ព្រលានយន្តហោះតារាសាគរ

ព្រលានយន្តហោះតារាសាគរជោគជ័យលើការធ្វើតេស្តបច្ចេកទេសហោះហើរដំបូង


អាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅខេត្តកោះកុង ទទួលបានជោគជ័យលើការធ្វើតេស្តបច្ចេកទេសហោះហើរសាកល្បងដំណាក់កាលទី១ ក្រោយចំណាយពេល៨ថ្ងៃលើការធ្វើតេស្តលើសម្ភារៈបច្ចេកទេស និងសមត្ថភាពបុគ្គលិករបស់ខ្លួន។ ភាពជោគជ័យនេះ ជាសញ្ញាវិជ្ជមានមួយក្នុងការឈានទៅបើកឲ្យមានការហោះហើរសាកល្បងនៅអំឡុងខែកក្កដា ឆ្នាំ២០២២។
ព្រលានយន្តហោះតារាសាគរជោគជ័យលើការធ្វើតេស្តបច្ចេកទេសហោះហើរដំបូង

ទោះយ៉ាងណា បើតាមការវាយតម្លៃរបស់មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គម្រោងបើកឲ្យហោះហើរសាកល្បងនេះ អាចត្រូវពន្យារពេលបន្ថែមទៀត ដោយសារក្រុមហ៊ុននេះមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើបន្ត ជាពិសេសពាក់ព័ន្ធការបំពេញឯកសារសន្តិសុខ និងសុវត្ថិភាពតែម្តង។

ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតារាសាគរកាលពីពេលថ្មីៗបានបើកប្រតិបត្តិការធ្វើតេស្ត បច្ចេកទេស ឧបករណ៍ សម្ភារ និងបរិក្ខាសំខាន់ៗ រួមទាំងសមត្ថភាពបុគ្គលិករបស់ខ្លួន នៅក្នុងអាកាសយានដ្ឋានអន្តរជាតិនេះ ដើម្បីចង់ដឹងពីដំណើរការរបស់ឧបករណ៍ទាំងនោះ។ ក្រោយធ្វើតេស្តអស់រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៦ ខែមេសា ជាលទ្ធផលបង្ហាញថា ការហោះហើរសាកល្បងក្នុងក្របខណ្ឌធ្វើតេស្តបច្ចេកទេសរបស់ព្រលានយន្តហោះនេះបានបញ្ចប់ដោយជោគជ័យនៅដំណាក់កាលដំបូងនេះ។

ក្រៅពីចង់ដឹងពីគុណភាពផ្លូវរត់ និងដំណើរការរបស់ឧបករណ៍បច្ចេកទេស និងបរិក្ខាដែលបានបំពាក់រួចមួយចំនួនការធ្វើតេស្តហោះហើរសាកល្បងនេះ ជាជំហានដំបូងមួយ មុនឈានទៅបើកឲ្យមានការហោះហើរសាក ដែលគ្រោងធ្វើឡើងនៅអំឡុងខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ថា ដើម្បីអាចឈានទៅបើកឲ្យមានការហោះហើរសាកល្បងនាពេលខាងមុខ ត្រូវឆ្លងកាត់ការធ្វើតេស្តឧបករណ៍ និងលក្ខណៈបច្ចេកទេសជាច្រើនលើកទៀត។

ទោះបីអាកាសយានដ្ឋាននេះទទួលបានជោគជ័យលើការធ្វើតេស្តដំណាក់កាលដំបូង តែឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា វាយតម្លៃថា គម្រោងបើកឲ្យមានការហោះហើរសាកល្បងនៅអំឡុងខែកក្កដា ខាងមុខអាចត្រូវការពេលបន្ថែមទៀត។ ព្រោះមកទល់បច្ចុប្បន្នក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិនេះ ទើបបំពេញលក្ខខណ្ឌតម្រូវរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានប្រមាណ៦០%ប៉ុណ្ណោះ ដែលជាគោលការណ៍មុនអាកាសចរណ៍ស៊ីវិលចេញវិញ្ញាបនបត្រហោះហើរឲ្យក្រុមហ៊ុនណាមួយ តម្រូវឲ្យក្រុមហ៊ុនទាំងនោះបំពេញឯកសារ និងលក្ខខណ្ឌយ៉ាងតិច៤០ប្រភេទ។

ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ក៏បានច្រាលចោលចំពោះព័ត៌មានដែលបានចុះផ្សាយថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងបានបើកឲ្យហោះហើរសាកល្បងកាលពីពេលថ្មីៗនេះផងដែរ។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ អភិវឌ្ឍន៍ដោយក្រុមហ៊ុន យូញៀន ឌីវេឡុបមេន។ ព្រលានយន្តហោះនេះអភិវឌ្ឍន៍ដំណាក់កាលទី១លើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍន៍១ពាន់ហិកតា ដោយគ្រោងចំណាយថវិកាប្រមាណ២រយលានដុល្លារ ដែលជាការវិនិយោគគាំទ្រវិស័យទេសចរណ៍។

តាមផែនការអភិវឌ្ឍន៍រយៈពេលខ្លី និងមធ្យម ព្រលានយន្តហោះនេះរំពឹង ទទួលបានអ្នកដំណើរ៧លាននាក់ និងទំនិញ១ម៉ឺនតោនក្នុង១ឆ្នាំក្រោយពីព្រលានយន្ដហោះនេះបើកដំណើរការរហូតដល់ឆ្នាំ២០៣០ និងបន្តកើនឡើងអ្នកដំណើរ២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំចាប់ពីឆ្នាំ២០៣០-២០៥០។ ព្រលានយន្តហោះដែលមានទីតាំងស្ថិតនៅស្រុកគិរីសាគរ និងបុទុមសាគរខេត្តកោះកុងនេះ ជាលំដាប់ 4E និង 4F ដែលមានសមត្ថភាពអាចឲ្យយន្តហោះធំៗដូចជាអ៊ាបើស A-350-900 និងប៊ូអ៊ីង B777 អាចចុះចតបាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំនិញ និងទូកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តព្រះសីហនុនៅតែមានកំណើន ទោះមានការកកស្ទះយ៉ាងណាក្តី

ព័ត៌មាន
ថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុបានអះអាងថា ទំនិញនិងទូរកុងតឺន័រចេញចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅតែរក្សាបាននូវកំណើនក្នុងរង្វង់១…

អាមេរិកផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៦២លានដុល្លារអាមេរិកសម្រាប់ការអភិវឌ្ឍកម្ពុជា

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ