អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា ការលើកឡើងរបស់អ្នកឧកញ៉ា គឺផ្អែកលើបញ្ហាប្រឈមជាក់ស្តែង ដែលកើតមាននៅថ្នាក់មូលដ្ឋានក្នុងចេតនាស្ថាបនា និងចង្អុលបង្ហាញពីចន្លោះប្រហោង នៃការអនុវត្តការងាររបស់មន្ត្រីថ្នាក់ក្រោម សំដៅជំរុញឱ្យមានការកែទម្រង់ និងពន្លឿនការផ្តល់សេវាកម្មឱ្យកាន់តែល្អប្រសើរ និងឆាប់រហ័សជាងមុន។
ឆ្លើយតបទៅនឹងប្រតិកម្មរបស់អគ្គិសនីកម្ពុជា អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស បានអះអាងថា ការចេញមុខបញ្ចេញមតិរះគន់ជុំវិញភាពស្មុគស្មាញ និងភាពយឺតយ៉ាវនៃការស្នើសុំតភ្ជាប់បណ្តាញអគ្គិសនីពីត្រង់ស្វូរចូលស្ថានីយសាកយានយន្តអគ្គិសនី (EV) នាពេលថ្មីៗនេះ គឺជារឿងពិត ដែលវិស័យឯកជនបាន និងកំពុងជួបប្រទះ មិនមែនដើម្បីទាក់ទាញប្រជាប្រិយភាពដូចការលើកឡើងរបស់អគ្គិសនីកម្ពុជាឡើយ។ អ្នកឧកញ៉ាបានគូសបញ្ជាក់ថា ទោះបីបច្ចុប្បន្នក្រុមហ៊ុន វិរៈប៊ុនថាំ អាចបង្កើតស្ថានីយសាកថាមពលអគ្គិសនីបានច្រើនកន្លែងក៏ដោយ ប៉ុន្តែដំណើរការនៃការស្នើសុំតភ្ជាប់ចរន្តនាពេលកន្លងមកត្រូវឆ្លងកាត់នីតិវិធីស្មុគស្មាញ និងប្រើប្រាស់ពេលវេលាយូរចន្លោះពី៣ទៅ៤ខែ ដែលជាឧបសគ្គមួយក្នុងការជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។
ទន្ទឹមនឹងនេះអ្នកជំនួញរូបនេះ ស្នើឱ្យថ្នាក់ដឹកនាំស្ថាប័នអគ្គិសនីទាំង៣រួមមានក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ពិនិត្យមើលភាពចន្លោះប្រហោង នៃការអនុវត្តការងាររបស់មន្ត្រីថ្នាក់ក្រោមឡើងវិញ ដើម្បីអាចឈានទៅបង្រួមនីតិវិធី នៃការភ្ជាប់អគ្គិសនីនេះឱ្យបានលឿនជាងពេលបច្ចុប្បន្ន។ បន្ថែមលើនេះ អ្នកឧកញ៉ា អំពាវនាវដល់សាធារណៈជនកុំមានការយល់ច្រឡំថា ការលើកឡើងនូវបញ្ហាខាងលើ គឺដើម្បីបន្តុះបង្អាប់ចំពោះស្ថាប័នណាមួយឱ្យសោះ ហើយបានគូសបញ្ជាក់ថា ទាំងវិស័យរដ្ឋ និងឯកជនគួរតែបើកចិត្តឱ្យទូលាយទទួលយកការរិះគន់ដើម្បីស្ថាបនា ក្នុងគោលដៅលុបបំបាត់ចំណុចខ្វះខាត និងលើកកម្ពស់គុណភាពសេវាកម្មជូនប្រជាពលរដ្ឋ និងវិនិយោគិនឱ្យកាន់តែល្អប្រសើរ។
គួររំលឹកថា កាលពីថ្ងៃទី៧ ខែសីហា អ្នកឧកញ៉ា សួរ វីរៈ បានបង្ហោះសារនៅលើបណ្តាញសង្គម ហ្វេសប៊ុក ដោយស្នើឱ្យស្ថាប័នអគ្គិសនីពាក់ព័ន្ធទាំង៣គួររៀបចំបង្កើតប្រព័ន្ធច្រកចេញចូលតែមួយ ដើម្បីពន្លឿននីតិវិធី កាត់បន្ថយភាពស្មុគស្មាញ និងពេលវេលាក្នុងការស្នើសុំតភ្ជាប់ចរន្តអគ្គិសនីទៅកាន់ស្ថានីយសាករថយន្តអគ្គិសនី។ យ៉ាងណាមិញនៅថ្ងៃទី៩ ខែសីហា អគ្គិសនីកម្ពុជា បានចេញសេចក្តីបំភ្លឺ ដោយបានចាត់ទុកការបង្ហោះសារតាមគណនីផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ា ថា ជាចេតនាស្វែងរកប្រជាប្រិយភាព ញុះញង់ និងផ្តល់ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ដែលមិនមែនជាវិធីសាស្ត្រដោះស្រាយបញ្ហាប្រកបដោយសមហេតុផលឡើយ។ អគ្គិសនីកម្ពុជាបានពន្យល់ថា ស្ថានីយសាកយានយន្តអគ្គិសនី គឺជាអាជីវកម្ម ដែលទាមទារការគ្រប់គ្រងផ្នែកបច្ចេកទេស និងសុវត្ថិភាពខ្ពស់បំផុត ព្រោះវាប្រើប្រាស់អានុភាពអគ្គិសនីធំប្រហាក់ប្រហែលនឹងរោងចក្រ-សហគ្រាសខ្នាតធំដែរ។ ដូច្នេះការរៀបចំបណ្តាញខ្សែ និងការដំឡើងត្រង់ស្វូរត្រូវចំណាយពេលសុំច្បាប់ជីក ឬខួងកាត់ផ្លូវពីស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធច្រើនដំណាក់កាល។
សូមបញ្ជាក់ថា ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស គឺជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជា ដែលបាននិងកំពុងធ្វើបរិវត្តកម្មបៃតង ដោយបញ្ជូលរថយន្តអគ្គិសនីជាង៥០០គ្រឿងទៅក្នុងប្រតិបត្តិការដឹកជញ្ជូនរបស់ខ្លួន។ ទោះជាយ៉ាងណា ក្រុមហ៊ុនកំពុងប្រឈមមុខនឹងបញ្ហាកង្វះខាតស្ថានីយសាកថាមពលនៅទូទាំងប្រទេស ដោយក្រុមហ៊ុនបានប្តេជ្ញាចិត្តដាក់ចេញផែនការយុទ្ធសាស្ត្រពង្រីកស្ថានីយសាកយានយន្តអគ្គិសនីឱ្យបានចំនួន១០០សាខានៅទូទាំងប្រទេសនៅក្នុងឆ្នាំ២០២៦ នេះ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ