កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជាគ្រោងចាយជិត ១ពាន់លានដុល្លារ ប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំនៅក្នុងតំបន់


រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយដៃគូជប៉ុន បានគ្រោងថវិកាចំណាយជិត១ពាន់លានដុល្លារ ដើម្បីសាងសង់គម្រោងចំណតផែកុងតឺន័រថ្មីចំនួន៤ នៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយគម្រោងនេះទាំង៤នេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១ ខែឧសភានេះ។ ការអភិវឌ្ឍពង្រីកសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ន និងពេលអនាគត។
កម្ពុជាគ្រោងចាយជិត ១ពាន់ដុល្លារ ប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំនៅក្នុងតំបន់

ក្រោយគម្រោងចំណតផែកុងតឺន័រទាំង៤ ត្រូវបានសាងសង់រួចរាល់ វានឹងធ្វើឲ្យកំបង់សផែស្វយ័តក្រុងព្រះសីហនុ ក្លាយជាកំពង់ផែអន្តរជាតិខ្នាតធំនៅក្នុងតំបន់ ដែលអាចឲ្យកប៉ាល់គ្រប់ធុនអាចចូលចតបាន ព្រមទាំងអាចដឹកទំនិញពីកម្ពុជាដោយផ្ទាល់ទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុបបានផងដែរ។ នេះបើតាមការអះអាងរបស់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅក្នុងពិធីប្រកាសបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី ខេត្តព្រះសីហនុ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ការបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មីចំនួន៤នេះ រួមមានទី១.កែប្រែចំណតផែលើកដាក់ទំនិញរាយ ឲ្យទៅជាចំណតផែកុងតឺន័រថ្មី មានប្រវែង២៥៣ម៉ែត្រ ជម្រៅទឹក៩,២ម៉ែត្រ គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤ ដែលអាចជួយបង្កើនសមត្ថភាពបន្ថែមប្រមាណ ៣៥%បន្ថែមទៀត ដោយអាចលើកដាក់ទំនិញបាន ២៥ម៉ឺន TEUs។ ទី២.ចំណតផែកុងតឺន័រថ្មី-ជំហានទី១ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦ ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រប្រមាណ៩៣% នៅតំបន់អាស៊ីប៉ាស៊ីហ្វិក អាចចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៤៥ម៉ឺនTEUsក្នុងមួយឆ្នាំ។

ទី៣.ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦,៥ម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨ ដែលអាចអនុញ្ញាតឱ្យនាវាកុងតឺន័រ ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់សមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក អាចចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៥៧ម៉ឺនTEUsក្នុងមួយឆ្នាំ។ និងទី៤. ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី៣ មានប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩ ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធំៗ ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប និងអាមេរិក អាចចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៦១ម៉ឺន៧ពាន់TEUsក្នុងមួយឆ្នាំ។

បើតាម ឯកឧត្តម ស៊ុន ចាន់ថុល ក្រោយគម្រោងទាំងនោះបានបញ្ចប់ការសាងសង់នៅឆ្នាំ២០២៩ ចំណតផែកុងតឺន័រថ្មីទាំងនោះ អាចបង្កើនសមត្ថភាពបន្ថែមចំនួន៤ដង លើសពីសមត្ថភាពពេលបច្ចុប្បន្ន ហើយ នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុបច្ចុប្បន្ន ដែលជាកំពង់ផែអន្តរជាតិខ្នាតតូច ឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំ ដែលមានផ្លូវដឹកជញ្ជូនពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូលចតបាន ដោយពុំមានឧបសគ្គជម្រៅទឹកទៀតឡើយ។ ឯកឧត្តម បន្ថែមថា គម្រោងនេះនឹងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លួវទឹក និងជួយជំរុញឱ្យការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយអន្តរជាតិកាន់តែមានការរីកចម្រើនផងដែរ។ មិនតែប៉ុណ្ណោះ ផ្អែកតាមការសិក្សាគម្រោងទាំងនេះ នឹងផ្តល់ផលចំណេញសេដ្ឋកិច្ចប្រមាណ ២៣,៣% និងផលប្រយោជន៍ហិរញ្ញវត្ថុប្រមាណ ៧,៧% ផងដែរ។

សូមបញ្ជាក់ថា គម្រោងចំណតផែកុងតឺន័រថ្មី ទាំង៤នេះ នឹងប្រើប្រាស់ថវិកាសរុបប្រមាណ ៩៧៣លានដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុនចំនួនប្រមាណ ៧៦០លានដុល្លារអាមេរិក ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ ១៩២លានដុល្លារអាមេរិក, និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ ២១លានដុល្លារអាមេរិក។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដើរតួនាទីយ៉ាងសំខាន់ ដែលបាននិងកំពុងរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ តាមរយៈការកើនឡើងគួរឱ្យកត់សម្គាល់នូវបរិមាណទំនិញឆ្លងកាត់នៅក្នុងកំពង់ផែនេះ ដែលធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនឡើងជាលំដាប់។ ជាក់ស្ដែង បរិមាណទំនិញឆ្លងកាត់នៅឆ្នាំ២០២២ មានចំនួនប្រមាណ ៧លានតោន កើនឡើង ០,១៨% និងចំណូលសរុបមានចំនួនប្រមាណ ៨៤លានដុល្លារ កើនឡើង ០,៤១% បើធៀបនឹងឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល៕




អត្ថបទបន្ទាប់


អាមេរិកសម្លឹងរកកិច្ចព្រមព្រៀងសេដ្ឋកិច្ច និង«ការពង្រឹងយោធា ជាមួយហ្វីលីពីន ក្នុងកិច្ចប្រជុំកំពូលនៅសប្ដាហ៍នេះ

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន និងសមភាគីហ្វីលីពីន លោក ហ្វ៊ើឌីណង់ ម៉ាកូស ត្រូវបានគេរំពឹងថានឹងឈានដល់កិច្ចព្រមព្រៀងស្តីពីការបង្កើ…

កម្ពុជារំពឹងទទួលបានទេសចរបរទេស ៥០ម៉ឺននាក់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ក្នុងការជួយផ្សព្វផ្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ