វិបត្តិសេដ្ឋកិច្ចនៅប៉ាគីស្ថាន

វិបត្តិសេដ្ឋកិច្ចនៅប៉ាគីស្ថាន បង្ខំឲ្យរដ្ឋត្រូវចាត់វិធានការបន្ទាន់ដើម្បីសន្សំសំចៃការប្រើប្រាស់ថាមពល


ប្រឈមមុខនឹងវិបត្តិថាមពល និងវិបត្តិសេដ្ឋកិច្ច រដ្ឋាភិបាលប៉ាគីស្ថានបានដាក់ចេញវិធានការមួយចំនួនដើម្បីសន្សំសំចៃថាមពលប្រើប្រាស់ រួមទាំងការបិទទីតាំងផ្សារ និងផ្សារទំនើបទាំងអស់នៅត្រឹមម៉ោង ៨កន្លះយប់។ ផែនការនេះ ត្រូវបានរដ្ឋាភិបាលប៉ាគីស្ថាន អះអាងថា នឹងជួយសន្សំប្រាក់របស់រដ្ឋបានប្រហែល ២៧៣ លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។
ប៉ាគីស្ថានដាក់វិធានសន្សំថាមពលតាមទីតាំងរដ្ឋនិងឯកជន!
ដោយ

បច្ចុប្បន្នប៉ាគីស្ថានកំពុងជួបប្រទះនឹងកង្វះខាតសាច់ប្រាក់ យកមកដោះស្រាយបញ្ហាចំណាយ ដោយសារតែប្រាក់ដែលស្ថិតក្រោមកម្មវិធីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF គ្រោងនឹងផ្តល់ឱ្យនោះ ត្រូវបានពន្យារពេលវិញ។ ចំណែកសម្រាប់ទុនបម្រុងបរទេសទៀតសោត ត្រូវបានរដ្ឋាភិបាលដកមកធ្វើការចំណាយមួយផ្នែកទៅហើយ ដែលបច្ចុប្បន្នទុនបម្រុងអាចមានគ្រប់សម្រាប់ការទូទាត់លើការនាំចូល ហើយភាគច្រើនជាការនាំចូលថាមពល បានសម្រាប់ពេលជិតមួយខែទៀតប៉ុណ្ណោះ។

រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន បាននិយាយថា វិធានការបន្ថែមដែលនឹងចូលជាធរមានភ្លាមៗនេះ រួមមានការបិទភោជនីយដ្ឋាន និងសាលអាពាហ៍ពិពាហ៍នៅត្រឹមម៉ោង ១០យប់។ ទោះបីជាមានការស្នើសុំពីម្ចាស់ទីតាំងទាំងនោះ ឱ្យពន្យារពេលយូរជាងម៉ោង១០យប់ក្តី ប៉ុន្តែរដ្ឋាភិបាលបានបញ្ជាក់ហើយថា បន្តទៅមុខទៀត គេអាចតម្រូវឱ្យបិទមុនម៉ោងកំណត់នេះទៀតក៏ថាបាន។ មិនត្រឹមតែវិស័យឯកជនឡើយ សូម្បីតែនៅតាមការិយាល័យ និងអគារធ្វើការរបស់រដ្ឋក៏តម្រូវឱ្យសំចៃការប្រើប្រាស់អគ្គិសនី ឱ្យបាន ៣០%ផងដែរ។

គួរជម្រាបថា វិធានការនានាកំពុងត្រូវបានដាក់ចេញជាបន្តបន្ទាប់ ខណៈដែលប៉ាគីស្ថានខំប្រឹងបញ្ចៀសពីការខកខានការសងបំណុល បន្ទាប់ពីការផ្តល់ឥណទានតម្លៃជាង ១ពាន់១រយលានដុល្លាររបស់មូលនិធិ IMF ត្រូវបានពន្យារពេល។ ទុនបម្រុងបរទេសសរុបរបស់ប៉ាគីស្ថានគិតត្រឹមចុងខែធ្នូឆ្នាំ២០២២ គឺមានចំនួនជិត ១២ពាន់លានដុល្លារប៉ុណ្ណោះ ដែលក្នុងនោះ មានជិត៦ពាន់លានដុល្លារ ស្ថិតក្នុងធនាគារកណ្តាលក្នុងប្រទេស ។ ចំនួននេះគឺស្មើនឹងពាក់កណ្តាលនៃទុនបម្រុងបរទេសដែលខ្លួនធ្លាប់មាន គិតនៅដើមឆ្នាំ២០២២ ដែលនេះបានសេចក្តីថា នៅស្ទើរតែពេញមួយឆ្នាំមុន រដ្ឋាភិបាលប៉ាគីស្ថានបានប្រើទុនបម្រុងអស់ជាច្រើន សម្រាប់ការនាំចូល ហើយមួយផ្នែកធំនៃការនាំចូល គឺការនាំចូលថាមពល។

សូមបញ្ជាក់ថា អគ្គិសនីភាគច្រើននៅប្រទេសប៉ាគីស្ថានត្រូវបានផលិតដោយប្រើឥន្ធនៈហ្វូស៊ីល ដែលនាំចូលរួមទាំងឧស្ម័នធម្មជាតិរាវ ខណៈតម្លៃរបស់ឧស្ម័ននេះបានកើនឡើងខ្ពស់បំផុតក្នុងពេលប៉ុន្មានខែថ្មីៗនេះ។

រដ្ឋាភិបាលប៉ាគីស្ថានបានព្យាយាមរក្សាស្ថិរភាពសេដ្ឋកិច្ច ដោយព្យាយាមកាត់បន្ថយការនាំចូលមិនចាំបាច់ និងកាត់បន្ថយអតិផរណានៅក្នុងស្រុក។ តម្លៃរូបិយបណ្ណរូពីរបស់ប៉ាគីស្ថាន បានធ្លាក់ចុះយ៉ាងឆាប់រហ័ស ដោយសារទន់បម្រុងមានតិច ជាហេតុធ្វើឱ្យការនាំចូលត្រូវចំណាយកាន់តែច្រើនជាងមុន ខណៈដែលតម្លៃទំនិញប្រើប្រាស់ក្នុងស្រុកបានកើនឡើង ២៥% រួចទៅហើយនៅឆមាសទី២ឆ្នាំមុន ធៀបរយៈពេលដូចគ្នាកាលឆ្នាំ២០២១៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


ការបញ្ជាទិញបន្ដធ្លាក់ចុះ នឹងបង្ខំឲ្យរោងចក្រកាត់បន្ថយម៉ោងការងាររបស់កម្មករបន្តទៀត ឬយ៉ាងណា?

ការបញ្ជាទិញផលិតផលក្នុងវិស័យកាត់ដេរ និងស្បែកជើងនៅកម្ពុជាមិនទាន់បង្ហាញសញ្ញាវិជ្ជមានឡើងវិញនៅឡើយទេនៅឆ្នាំ២០២៣ នេះ ពោលគឺនៅតែបន្តធ្លាក់ចុះដដ…

WHO បារម្ភពីការកើតមានមេរោគបំប្លែងខ្លួនថ្មីមួយប្រភេទទៀតនៅចិន និងស្នើឲ្យរដ្ឋាភិបាលផ្ដល់ព័ត៌មានបន្ថែម

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនហាក់បានរាយការណ៍ដោយមើលស្រាលពីស្ថានការណ៍កូវីដ១៩នៅក្នុងស្រុក ពិសេសគឺនៅពេលដែលស្ថានការណ៍ឆ្លងកាន់តែមានភាពធ្ងន់ធ្ងរទៅៗ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ