ការពន្យារពេលបើកដំណើរការព្រលានយន្តហោះតារាសាគរ

ការដាក់ឲ្យដំណើរការព្រលានយន្តហោះតារាសាគរ អាចពន្យារពេលពី៣ទៅ៦ខែទៀត


តាមផែនការពីមុន គម្រោងអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង គ្រោងដាក់ឲ្យដំណើរការសាកល្បងនៅដើមឆ្នាំ២០២៣ ខាងមុននេះ។ ប៉ុន្តែគម្រោងនេះទំនងជាមិនអាចប្រព្រឹត្តទៅតាមការគ្រោងទុកនោះទេ ព្រោះបើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ការដាក់ឲ្យដំណើរការព្រលានយន្តហោះនេះ អាចត្រូវពន្យារពេលពី៣ទៅ៦ខែបន្ថែមទៀត។
ការដាក់ឲ្យដំណើរការព្រលានយន្តហោះតារាសាគរ អាចពន្យារពេលពី៣ទៅ៦ខែទៀត

យ៉ាងណាមិញយើងមិនទាន់ដឹងមូលហេតុជាក់លាក់នៃការសុំពន្យារ​ពេលដាក់ឲ្យដំណើរការព្រលានយន្តហោះនេះនោះទេ គ្រាន់តែដឹងថា កន្លងមកក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះនេះធ្លាប់រង​ពិន័យពីសហរដ្ឋអាមេរិក និងមានបញ្ហាលំហូរសាច់ប្រាក់ក្រោមវិធានការគ្មានកូវីដរបស់រដ្ឋាភិបាលចិន​។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា គម្រោងដាក់ឲ្យដំណើរការព្រលានយន្តហោះអន្តរជាតិតារាសាគនៅខេត្តកោះកុង​នៅដើមឆ្នាំ២០២៣ខាងមុខ អាចត្រូវពន្យារពេល​ពី៣ទៅ៦ខែបន្ថែមទៀត។ ទោះយ៉ាងណា នេះគ្រាន់តែជាព័ត៌មានក្រៅផ្លូវការតែប៉ុណ្ណោះ ព្រោះក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះនេះ​ពុំទាន់បានដាក់សំណើរផ្លូវការមកកាន់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលជុំវិញបញ្ហានេះនោះទេ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា។

ទោះយ៉ាងណា ឯកឧត្តម មិនបានបញ្ជាក់ពីមូលហេតុជាក់លាក់ជុំវិញការអាចពន្យារពេលនេះនោះទេ ដោយគ្រាន់តែបញ្ជាក់ថា ការពន្យារពេលនេះទំនងជាអាចបណ្តាលមកពីក្រុមហ៊ុន​ជួបបញ្ហាលំហូរសាច់ប្រាក់មានភាពយឺតយ៉ាវ និងរាំងស្ទះដល់ការដឹកជញ្ជូនសម្ភារបរិក្ខាមួយចំនួន ដោយសារវិធានការគ្មានកូវីដ-១៩ របស់រដ្ឋាភិបាលចិន។ ម្យ៉ាងវិញទៀតក្រុមហ៊ុនមាន​ការរាំងស្ទះក្នុងការបំពេញបែបបទ​ពាក់ព័ន្ធសន្តិសុខ និងសុវត្ថិភាព គួបផ្សំបច្ចុប្បន្ន​សេដ្ឋកិច្ចសកល​កំពុងរងការគំរាមកំហែង​ពីវិបត្តិ​សង្គ្រាមនៅ​អ៊ុយក្រែន និងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ។

តាមផែនការដំបូងអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង គ្រោងដាក់ឲ្យដំណើរការសាកល្បងតាំងពីអំឡុងឆ្នាំ២០២១ មកម៉្លេះ តែត្រូវបានក្រុមហ៊ុន​សុំពន្យារពេល​ជាបន្តបន្ទាប់ ក្រោយមានការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ជាស្តែង កាលពីពេលកន្លងទៅថ្មីៗ ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះនេះ បានដាក់ពាក្យស្នើមកកាន់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីសុំពន្យារពេលការដាក់ឲ្យដំណើរការសាកល្បង​ព្រលានយន្តហោះនេះកាលពីខែកក្កដា មកទល់ចុងឆ្នាំ២០២២ ក្រោមហេតុផលក្រុមហ៊ុន​មានការរាំងស្ទះក្នុងការបំពេញបែបបទ​ពាក់ព័ន្ធសន្តិសុខ និងសុវត្ថិភាព។

សូមបញ្ជាក់ផងដែរថា ព្រលានយន្តហោះអន្តរជាតិតារាសាគរ ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន ញូញៀន ឌិវេលុបមេន អភិវឌ្ឍន៍ដំណាក់កាលទី១លើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍន៍១ពាន់ហិកតា ដោយគ្រោងចំណាយថវិកាប្រមាណ២រយលានដុល្លារ ដែលជាការវិនិយោគគាំទ្រវិស័យទេសចរណ៍។

តាមផែនការអភិវឌ្ឍន៍រយៈពេលខ្លី និងមធ្យម ព្រលានយន្តហោះនេះរំពឹងទទួលបានអ្នកដំណើរ ៧លាននាក់ និងទំនិញ១ម៉ឺនតោនក្នុង១ឆ្នាំ​ចាប់ពីឆ្នាំ២០២១-២០៣០ និងទទួលបានអ្នកដំណើរ​២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំ​ចាប់ពីឆ្នាំ​២០៣០-២០៥០។ ព្រលានយន្តហោះដែលមានទីតាំងស្ថិតនៅស្រុកគិរីសាគរ និងបុទុមសាគរខេត្តកោះកុងនេះ ជាលំដាប់ 4E និង 4F ដែលមានសមត្ថភាពអាចឲ្យយន្តហោះធំៗដូចជាអ៊ាបើស និងប៊ូអ៊ីង 777 អាចចុះចតបាន៕




អត្ថបទបន្ទាប់


របាយការណ៍នាំចេញផលិតផលកសិកម្មសរុបបន្តកើនឡើង ខណៈវិស័យនេះកំពុងជួបបញ្ហាប្រឈមច្រើន

នៅរយៈពេល ១០ខែ នៅឆ្នាំ២០២២ កម្ពុជា បាននាំចេញផលិតផលកសិកម្មសរុប ជាង៤លានតោន មានការកើនឡើងជាង១០% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលគ…

ថៃ ប្តេជ្ញាជំរុញពាណិជ្ជកម្មសេរីក្នុងទីផ្សារអង្ករ និងកំណត់គោលដៅក្លាយជាអ្នកផលិតអង្ករល្អបំផុតក្នុងពិភពលោក

រដ្ឋាភិបាលថៃ បានសន្យាជំរុញពាណិជ្ជកម្មសេរី និងទប់ស្កាត់ការអន្តរាគមន៍ទីផ្សារអង្ករណាមួយ ទាំងទីផ្សារក្នុងស្រុក និងសាកល ដើម្បីត្រៀមកិច្ចសហការជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ