កាលពីខែកញ្ញាឆ្នាំ២០២២ ប្រទេសនៅក្នុងតំបន់អាស៊ីដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច បានចូលជាសមាជិកនៃក្រុមប្រទេសដែលត្រូវការជំនួយក្នុងការដោះស្រាយបំណុល ក្រោមគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធបំណុលឡើងវិញរបស់ IMF។ ក៏ប៉ុន្តែមុននឹងក្រុមប្រឹក្សាប្រតិបត្តិរបស់មូលនិធិ IMF អាចអនុម័តគម្រោងនេះបាន គេត្រូវការ ការធានាហិរញ្ញប្បទានពីអ្នកផ្តល់ប្រាក់កម្ចីទ្វេភាគីសំខាន់ៗជាមុនសិន ហើយការយល់ព្រមពីក្រុមប្រឹក្សាភិបាលរបស់នៃស្ថាប័នអ្នកផ្តល់ប្រាក់កម្ចីក៏អាចជំរុញឲ្យមានការផ្តល់ហិរញ្ញប្បទានបន្ថែមពីដៃគូពហុភាគីផងដែរ។ ហេតុនេះក្នុងករណីស្រីលង្កា គឺត្រូវមានអ្នកធានាដូច បានរៀបរាប់ខាងលើជាមុនសិន ទើប IMF អាចទម្លាក់កញ្ចប់ជំនួយបាន។
សម្រាប់ស្រីលង្កា ចិន និងឥណ្ឌា ជាប្រទេសដែល ស្ថិតក្នុងចំណោមអ្នកដែលផ្តល់ប្រាក់កម្ចីទ្វេភាគីធំៗរបស់ខ្លួន។ ប៉ុន្តែអ្នកទាំងពីរនេះ មិនទាន់បានផ្តល់ចម្លើយជាក់លាក់ណាមួយ ទាក់ទងទៅនឹងការធានាសម្រាប់ស្រីលង្កានៅឡើយទេ ដោយគ្រាន់តែចិនប្រកាសពន្យារពេលការបង់សងបំណុល២ឆ្នាំសម្រាប់ស្រីលង្កាប៉ុណ្ណោះ។ ផ្ទុយទៅវិញ គេបានសង្កេតឃើញថា ក្លឹបប៉ារីស ដែលជាក្រុមប្រទេសម្ចាស់បំណុលមកពីលោកខាងលិខ កំពុងទាក់ទងទៅសមាជិកក្លឹបមិនមែនប៉ារីសដទៃទៀត ក្រៅពីប្រទេសចិន ដើម្បីរួមគ្នាធ្វើការធានាផ្នែកហិរញ្ញវត្ថុសម្រាប់ទីក្រុងកូឡំបូ។
គួររំឭកថា កាលពីពេលកន្លងទៅប្រទេសឥណ្ឌា គ្រាន់តែបានបង្ហាញការប្តេជ្ញាចិត្តក្នុងការជួយសម្រាលបន្ទុកបំណុលរបស់ប្រទេសស្រីលង្កា ដែលជាផ្នែកមួយនៃកម្មវិធីរបស់ IMFប៉ុណ្ណោះ ខណៈសកម្មភាពពិតប្រាកដ មិនទាន់ឃើញមាននៅឡើយ។ ហើយកាលពីខែមករា ធនាគារ EximBank របស់ប្រទេសចិន ក៏បានប្រកាសពន្យារពេលសំណងរយៈពេលពីរឆ្នាំដល់ស្រីលង្កាផងដែរ។
នាយកស្រាវជ្រាវរបស់ IMF លោក Pierre-Olivier Gournichas បានចាត់ទុកការបន្ធូរបន្ថយបំណុលដែលផ្តល់ដោយប្រទេសចិន ថាយ៉ាងហោចណាស់ជាការចាប់ផ្តើមដ៏ល្អមួយ ដោយសារតែវាក៏បានជួយស្តារឡើងវិញនូវនិរន្តរភាពបំណុលរបស់ស្រីលង្កា។
ដោយឡែក មន្ត្រីជាន់ខ្ពស់អាមេរិកថ្មីៗនេះបានចេញមកនិយាយថា អ្វីដែលចិនបានផ្តល់មកទល់ពេលនេះ គឺមិនទាន់គ្រប់គ្រាន់នោះទេ ដោយយើងចង់បានការធានាដ៏គួរឱ្យទុកចិត្ត និងជាក់លាក់មួយថា ស្រីលង្កានឹងអាចបំពេញតាមស្តង់ដារបន្ធូរបន្ថយបំណុលរបស់ IMF បាន។
ជុំវិញបញ្ហានេះ ក៏មានការលើកឡើងដែរថា ប្រសិនបើការធានាហិរញ្ញប្បទានរបស់ចិននៅតែមិនទាន់គ្រប់គ្រាន់ និងនៅតែបន្តជាការពន្យារដល់ដំណើរអនុវត្តគម្រោងមូលនិធិរបស់ IMF នោះពួកគេមានសិទ្ធិលុបចោលវត្តមានរបស់ចិនក្នុងសេចក្ដីសម្រេចមួយនេះបាន បើទោះបីជា ប្រទេសចិនជាម្ចាស់បំណុលទ្វេភាគីផ្លូវការមួយក៏ដោយ។ ទោះជាយ៉ាងណា គេនៅមិនទាន់ប្រាកដទេថា តើការធ្វើបែបនេះមានប្រសិទ្ធភាពចំពោះច្បាប់នៅស្រីលង្កាឬក៏អត់នោះទេ។ ដូចនេះក្តីសង្ឃឹមថ្មីសម្រាប់ស្រីលង្កា គឺរង់ចាំការជួយជ្រោមជ្រែងពីក្រុមប្រទេសម្ចាស់បំណុល ក្លឹបបារីស និងមិនមែនក្លឹបបារីស ក្នុងការកៀគរការធានា ដើម្បីអាចឱ្យ IMF ផ្តល់ជំនួយឱ្យស្រីលង្កាបាន៕