
ការសិក្សាមួយដោយក្រុមអ្នកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បានរកឃើញថា ក្រុមមហាសេដ្ឋីនៅសហរដ្ឋអាម៉េរិក កំពុងបង់ពន្ធទាបជាងប្រជាពលរដ្ឋធម្មតាចំនួន៦% រហូតដល់មានអំពាវនាវឱ្យមានការយកពន្ធលើទ្រព្យសម្បត្តិដោយយុត្តិធម៌ ដើម្បីកាត់បន្ថយវិសមភាព។ បើតាមរបាយការណ៍នេះ បុគ្គលនៅក្នុងបញ្ជីទស្សនាវដ្តី Forbes ចំនួន៤០០នាក់ ដោយរួមទាំងនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក អេឡុន ម៉ាស់ និងស្ថាបនិកក្រុមហ៊ុន Amazon លោក ជេហ្វ បៃហ្សូ បានបង់ក្នុងអត្រាជាមធ្យមត្រឹមតែ២៤% ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ខណៈប្រជាជនសមញ្ញបង់ពន្ធរហូតដល់៣០%។
ការរកឃើញថ្មីនេះ គឺចេញពីការគណនាអត្រាពន្ធលើប្រាក់ចំណូលទាំងអស់ ក៏ដូចជាពន្ធសាជីវកម្មដែលបង់ដោយក្រុមហ៊ុន ដែលគ្រប់គ្រងដោយជនជាតិ អាម៉េរិក។ ពលរដ្ឋអាម៉េរិកម្នាក់បានប្រាប់សារព័ត៌មាន CBS MoneyWatch ថា ប្រាក់ចំណេញពីការលក់ភាគហ៊ុន មូលបត្របំណុល អចលនទ្រព្យ និងទ្រព្យសកម្មផ្សេងទៀត ដោយរួមទាំងប្រាក់ចំណូលអាជីវកម្មត្រូវបានបង់ពន្ធក្នុងអត្រាទាប៕
ដោយៈ សរ សុជាតិ