
លោកស្រី ព្រំ មួយ និងលោក គឿន កុសល ដែលជាអ្នកលក់កូនទុរេននៅខេត្តបាត់ដំបង បានគូសបញ្ជាក់ថា ការបញ្ហាទិញកូនទុរេនពីសំណាក់អតិថិជនយកទៅដាំនៅតាមចម្ការ និងដាំជាលក្ខណៈគ្រួសារមានការកើនឡើងគួរឱ្យកត់សម្គាល់ ក្រោយទីផ្សារ និងតម្លៃផ្លែទុរេនមានស្ថានភាពល្អប្រសើរនៅឆ្នាំនេះ។ ពាក់ព័ន្ធនឹងតម្លៃកូនទុរេននៅឆ្នាំនេះវិញអ្នកទាំង២រូបនេះ អះអាងថា ពុំមានការប្រែប្រួលខ្លាំងនោះទេ បើធៀបនឹងតម្លៃកាលពីឆ្នាំមុន ពោលគឺអាចលក់បានចន្លោះពី១ម៉ឺន៥ពាន់រៀលរហូតដល់៦ម៉ឺនរៀលក្នុង១ដើម ហើយក្នុងករណីការបញ្ជាទិញមានចំនួនច្រើននោះតម្លៃកូនទុរេននឹងចុះថ្លៃទៅតាមនឹងដែរ។
ជាមួយគ្នានេះ លោកស្រី ហេង សុធាណា អ្នកដាំទុរេនម្នាក់នៅខេត្តត្បូងឃ្មុំ កត់សម្គាល់ឃើញថា នៅឆ្នាំនេះ មានអ្នកដឹកកូនទុរេនយកមកលក់ច្រើននៅតំបន់របស់លោកស្រី ហើយម្ចាស់ចម្ការដែលមានផ្ទៃដីនៅសល់ ក៏បានទិញកូនទុរេនយកមកដាំបំពេញជាបណ្តើរៗផងដែរ។ អ្នកដាំរូបនេះសម្គាក់ឃើញផងដែរថា ក្រៅពីដាំនៅតាមចម្ការ ការដាំទុរេនជាលក្ខណៈគ្រួសារក៏មានសកម្មផុសផុលផងដែរ។
ដោយឡែក លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំទុរេននៃក្រុមហ៊ុនអង្គរហ្គ្រីន កត់សម្គាល់ឃើញថា ចំនួនអ្នកដាំទុរេនបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយនៅឆ្នាំនេះក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងការដាំដុះមានការកើនឡើង ការនាំចូលកូនទុរេនពីប្រទេសជិតខាងក៏មានការកើនឡើងផងដែរ ដោយសារកសិករភាគច្រើននិយមដាំកូនទុរេននាំចូលជាងកូនទុរេនបណ្តុះ និងបង្កាត់ក្នុងស្រុក។
គួរបញ្ជាក់ថា ទុរេនជាដំណាំដែលមានសក្ដានុពលមួយសម្រាប់កម្ពុជា ដោយថ្មីៗនេះ ទុរេនកម្ពុជា ទទួលបានភ្លើងខៀវពីគយចិន ក្នុងការនាំចូលទៅកាន់ប្រទេសចិន។ ជាមួយគ្នានេះ កាលពីពេលថ្មីៗក៏មានក្រុមហ៊ុនចិន កំពុងមានគម្រោងម៉ៅចម្ការទុរេនក្នុងស្រុក ដើម្បីនាំចេញទៅចិនជាបន្តបន្ទាប់ផងដែរ៕
អត្ថបទ៖ ជា ម៉ារ៉ា