
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ស្របពេលការឆបោកតាមប្រព័ន្ធអនឡាញកំពុងរីកដុះដាលនៅលើពិភពលោក ប្រជាពលរដ្ឋកម្ពុជា ត្រូវមានការវិនិច្ឆ័យឱ្យបានខ្ពស់ និងកុំឆាប់ជឿលើបញ្ហាណាមួយដែលកំពុងកើតមានឡើង ពោលគឺត្រូវបញ្ជាក់ និងត្រួតពិនិត្យឡើងវិញម្ដងជាពីរដង មុននឹងសម្រចផ្ញើប្រាក់ទៅឱ្យបុគ្គលណាម្នាក់។
បើតាមការអះអាងរបស់លោកបណ្ឌិត ហុង វណ្ណៈ នាពេលកន្លងមកលោកក៏ធ្លាប់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណយករូបភាព និងឈ្មោះរបស់លោកទៅបង្កើតគណនីសង្គមបោកប្រាស់មិត្តរួមការងាររបស់លោកផងដែរ។
ជាមួយគ្នានេះ លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូ កត់សម្គាល់ឃើញថា ការឆបោកក្រោមរូបភាពអូសទាញជួយរកការងារធ្វើ និងផ្តល់ឱកាសការងារនៅកន្លែងល្បែងអនឡាញខុសច្បាប់ ការឆបោកប្រាក់តាមអនឡាញ និងការចាប់ជំរិតតាមប្រព័ន្ធអនឡាញជាដើម នៅតែជាក្តីបារម្ភ និងបញ្ហាប្រឈមមួយសម្រាប់កម្ពុជា។
សម្រាប់អ្នកជំនាញរូបនេះ ដើម្បីបង្ក្រាបសកម្មភាពនេះឱ្យមានប្រសិទ្ធភាពរដ្ឋាភិបាល ត្រូវពិនិត្យកុំឱ្យមានមន្រ្តីណាម្នាក់ជាប់ពាក់ព័ន្ធនឹងការឆរបោកនេះ ហើយត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ក្នុងតំបន់ និងអន្តរជាតិ ដើម្បីរួមគ្នាទប់ស្កាត់ការឆបោកតាមប្រព័ន្ធអនឡាញនេះ។
បន្ថែមលើនេះត្រូវរៀបចំវគ្គបណ្តុះបណ្តាលជំនាញដល់មន្រ្តីអនុវត្តដើម្បីតាមឱ្យទាន់បទល្មើសទំនើបកម្មទាំងនេះ ព្រោះបទល្មើសនេះធ្វើតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប។
ដោយឡែក លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានលើកឡើងថា នាពេលថ្មីៗនេះ លោកឃើញមានប្រជាពលរដ្ឋបានបង្ហោះតាមបណ្ដញសង្គមហ្វេកបុកពីស្ថានភាពការឆបោកគ្រប់ទម្រង់ដូចជាក្លែងបន្លំធ្វើជាសាច់ញាត្តិ ដែលកត្តាទាំងនេះនាំឱ្យប៉ះពាល់ដល់ការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម ពោលគឺរវាងមនុស្ស និងមនុស្ស។ លោកជឿជាក់ថា ពលរដ្ឋអាចធ្លាក់ក្នុងអន្ទាក់ឆបោករបស់ក្រុមឧក្រិដ្ឋជន ប្រសិនបើពួកគេខ្វះការស្វែងយល់ និងថ្លឹងថ្លែងឱ្យបានល្អិតល្អន់។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងកាលពីពេលថ្មីៗថា ការបង្រ្កាបបទល្មើសឆបោកបោកតាមប្រព័ន្ធអនឡាញហាក់មានភាពស្មុគស្មាញ ដែលទាមទារឱ្យមានចំណេះដឹងខ្ពស់ និងតម្រូវឱ្យមានការសហការជាមួយបណ្តាប្រទេសផ្សេងៗ ព្រោះករណីខ្លះក្រុមឧក្រិដ្ឋជនឆបោកមកពីក្រៅប្រទេស។
យោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ការដំឡើងឧបករណ៍សាកថ្មទូរសព្ទ ឬខ្សែសាកថ្ម នៅតាមទីសាធារណៈដូចជាផ្សារទំនើប សួនច្បារសាធារណៈ អាកាសយានដ្ឋាន និងកន្លែងអង្គុយកម្សាន្តនៅតាមទីសាធារណៈនានា ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក៏អាចផ្តល់ឱកាសដល់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាវាយប្រហារទៅលើជនរងគ្រោះផងដែរ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានប្រកាសអំពីក្រុមឆបោកដែលប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដើម្បីបង្កើតសំឡេង រូបភាព និងវីដេអូ ដែលសឹងតែដូចម្ចាស់ដើមផងដែរ។ ហើយដើម្បីអាចការពារខ្លួនពីបញ្ហានេះ ពលរដ្ឋត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុគ្គលនោះឱ្យបានច្បាស់លាស់ ដោយពិនិត្យលេខទូរសព្ទ ឬរូបភាពគណនី និងតម្រូវឱ្យបុគ្គលនោះបើកកាមេរ៉ាវីដេអូបង្ហាញមុខភ្លាមៗ ពិនិត្យផ្ទៀងផ្ទាត់អាកប្បកិរិយារបស់បុគ្គលនោះថា ដូចប្រក្រតី ឬប្លែកពីអ្នកដែលយើងស្គាល់ ឬសួរសំណួរផ្ទាល់ខ្លួនជាដើម៕
អត្ថបទដោយ៖ ជា ម៉ារ៉ា