ប្រធានាធិបតីប៉ាណាម៉ា លោក រ៉ាអ៊ុល មូលីណូ (Raúl Mulino) បានរំលឹកឡើងវិញក្នុងជំនួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) នៅប្រទេសប៉ាណាម៉ា កាលពីថ្ងៃអាទិត្យថា អធិបតេយ្យរបស់ប្រទេសប៉ាណាម៉ា លើព្រែកជីកប៉ាណាម៉ា គឺមិនត្រូវការជជែកវែកញែកទៀតនោះទេ ខណៈដែលលោក រូប៊ីអូ បានលើកឡើងអំពីការព្រួយបារម្ភរបស់សហរដ្ឋអាម៉េរិក ចំពោះវត្តមានរបស់ប្រទេសចិន ជុំវិញផ្លូវទឹកដ៏សំខាន់មួយនេះ។
ទោះយ៉ាងណា លោក មូលីណូ បានបន្ថែមថា ប្រទេសប៉ាណាម៉ានឹងមិនបន្តអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០១៧ ដើម្បីចូលរួមក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ក្រោមគោលនយោបាយខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ទៀតឡើយ ហើយបានលើកឡើងថា កិច្ចព្រមព្រៀងជាមួយនឹងប្រទេសចិននេះអាចបញ្ចប់មុនកាលកំណត់ទៀតផង។
លោកបាននិយាយថា ប្រទេសប៉ាណាម៉ានឹងព្យាយាមធ្វើការជាមួយនឹងសហរដ្ឋអាម៉េរិក លើការវិនិយោគថ្មីៗរួមទាំងគម្រោងហេដ្ឋារចនាសម្ពន្ធផងដែរ។ លោក មូលីណូ បានប្រាប់អ្នកយកព័ត៌មានថា លោកបានចាត់ទុកទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក រូប៊ីអូ ក្នុងនាមជាអ្នកការទូតកំពូលរបស់អាម៉េរិកថា ជាការបើកទ្វារដើម្បីកសាងទំនាក់ទំនងថ្មី និងព្យាយាមបង្កើនការវិនិយោគរបស់អាម៉េរិកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
លោក រូប៊ីអូ បានប្រាប់លោក មូលីណូ និងមន្ត្រីរបស់លោកថា ការព្រួយបារម្ភរបស់អាម៉េរិក ចំពោះការគ្រប់គ្រងរបស់ចិន លើព្រែកជីកប៉ាណាម៉ា អាចមានន័យថា អាម៉េរិកត្រូវតែចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិរបស់ខ្លួនតាមសន្ធិសញ្ញាដ៏យូរអង្វែងមួយស្តីពីអព្យាក្រឹតភាព និងប្រតិបត្តិការព្រែកជីកនេះ។
សូមរំលឹកថា តាមសន្ធិសញ្ញាឆ្នាំ១៩៧៧ អាម៉េរិកបានប្រគល់ព្រែកជីកប៉ាណាម៉ា ទៅឱ្យប្រទេសប៉ាណាម៉ាជាអ្នកគ្រប់គ្រងក្នុងលក្ខខណ្ឌមួយអព្យាក្រឹត ហើយកិច្ចព្រមព្រៀងនេះក៏បានចែងដែរថា អាម៉េរិកអាចធ្វើអន្តរាគមន៍ផ្នែកយោធា ប្រសិនបើប្រតិបត្តិការរបស់ព្រែកជីកនេះត្រូវបានរំខានដោយជម្លោះផ្ទៃក្នុង ឬមហាអំណាចបរទេស។ សព្វថ្ងៃនេះ ការដឹកជញ្ជូនទំនិញតាមព្រែកជីកនេះមានបរិមាណច្រើនជាងពេលណាៗទាំងអស់៕
អត្ថបទ៖ សុខ មង្គល