អត្ថបទពាណិជ្ជកម្ម

បើកឆាកដើមឆ្នាំ២០២៥ តម្លៃស្រូវ-អង្ករស នៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាកំពុងជួបបញ្ហាធ្លាក់ចុះខ្លាំង


តម្លៃអង្ករស នៅក្នុងទីផ្សារអន្តរជាតិ កំពុងមានការធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់នៅខែមករាឆ្នាំនេះ។ ក្នុងនោះ តម្លៃអង្ករស បាក់៥% របស់វៀតណាមបានថយចុះខ្លាំងជាងគេ ពោលគឺមកនៅត្រឹម ៤៣៤ដុល្លារក្នុងមួយតោន ខណៈអង្ករប្រភេទដូចគ្នារបស់ថៃ មានតម្លៃ ៤៧៩ដុល្លារ/តោន, ឥណ្ឌាតម្លៃ ៤៤០ដុល្លារ/តោន និងប៉ាគីស្ថានមានតម្លៃ ៤៤៨ដុល្លារ/តោន។ តើមានកត្តាអ្វីខ្លះ ធ្វើឲ្យតម្លៃអង្ករសរបស់ប្រទេសនាំចេញអង្ករធំៗលើពិភពលោកជួបបញ្ហាដាំក្បាលចុះ?
តម្លៃអង្ករស នៅក្នុងទីផ្សារអន្តរជាតិ កំពុងមានការធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់នៅខែមករាឆ្នាំនេះ
ដោយ

សមាគមអ្នកនាំចេញអង្ករថៃ នៅដើមឆ្នាំ២០២៥នេះ បានព្យាករទុកថា ការនាំចេញអង្កររបស់​ប្រទេសថៃ នៅឆ្នាំ២០២៥ នឹងធ្លាក់ចុះ ២៥% បើធៀបនឹងឆ្នាំ២០២៤ ដោយសារតែរងសម្ពាធ​ទីផ្សារនាំចេញពី​ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករដ៏ធំជាងគេបំផុតលើពិភពលោក។

ថៃ ដែលលជាអ្នកនាំចេញអង្ករធំជាងគេទី២ក្នុងពិភពលោក រំពឹងថា ការនាំចេញអង្កររបស់ខ្លួន​នៅឆ្នាំនេះ នឹងសម្រេចបានក្នុងបរិមាណ ៧,៥លានតោនប៉ុណ្ណោះ ពោលគឺតិចជាងឆ្នាំ២០២៤ ២,៥លានតោន។ ក្រៅតែពីកត្តាប្រកួតប្រជែងទីផ្សារ​ជាមួយអង្ករឥណ្ឌា បញ្ហាតម្រូវការអង្ករធ្លាក់ចុះ​នៅទីផ្សារឥណ្ឌូនេស៊ី​ក៏ជាកត្តារួមផ្សំ ដែលធ្វើឲ្យការនាំចេញអង្កររបស់ថៃដាំក្បាលចុះផងដែរ។

ប្រទេសឥណ្ឌា ដែលបានផ្អាកការនាំចេញអង្ករសរបស់ខ្លួនតាំងពីខែកញ្ញានោះ បានចាប់ផ្ដើមបើកការ​នាំចេញ​របស់ខ្លួនឡើងវិញហើយនៅឆ្នាំ២០២៥នេះ ដោយរំពឹងថា ប្រទេសនាំចេញអង្ករ​ដ៏ធំបំផុត​មួយនេះ នឹងនាំចេញអង្កររហូតដល់ ២២លានតោន ពោលគឺលើសពីឆ្នាំ ២០២៤ ប្រហែល ៥លានតោន។ នេះបើតាម​ការព្យាកររបស់​សមាគមស្បៀងអាហារវៀតណាម។

យ៉ាងណាមិញ ប្រទេសវៀតណាម ដែលជាអ្នកនាំចេញអង្ករដ៏ធំបំផុតទី៣ក្នុងពិភពលោកវិញ ក៏បានបង្ហាញពីក្ដីបារម្ភខ្លាំងផងដែរ ជុំវិញទីផ្សារអង្កររបស់ខ្លួន ដ្បិតវៀតណាមជឿថា នៅឆ្នាំនេះ ទីផ្សារនាំចេញ​នឹង​មានភាពតានតឹងខ្លាំងជាងឆ្នាំមុន។ កាលពីឆ្នាំ ២០២៤ វៀតណាម​សម្រេចបាន​ការនាំចេញអង្ករប្រមាណ ៩លានតោន កើនឡើង​១១% ដោយក្នុងនោះ ទីផ្សារធំរបស់វៀតណាម គឺហ្វីលីពីន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។

ដោយសារតែសម្ពាធបរិមាណនាំចេញអង្កររបស់ឥណ្ឌាមានច្រើនលើទីផ្សារ បានធ្វើឲ្យវៀតណាម​កំពុង​ជួបប្រឈមនឹងបញ្ហាទីផ្សារស្រូវអង្ករដូចគ្នា តួយ៉ាង តម្លៃអង្ករស បាក់៥% របស់វៀតណាម បានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ឆ្នាំមកនេះ ពោលគឺ មានតម្លៃមកនៅត្រឹម ៤៣៤ដុល្លារក្នុងមួយតោន។ នេះបើតាម​ការចុះផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី​១២ ខែមករា ឆ្នាំ២០២៥។

កាលពីខែធ្នូ ឆ្នាំ២០២៤ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហាររបស់ឥណ្ឌូនេស៊ី លោក Zulkifli Hansa បានចេញមុខប្រកាសថា ប្រទេសបងធំសេដ្ឋកិច្ចនៅអាស៊ានមួយនេះ នឹងឈប់នាំចូល​ផលិផលកសិកម្មសំខាន់ៗ​មួយចំនួន ក្នុងនោះ រួមទាំងអង្ករផងដែរ ដែលវាជាផ្នែកមួយនៃ​កិច្ចខិតខំប្រឹងប្រែង​របស់រដ្ឋាភិបាល​ក្នុងការជំរុញភាពគ្រប់គ្រាន់នៃស្បៀងអាហារ ដោយផ្ដោតលើ​ការបង្កើនផលិតកម្មក្នុងស្រុក។ កាលពីឆ្នាំ២០២៤ ឥណ្ឌូនេស៊ីនាំចូលអង្ករសរុប​ប្រមាណ ៣លាន​៧សែនតោន។

បញ្ហាប្រែប្រួលនៃទីផ្សារពិភពលោកអង្ករអន្តរជាតិនេះ ចង់ ឬមិនចង់ វាក៏បាន​ជះឥទ្ធិពល​មកលើ​ប្រទេសកម្ពុជា​ ដែលជាអ្នកផលិតអង្ករនាំចេញដូចគ្នាដែរ។ ជាក់ស្ដែង តម្លៃស្រូវ ប្រភេទ OM របស់ប្រជាកសិកម្មនាពេលថ្មីៗនេះ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ធ្លាក់ចុះ គឺដោយសារតែ បរិមាណផលិតមានច្រើន ហើយទីផ្សារស្រូវប្រភេទអង្ករស​របស់​កម្ពុជា​ មានការពឹងផ្អែកខ្លាំងទៅលើ​ប្រទេសវៀតណាម ដែលជាអ្នកបញ្ជាទិញ ចំពេលដែលវៀតណាមបច្ចុប្បន្ន​ ក៏កំពុងជួបបញ្ហា​ទីផ្សារដូចគ្នាដែរ។ ទោះយ៉ាងណា សម្រាប់ប្រភេទអង្ករប្រណីត ឬអង្ករក្រអូប នៅតែរក្សាបាន​តម្លៃល្អដដែល។ នេះបើតាម​ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម​កម្ពុជា ឯកឧត្តម ឌិត ទីណា នៅក្នុង​វីដេអូមួយ ដែលត្រូវបានបង្ហោះផ្សព្វផ្សាយដោយ​ហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី​១៣ ខែមករា​ ឆ្នាំ២០២៥។

រដ្ឋមន្ត្រីក្រសួងកសិកម្ម ​ជំរុញលើកទឹកចិត្តឲ្យកសិករ ប្ដូរការដាំដុះពូជស្រូវមកជាប្រភេទ​ស្រូរអង្ករក្រអូបវិញ ព្រមជាមួយ​នឹងការចងក្រងជាសហគមន៍ តួយ៉ាង សហគមន៍កសិកម្មទំនើប ដែលមានការជួយសម្រប​សម្រួលទាំងការផលិត ដើមទុន និងទីផ្សារ។ លើសពីនេះ ក្រសួងកសិកម្ម ក៏បាននិងកំពុង​ជួយសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីជួយកសិករទាក់ទងនឹងបញ្ហាស្រូវកំពុង​ធ្លាក់ថ្លៃនេះផងដែរ៕




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជួយជំរុញឱ្យការនាំចេញរបស់ចិន ទៅអាម៉េរិក និងអាស៊ាន ហក់ឡើងខ្ពស់កាលពីខែធ្នូ កន្លងទៅ?

ការនាំចេញទំនិញរបស់មហាយក្សចិន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងអាស៊ាន មានការកើនឡើងគួរឱ្យកត់សម្គាល់កាលពីខែធ្នូ ចុងឆ្នាំ២០២៤ កន្លងទៅនេះ។ …

AirlineRatings បញ្ជាក់ក្រុមហ៊ុន Vietjet ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៥

(ភ្នំពេញ ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥) – ក្រុមហ៊ុន Vietjet ជាថ្មីម្តងទៀតត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ