
ក្រុមប្រទេសនៃអង្គការផលិតប្រេង OPEC+ កំពុងបង្កើនទិន្នផលប្រេងលឿនជាងការគ្រោងទុកចាប់តាំងពីខែឧសភា មក បើទោះជាការផ្គត់ផ្គង់បន្ថែមបានចោលទម្ងន់លើតម្លៃយ៉ាងណាក៏ដោយ ខណៈប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ដែលនាំមុខគេក្នុងក្រុមនេះកំពុងព្យាយាមមួយផ្នែកដើម្បីពិន័យដល់សម្ពន្ធមិត្តដែលផលិតប្រេងលើសកម្រិត និងដើម្បីដណ្តើមចំណែកទីផ្សារត្រឡប់មកវិញ។
អង្គការ OPEC+ បាននិយាយថា ក្រុមប្រទេសផលិតប្រេងធំៗបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំតាមអនឡាញមួយកាលពីថ្ងៃសៅរ៍ សប្តាហ៍មុនថា នឹងបង្កើនទិន្នផលប្រេងសម្រាប់ខែកក្កដា និងបានពិភាក្សាអំពីជម្រើសផ្សេងទៀត ហើយពួកគេក៏បានពិភាក្សាពីការបង្កើនទិន្នផលប្រេងកាន់តែច្រើនផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយក្រោយកិច្ចប្រជុំនេះ អង្គការ OPEC+ បានលើកឡើងអំពីទស្សនវិស័យសេដ្ឋកិច្ចសកលប្រកបដោយស្ថិរភាព និងមូលដ្ឋានគ្រឹះនៃទីផ្សារមានភាពល្អប្រសើរនាពេលបច្ចុប្បន្ន ដោយសារស្តុកប្រេងបានធ្លាក់ចុះជាមូលហេតុមួយដែលជំរុញឱ្យអង្គការប្រេងនេះសម្រេចបង្កើនទិន្នផលប្រេងសម្រាប់ខែកក្កដា បែបនេះ។
អង្គការ OPEC+ បានបូមប្រេងប្រហែលពាក់កណ្តាលនៃចំណែកប្រេងពិភពលោក ហើយស្របពេលអង្គការនេះកំពុងបង្កើនការផ្គត់ផ្គង់ប្រេងនោះ ក៏មានសមាជិកខ្លះកំពុងស្នើសុំឱ្យទប់ស្កាត់ការបង្កើនទិន្នផលប្រេងថែមទៀតផងដែរ ដើម្បីកុំឱ្យចាល់ប្រេងនៅលើទីផ្សារដែលបានផលិតលើសកម្រិតក្នុងខែកន្លងមក៕
ដោយ៖ សុខ មង្គល