អង្គការនៃបណ្ដាប្រទេសនាំចេញប្រេង និងសម្ពន្ធមិត្តដឹកនាំដោយប្រទេសរុស្ស៊ី ដែលហៅកាត់ថា OPEC+ កំពុងកាត់បន្ថយទិន្នផលប្រេងជិត៦លានធុងបារ៉ែល ក្នុងមួយថ្ងៃ ដែលស្មើនឹងជិត៦% នៃតម្រូវការពិភពលោកដែលនឹងត្រូវបញ្ចប់នៅត្រឹមចុងឆ្នាំ២០២៤។ ប៉ុន្តែកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ក្រុមប្រទេសទាំងនេះ ក៏បានព្រមព្រៀងគ្នាថា នឹងបន្តពន្យារកាត់បន្ថយទិន្នផលប្រេងជិត៤លានធុងបារ៉ែលក្នុងមួយថ្ងៃដល់ចុងឆ្នាំ២០២៥។
ក្រុមអ្នកវិភាគមកពីក្រុមហ៊ុន Goldman Sachs បាននិយាយនៅក្នុងកំណត់ត្រាមួយថា តម្លៃប្រេងនៅតែធ្លាក់ចុះដដែល ទោះបីជាប្រទេស OPEC+ ចំនួន៨ បានផ្តល់សញ្ញារួចមកហើយអំពីផែនការកាត់បន្ថយជាបណ្តើរៗនូវទិន្នផលប្រេងចំនួន២លាន២សែនធុងបារ៉ែលក្នុងមួយថ្ងៃដោយស្ម័គ្រចិត្តក្នុងចន្លោះពេលពីខែតុលា ឆ្នាំ២០២៤ ដល់ខែកញ្ញា ឆ្នាំ២០២៥ យ៉ាងណាក៏ដោយ។
ក្រុមអ្នកវិភាគបាននិយាយថា ប្រសិនបើទីផ្សារប្រេងកាន់តែចុះថោកជាងការរំពឹងទុករបស់ក្រុមប្រទេស OPEC មែននោះ ពួកគេក៏ពិបាកនឹងបន្តពន្យារពេលកាត់បន្ថយទិន្នផលប្រេងទៀតដែរ ដោយសារពួកគេមិនចង់ជួបនូវបញ្ហានៃការខកខានសងបំណុលដ៏គួរឱ្យភ្ញាក់ផ្អើលនោះឡើយ។
បើតាមសន្ទស្សន៍តម្លៃប្រេងសម្រាប់ចែកចាយនៅខែសីហា នៅលើទីផ្សារប្រេងអង់គ្លេស Brent បានបង្ហាញថា បានធ្លាក់ចុះ២៤សេន ឬ០,៣% មកនៅត្រឹមជិត៨១ដុល្លារក្នុង១បារ៉ែល គិតត្រឹមថ្ងៃចន្ទនេះ។ ចំណែកសន្ទស្សន៍តម្លៃប្រេងឆៅក្នុងពេលអនាគតរបស់អាម៉េរិក West Texas Intermediate (WTI) វិញបានបង្ហាញថា ការចែកចាយសម្រាប់ខែកក្កដា បានធ្លាក់ចុះ១៩សេន ឬ០,២៥% មកនៅត្រឹមជិត៧៧ដុល្លារក្នុងមួយធុងបារ៉ែល៕