
លោក ហួត រ៉ាដេត ស្ថាបនិកក្រុមហ៊ុនសាច់ជ្រូកជាតិ សង្ឃឹមថា តម្រូវការសាច់ជ្រូកនៅក្នុងរដូវបុណ្យភ្ជុំឆ្នាំនេះនឹងមានការកើនឡើងដោយសារពលរដ្ឋត្រូវយកទៅធ្វើម្ហូបទៅតាមតម្រូវការរៀងៗខ្លួន។ ទោះបីតម្រូវការសាច់ជ្រូកនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌអាចនឹងមានការកើនឡើង តែអ្នកជំនាញរូបនេះវាយតម្លៃថា ការផ្គត់ផ្គង់សាច់ជ្រូកទំនងជាមិនមានការខ្វះខាតនោះទេ ហើយតម្លៃទៀតសោត ក៏ទំនងជាមិនមានការកើនឡើងនោះដែរ ដោយសារតែទីផ្សារជ្រូករស់នាពេលបច្ចុប្បន្នមានការធ្លាក់ចុះគួរកត់សម្គាល់។
ពាក់ព័ន្ធទីផ្សារសាច់ជ្រូកនេះដែរ លោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា បានអះអាងថា ការធ្លាក់ចុះតម្លៃសាច់ជ្រូកនៅលើទីផ្សារនាពេលបច្ចុប្បន្ន គឺដោយសារការផលិតជ្រូកនៅតាមកសិដ្ឋានលើសពីតម្រូវការប្រើប្រាស់។ ការណ៍នេះបានធ្វើឱ្យតម្លៃសាច់ជ្រូកនៅលើទីផ្សារ ក៏មានភាពល្អប្រសើរសម្រាប់អ្នកទទួលទាន។ កត្តានេះបានធ្វើឱ្យ លោក ហ៊ានវាយតម្លៃថា តម្លៃសាច់ជ្រូកនៅលើទីផ្សារនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌខាងមុខ ទំនងជាមិនអាចមានការឡើងថ្លៃនោះទេ តែអាចមានតម្លៃថេរ ឬក៏អាចចុះបន្ថែមទៀតក៏ថាបាន។
ដោយឡែក លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា ទីផ្សារជ្រូករស់បច្ចុប្បន្នមានតម្លៃប្រមាណ៨ពាន់រៀលទៅ៨ពាន់៨រយរៀលក្នុង១គីឡូក្រាម ខណៈពេលកន្លងទៅមានតម្លៃប្រមាណ១ម៉ឺន១ពាន់រៀលក្នុង១គីឡូក្រាម។ តម្លៃជ្រូករស់មានការធ្លាក់ចុះនេះត្រូវបានប្រធានសមាគមរូបនេះវាយតម្លៃថា អាចបង្កឡើងដោយកត្តាមួយចំនួនដូចជា ការចិញ្ចឹមជ្រូកនៅតាមកសិដ្ឋានមានការកើនឡើងលើសតម្រូវការក្នុងស្រុក និងការកាត់បន្ថយការប្រើប្រាស់សាច់ជ្រូក គួបផ្សំមានការហូរចូលសាច់ពីក្រៅប្រទេសចូលមកទីផ្សារកម្ពុជា។ ជាមួយគ្នានេះលោកជឿជាក់ថា តម្រូវការសាច់ជ្រូកនៅក្នុងរដូវបុណ្យភ្ជុំឆ្នាំនេះនឹងមានការកើនឡើងជាងធម្មតា ខណៈតម្លៃលក់នៅតាមផ្សារអាចនឹងមានការឡើងថ្លៃបន្តិច ដោយសារការដំឡើងថ្លៃពីអាជីវករឆ្លៀតឱកាសមួយចំនួន។
បើតាមការគូសបញ្ជាក់របស់លោក ស្រ៊ុន ពៅ បច្ចុប្បន្នកម្ពុជាត្រូវការជ្រូករស់ប្រមាណ៩ពាន់ក្បាល ឬស្មើនឹង៩០ម៉ឺនគីឡូក្រាមសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុង១ថ្ងៃ៕
អត្ថបទ៖ បូ ដូឡា