ទន្ទឹមនឹងការដាក់ចេញគោលការណ៍នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាជំរុញឱ្យធនាគារពាណិជ្ជ ក៏ដូចជាអាជីវករលក់ដូរទាំងអស់នៅក្នុងខេត្តសៀមរាបចូលរួមអនុវត្តគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជានេះឱ្យបានស្រុះគ្នាផងដែរ។
ធនាគារជាតិនៃកម្ពុជាបានដាក់ចេញយន្តការបន្ទាន់ និងយន្តការបន្តទៀតមួយចំនួន ដើម្បីជួយសម្រួលដល់ការចរាចរក្រដាសប្រាស់ដុល្លារអាម៉េរិកដែលមានសភាពចាស់ ឬប្រឡាក់ ក៏ដូចជាជួយសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរនៅក្នុងខេត្តសៀមរាប។ ការដាក់ចេញយន្តការទាំងនេះធ្វើឡើងដើម្បីឆ្លើយតបនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបញ្ជាឱ្យធនាគារជាតិនៃកម្ពុជាពិភាក្សាជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលើការបន្ធូរបន្ថយលក្ខខណ្ឌលើការចាយវាយក្រដាស់ប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬប្រឡាក់កាលពីពេលថ្មីៗ។
តាមរយៈយន្តការបន្ទាន់ទាំងនោះ ធនាគារជាតិនៃកម្ពុជា តម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាបទទួលយកប្រាក់ដុល្លារអាមេរិកចាស់ ឬប្រឡាក់ដោយគ្មានការទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន លើកលែងតែក្រដាសនោះជាប្រាក់ក្លែងក្លាយ។ ដូច្នេះតាមរយៈយន្តការនេះ ប្រជាពលរដ្ឋ ឬអាជីវករលក់ដូរនៅក្នុងខេត្តសៀមរាបទាំងអស់អាចយកក្រដាស់ប្រាក់ដុល្លារអាម៉េរិកចាស់ៗ ឬប្រឡាក់ទៅដូរនៅគ្រប់សាខាធនាគារពាណិជ្ជនៅខេត្តសៀមរាប ដោយគ្មានកាត់ទឹក។ ប៉ុន្តែក្នុងករណីក្រដាសប្រាក់ដុល្លារចាស់ខ្លាំងដែលគិតថាមិនគួរបន្តឱ្យចរាចរនៅលើទីផ្សារ ធនាគារពាណិជ្ជនៅក្នុងខេត្តសៀមរាបត្រូវបញ្ជូនបន្តទៅប្ដូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិខេត្តសៀមរាប ដោយពុំមានគិតកម្រៃសេវា និងពុំចាំបាច់រង់ចាំផ្ញើទៅទីស្នាក់ការកណ្ដាលរបស់ធនាគារពាណិជ្ជនៅរាជធានីភ្នំពេញនោះទេ។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា តម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់នៅខេត្តសៀមរាបអាចដាក់ក្រដាសប្រាក់ដុល្លារអាម៉េរិកប្រភេទ២០ដុល្លារអាម៉េរិក និង៥០ដុល្លារអាម៉េរិកជំនួសក្រដាសប្រាក់ដុល្លារអាម៉េរិកប្រភេទ១០០ដុល្លារនៅក្នុងម៉ាស៊ីនដកប្រាក់(ATMs)ឡើងវិញ ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរផងដែរ ខណៈការដាក់ប្រាក់បញ្ញើតាមម៉ាស៊ីនដាក់ប្រាក់ គឺនៅទទួលគ្រប់ប្រភេទក្រដាសប្រាក់ដុល្លារអាម៉េរិក។ បន្ថែមលើនេះ ត្រូវរៀបចំផ្សព្វផ្សាយទៅកាន់អាជីវករប្តូរប្រាក់ ម្ចាស់សណ្ឋាគារនិងភោជនីយដ្ឋាន ដើម្បីឱ្យបានយល់កាន់តែច្បាស់ និងគាំទ្រចំពោះវិធានការដែលបានដាក់ចេញ និងត្រៀមសហការជាមួយធនាគារជាតិនៃកម្ពុជាក្នុងការអនុវត្តយន្តការបន្តទៀតផងដែរ។
យ៉ាងណាក៏ដោយតាមរយៈយន្តបន្តទៀតរបស់ខ្លួន ធនាគារជាតិលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តជំរុញការប្រើប្រាស់កម្មវិធីទូរស័ព្ទ Bakong Tourist App ដើម្បីគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា។ បន្ថែមលើនេះ ត្រូវសហការជាមួយក្រុមហ៊ុនលក់ម៉ាស៊ីនរាប់ស្រាល់ជ្រើស ឬម៉ាស៊ីនរាប់លុយ ដើម្បីកំណត់លក្ខខណ្ឌស្ដង់ដារមួយ ដែលមានសង្គតិភាពរវាងម៉ាស៊ីនរបស់ធនាគារជាតិ និងធនាគារពាណិជ្ជ ក៏ដូចជារវាងម៉ាស៊ីនរបស់ធនាគារពាណិជ្ជនិងធនាគាពាណិជ្ជ។
ទន្ទឹមនឹងការដាក់ចេញយន្តការរបស់ធនាគារជាតិនៃកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានជំរុញឱ្យបណ្ដាធនាគារឯកជន ក៏ដូចជាអាជីវកម្មឯកជន និងប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់នៅក្នុងខេត្តសៀមរាបចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិឱ្យបានស្រុះគ្នា ដើម្បីកុំឱ្យមានបញ្ហាពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬប្រឡាក់បន្តទៀត។ ទន្ទឹមនេះសម្តេចធិបតី សង្ឃឹមជឿជាក់ថា ចំណាត់ការរបស់ធនាគារជាតិដែលបានដាក់ចេញនេះ នឹងលុបបំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាម៉េរិក និងជួយសម្រួលដល់ការលក់ដូររបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរដែលមកកម្សាន្តនៅខេត្តសៀមរាបផងដែរ៕