប៉ុន្តែគួរចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈវិញ។
យ៉ាងណាមិញអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានលើកទឹកចិត្តដល់សិស្សទាំងអស់កុំបោះបង់ចោលការសិក្សា បើទោះបីទទួលបានលទ្ធផលប្រលងបែបណាក៏ដោយ ពីព្រោះការប្រលងបាក់ឌុបនេះមិនបានកំណត់ថា ពួកគេបរាជ័យ ឬជោគជ័យក្នុងអនាគតការសិក្សានោះទេ ជាពិសេសសិស្សនីមួយ គឺមានដុងរៀងៗខ្លួន ដោយគួរចាប់យកចំណេះជំនាញ និងបច្ចេកទេសវិជ្ជាជីវៈបន្តទៀត ប្រសិនបើមិនទទួលបានលទ្ធផលល្អក្នុងការប្រលងបាក់ឌុប។
ទន្ទឹមនឹងការលើកកម្ពស់ជំនាញទីផ្សារឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាក្នុងជំនួបជាមួយគណៈប្រតិភូអង្គការ iPVAJ នៃប្រទេសជប៉ុនកាលពីថ្ងៃទី៦ ខែសីហា ក៏បានជំរុញការកសាងក្របខណ្ឌកិច្ចសហប្រតិបត្តិការអប់រំប្រកបដោយចីរភាព ដោយផ្តោតលើការអប់រំផ្នែកតន្ត្រី សិល្បៈ សីលធម៌ និងគុណធម៌ដល់កុមារ។ ក្រសួងបានត្រៀមខ្លួនធ្វើការងារយ៉ាងជិតស្និទ្ធជាមួយជប៉ុន ក្នុងការទទួលអ្នកជំនាញមកបណ្តុះបណ្តាលគ្រូ និងពិនិត្យលទ្ធភាពបញ្ចូលបច្ចេកវិទ្យា AI ទៅក្នុងការអប់រំផ្នែកតន្ត្រី និងវិស័យផ្សេងៗទៀត ដើម្បីធានាបាននូវការអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យបានគ្រប់ជ្រុងជ្រោយ និងមានចីរភាពជានិរន្តរ៍។
គួរបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំនេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ដោយមានបេក្ខជនចុះឈ្មោះប្រឡងចំនួន១៥១,២៣៨នាក់ ក្នុងនោះស្រី៨៤,៧៣៥នាក់។ លទ្ធផលនៃការប្រលងគ្រោងប្រកាសនៅថ្ងៃទី២ ខែកញ្ញា។ នេះបើតាមការគូសបញ្ជាក់ក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


សមាជិកសភាថៃម្នាក់ត្រូវសមត្ថកិច្ចចាប់អូសចេញ ក្រោយស្រែកប្រឆាំងវត្តមានមេដឹកនាំយោធាមីយ៉ាន់ម៉ាដល់ក្នុងសភា

ការប្រឆាំងនឹងដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់លោក មីន អ៊ុងលាំង (Min Aung Hlaing) មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ដែលបានធ្វើរដ្ឋប្រហារទម្លាក…

អ្នកឧកញ៉ា សួរ វីរៈ ស្នើឱ្យបង្កើតច្រកចេញចូលតែមួយ ដើម្បីលុបបំបាត់ភាពស្មុគស្មាញលើការស្នើសុំបតភ្ជាប់ចរន្តអគ្គិសនីទៅកាន់ស្ថានីយសាករថយន្តអគ្គិសនី

ស្របពេលដែលនិន្នាការប្រើប្រាស់រថយន្តអគ្គិសនី (EV) នៅកម្ពុជាកំពុងហក់ឡើងយ៉ាងគំហុកនៅមួយរយៈពេលចុងក្រោយនេះ ការវិនិយោគលើស្ថានីយបញ្ចូលថាមពលអគ្គ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ