ក្រុមសេដ្ឋីដែលមានទ្រព្យសម្បត្តិខ្ទង់លានដុល្លារជាច្រើននៅលើពិភពលោក កំពុងចាប់អារម្មណ៍នឹងការទិញសញ្ជាតិដោយសារពួកគេព្រួយបារម្ភពីហានិភ័យនៃអស្ថិរភាពពិភពលោក។ ក្រៅពីកាន់សញ្ជាតិដើម ក្រុមសេដ្ឋីទាំងនោះ បានស្វះស្វែងរកទិញសញ្ជាតិនៅប្រទេសដ៏ទៃ ដោយគោលដៅសំខាន់ជាងគេ គឺសហរដ្ឋអាម៉េរិក នូវែលសេឡង់ កោះស៊ីប ព័រទុយហ្គាល់ អ៊ីតាលី និងក្រិកជាដើម។ ស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្នត្រូវគេបានព្យាករថា នៅក្នុងឆ្នាំ២០២៤នេះ មានសេដ្ឋីយ៉ាងហោចណាស់ជិត១៣ម៉ឺននាក់បានទិញសញ្ជាតិ និងមានបំណងធ្វើអន្តោប្រវេសន៍ចេញពីប្រទេសកំណើត។
ស្ថិតិដែលគេបានដកស្រង់ពីក្រុមហ៊ុន Henley ដែលគេដឹងថា ជាក្រុមហ៊ុនគ្រប់គ្រងសេវាកម្មច្បាប់មួយបានប៉ាន់ប្រមាណថា សហរដ្ឋអាម៉េរិកនៅតែជាគោលដៅចម្បង ខណៈកាលពីឆ្នាំ២០២៣ មានសេដ្ឋី២ពាន់២រយនាក់ បានទិញសញ្ជាតិអាម៉េរិក និងបានធ្វើអន្តោប្រវេសន៍ទៅកាន់ប្រទេសមហាអំណាចនេះ។
នៅក្នុងចំណោមសេដ្ឋីដែលមានលុយទិញសញ្ជាតិទាំងនោះ ចិនមានច្រើនជាងគេ ពោលគឺរហូតដល់ទៅជាង១ម៉ឺន៣ពាន់នាក់ ខណៈពលរដ្ឋអាម៉េរិកឥឡូវក៏មាននិន្នាការទិញសញ្ជាតិនៅក្រៅប្រទេសគួរសមដែរ។ ក្រុមហ៊ុនច្បាប់ឈានមុខគេមួយនេះបានឱ្យដឹងថា គ្រួសារដែលមានទ្រព្យសម្បត្តិនៅសហរដ្ឋអាម៉េរិកកំពុងដាក់ពាក្យសុំសញ្ជាតិទីពីរ និងស្វែងរកលំនៅដ្ឋានក្រៅប្រទេសកាន់តែច្រើនឡើង ដែលជាមធ្យោបាយមួយ ដើម្បីការពារហានិភ័យផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។
មកដល់ពេលនេះពលរដ្ឋអាម៉េរិកខ្លះបានស្វែងរកសញ្ជាតិទីពីរដើម្បីបម្រុង ខណៈដែលអ្នកខ្លះបានសុខចិត្តលះបង់សញ្ជាតិដើមចោល ដើម្បីគេចពីកាតព្វកិច្ចពន្ធ និងបញ្ហាផ្លូវច្បាប់ ស្របពេល ដែលតម្លៃនៃការជួញដូរសញ្ជាតិនេះ អាចមានតម្លៃប្រហែលជាងកន្លះលានដុល្លារឡើងទៅ ដោយការជូញដូរសញ្ជាតិនេះ គឺដំណើរការតាមរូបភាពចំណាយលុយទាំងនេះ ដើម្បីវិនិយោគនៅលើគោលដៅថ្មីដែលពួកគេប្រាថ្នាចង់រស់នៅ៕
ដោយៈ សរ សុជាតិ