Advertisement
Advertisement
Advertisement
បរិស្ថាន

អ្នកសម្អាតសំរាមតាមដងទន្លេត្រើយម្ខាងត្អូញត្អែរថាពលរដ្ឋមួយចំនួនចោលសំរាមគ្មានទំនួលខុសត្រូវ


អ្នកអនាម័យដែលបោសសម្អាតសំរាមតាមដងទន្លេត្រើយម្ខាងក្នុងសង្កាត់ និងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញត្អូញត្អែរថា ប្រជាពលរដ្ឋមួយចំនួនដែលធ្វើដំណើរ និងទៅលេងទីនោះ នៅតែបោះចោលសំរាមដោយមិនមានទំនួលខុសត្រូវ។
សំរាមដែលជាកែវទឹកប្លាស្ទិកត្រូវបានទុកចោលលើសួនតាមបណ្តោយដងទន្លេត្រើយម្ខាង ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ (រូបថត៖ ជា សំអៀង)
ដោយ
Advertisement

អ្នកស្រី អ៊ុង ធា មានវ័យ៥០ឆ្នាំ ​អ្នកអនាម័យនៅម្តុំមាត់ទន្លេ ប្រាប់ Newsroom Cambodia ថា សំរាម​នៅ​ទីនេះគឺក្រុមរបស់អ្នកស្រីបោសសម្អាតជារៀងរាល់ព្រឹក ប៉ុន្តែ​នៅពេល​ល្ងាច​សំរាម​​បាន​លេច​ឡើង​ជា​ធម្មតា​វិញ។ អ្នកស្រីបន្ថែមថា សំរាម​ទាំង​នោះ​ត្រូវ​បាន​អ្នក​ទៅ​ និង​អ្នក​លក់ដូរ​នៅទីនោះ​បោះ​ចោល​ដោយ​គ្មាន​សណ្តាប់ធ្នាប់ជារៀងរាល់ថ្ងៃ។ អ្នកស្រីសំណូមពរដល់ប្រជាពលរដ្ឋ​ឲ្យ​ជួយ​សម្អាត និង​ចេះ​ទុក​ដាក់​សំរាម​នៅ​ក្នុង​ធុង​ដាក់​សំរាម​ឲ្យ​បាន​​ត្រឹម​ត្រូវ។

អ្នកស្រីបាននិយាយថា៖ «ខ្ញុំសំណូមពរឲ្យអ្នកដើរមកលេងសួន និង​អ្នកលក់​ដូរ​ហ្នឹងយកសំរាម​បោះ​ចោល​ក្នុង​ធុង​សំរាម​ផង»។

ចំណែក​អ្នកស្រី សារ៉េត បុគ្គលិកអនាម័យនៅក្រុមហ៊ុន អេកូ ហ្គ្រីនភ្លេនន័រ សួនច្បារ និង​ដើមឈើ​​បាន​​និយាយថា​ បន្ទាប់​ពី​អ្នក​បោស​សំរាម​ដូច​ចា​អ្នកស្រី​បាន​បោស​សម្អាត​រួច សំរាម​នៅ​តែ​មាន​ជាហូរហែ​ដដែល។ 

អ្នកស្រី​ថា៖ «ពេលយើងត្រឡប់មកវិញ សំរាមកើតមានដដែល  ពេលខ្លះ​យើង​ប្រាប់​គេ​ដែរ តែ​គេ​មិន​ស្ដាប់ ហើយធ្វើតាមដំណើរទៅ»។​

អ្នកស្រី តាំ ម៉ារី ជាអ្នកនេសាទរស់នៅលើទូក បានប្រាប់ Newsroom Cambodia ថា អ្នក​ដែល​ចោល​សំរា​ម​​ភាគច្រើន​គឺក្មេងៗ សិស្សនិស្សិតដែលមកលេងកំសាន្ត សប្បាយ​នៅ​តាម​ទន្លេ​នាពេ​លល្ងាច​។ ​អ្នកស្រីបន្ត​​ដោយ​​សំណូមពរ​ដល់​អ្នក​ដែល​មក​លេង​តាម​សួនច្បារ​ឲ្យ​ចេះជួ​យ​ថែរ​បរិស្ថាន កុំ​​ចោល​សំរាម​ផ្តេស​ផ្តាស។

អ្នកស្រីថា៖ «ខ្ញុំធ្លាប់ប្រាប់ប្អូនដែរតែបងប្អូនមិនព្រមស្តាប់មិនព្រមតាម ចេះតែចោលទពីសទពាស ឡូវជួសម្អាតគ្នាឲ្យវាបានល្អបានស្អាតទាំងអស់គ្នា»។

លោក ទេព បូរិទ្ធ និស្សិតរៀននៅសាកលវិទ្យាល័យកសិកម្មព្រែកលៀប បានប្រាប់ Newsroom Cambodia ថា សំរាម​ដែល​មាន​នៅ​តាម​មាត់​ទន្លេ​ភាគច្រើន​គឺ​ដោយសារ​តែ​អ្នក​ដែល​មក​លេង​នៅ​ទីនោះ​​បោះ​ចោល ដែល​មាន​​ដូចជា អ្នកហាត់ប្រាណ អ្នកលក់ និងសិស្សនិស្សិតជាដើម​​។

លោកថា៖ «អ្វីទាំងអស់នេះគឺដោយសារតែ​ប្រជាពលរដ្ឋ​ភាគច្រើន​ខ្វះ​ការយល់ដឹង​ពី​ផល​ប៉ះពាល់​របស់​សំរាម»។

លោកបាន​បន្ថែមថា អាជ្ញាធរ​ត្រូវតែ​ចាត់​វិធានការ​ឲ្យ​បាន​តឹងរឹង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ទុក​ដាក់​សំរាម​ ហើយ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ក៏​ត្រូវ​មាន​មនសិការ​ក្នុង​ការទុក​ដាក់​សំរាម និង​ចេះ​ស្រលាញ់​បរិស្ថាន​។

លោក ម៉ៅ ប៊ុនថា ចៅសង្កាត់ជ្រោយចង្វា បានប្រាប់ Newsroom Cambodia ថា ការ​បន្ត​បោះ​ចោល​សំរាម​ផ្តេសផ្តាស និង​ការ​ទុក​ដាក់​សំរាម​មិនបាន​ត្រឹម​ត្រូវ គឺ​ដោយ​សារ​តែ​​កង្វះ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ។ 

លោកបន្តថា អាជ្ញាធរ​តែង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការបោះចោ​ល​សំរាម​ដោយ​គ្មាន​សណ្តាប់ធ្នាប់ និង​គ្មានការទទួលខុសត្រូវបែបនេះ រហូត​មានការ​​ចា​ត់វិធានការ និង​ឲ្យ​អ្នក​ទាំង​នោះ​ធ្វើ​កិច្ច​សន្យានៅកន្លែងចុះប្រតិបត្តិ​ការ​ផ្ទាល់​ផ្ទាល់ ប៉ុន្តែ​លោក​ថា នៅ​តែមិនអាចទប់ស្កាត់​បាន​ទាំង​ស្រុង​នោះទេ។

លោកថា៖​ «​ពេលដែលពួកគាត់ចោលសំរាមពាសវាលពាសកាល អាជ្ញាធរ​យើង​ក៏​មាន​អារម្មណ៍​អត់​ល្អ ប៉ុន្ដែទោះ​បីជាយ៉ាងណាក៏​ដោយពួកយើងនៅតែបន្ដខិតខំប្រឹងប្រែងអប់រំពួកគាត់»។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានក្នុងយុទ្ធនាការរួមគ្នាដើម្បីបរិស្ថាន «រួមគ្នា​កាត់​បន្ថយ​ប្លាស្ទិក» កាល​ពីខែមករា ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២០ បង្ហាញ​ថា បច្ចុប្បន្ន ថង់​ប្លាស្ទិក​ប្រមាណ​​​១​០​លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែល​ប្រជាជន​ កម្ពុជា​ម្នាក់ៗ​ដែលរស់នៅក្នុងទីក្រុងនានា ប្រើប្រាស់ថង់ប្លាស្ទិកជាង ២,​០០០ ថង់ក្នុងមួយឆ្នាំ៕​

អត្ថបទដោយ៖ ជា សំអៀង, សុខ លីហេង​ និង ហាន ណូយ ជា​សិក្ខាម​វគ្គបណ្ដុះបណ្ដាល​សារព័ត៌មាន នៃ​គម្រោង Newsroom Cambodia

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Twitter ខាតបង់ ៥ពាន់លានដុល្លារក្នុងផ្សារហ៊ុន ក្រោយបិទគណនីលោក ដូណាល់ ត្រាំ

ព័ត៌មាន
ក្រោយសម្រេចបិទគណនីរបស់លោកដូណាល់ត្រាំ ភាគហ៊ុនរបស់ក្រុមហ៊ុនបណ្តាញសង្គមយក្សអាមេរិក Twitter ត្រូវបានធ្លាក់ចុះយ៉ាងគំហុកក្នុងរង្វង់ ១២% គិត...

Youtube ក៏ផ្អាកគណនីលោក ដូណាល់ត្រាំជាបណ្ដោះអាសន្នដែរ

ព័ត៌មាន
សារព័ត៌មាន CNBC នៅថ្ងៃទី ១៣ ខែមករា បានផ្សាយថា គណនី Youtube របស់លោក ដូណាល់ត្រាំ ត្រូវបានក្រុមហ៊ុន សម្រេចផ្អាកដំណើរការ និងហាមការសរស...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ