ប្រទេសសិង្ហបុរី

ការនាំចេញផលិតផលសំខាន់ៗរបស់សិង្ហបុរីដាំក្បាលចុះនៅ៧ខែជាប់គ្នា តើដោយសារកត្តាអ្វីខ្លះ?


អត្រានៃការនាំចេញទំនិញសំខាន់ៗរបស់សិង្ហបុរីទៅកាន់ទីផ្សារនៅក្រៅប្រទេសក្នុងខែមេសាកន្លងទៅនេះ បានបង្ហាញពីការធ្លាក់ជិត១០% នៅក្នុងខែមេសា ហើយវាគឺជាការធ្លាក់ចុះ៧ខែជាប់គ្នាមកហើយ បើគេគិតតាំងពីខែតុលាឆ្នាំ២០២២មក។ ក្រុមសេដ្ឋវិទូមួយចំនួនបានព្យាករថា ស្ថានភាពនៃការធ្លាក់ចុះនឹងបន្តអូសបន្លាយនៅរយៈពេលប៉ុន្មានខែទៀត មុនពេលមានកំណើនឡើងវិញជាយថាហេតុនៅក្នុងឆមាសទី ២ នៃឆ្នាំ ២០២៣ នេះ។
កត្តាអ្វីខ្លះដែលធ្វើអោយការនាំចេញផលិតផលសំខាន់ៗរបស់សិង្ហបុរីដាំក្បាលចុះនៅ៧ខែជាប់គ្នា ?

សារព័ត៌មាន ស្ត្រេតថាមស៍ បានរាយការណ៍ថា តូរលេខនៃការនាំចេញទំនិញសំខាន់ៗ ដែលភាគច្រើនជាផលិតផលអេឡិចត្រូនិក និងមិនមែនអេឡិចត្រូនិក របស់សិង្ហបុរី បានធ្លាក់ចុះរយៈពេល៧ខែជាប់ៗគ្នាមកហើយ បើគិតមកដល់ខែមេសា ឆ្នាំ២០២៣នេះ។ មិនតែប៉ុណ្ណោះ ក្រុមសេដ្ឋវិទូមួយចំនួនក៏បានព្យាករថា ស្ថានភាពបែបនេះនឹងបន្តអូសបន្លាយពេលបន្តិចទៀត រហូតដល់ឆមាសទី២ ទើបអាចមានការប្រែប្រួលប្រសើរឡើងវិញ។

តូលេខពីអង្គភាពសហគ្រាសសិង្ហបុរីបានបង្ហាញថា ការនាំចេញផលិតផលក្នុងស្រុក ក្រៅពីប្រេង បានធ្លាក់ចុះជិត១០% នៅខែមេសា ខណៈកាលពីខែមីនា វាបានធ្លាក់ចុះជាង ៨%។ តូលេខនេះ បង្ហាញពីស្ថានភាពអាក្រក់ជាងការព្យាករពីមុនទៅទៀត។

ការស្ទាបស្ទង់លើការដឹកជញ្ជូនផលិតផលអេឡិចត្រូនិចនាំចេញប្រចាំឆ្នាំ គឺធ្លាក់ចុះប្រមាណជាង ២៣% ដោយនៅក្នុងនោះ គ្រឿងសម្ភារៈសៀឃ្វីអគ្គិសនី ធ្លាក់ចុះប្រមាណជា ២១% កុំព្យូទ័រធ្លាក់ចុះ ៥០% និងផលិតផល ថាសផ្ទុកទិន្នន័យធ្លាក់ចុះប្រមាណជា ៤២%។ ដោយឡែកផលិតផលមួយចំនួន ដូចជាគីមីឥន្ធនៈ និងអាហារវេចខ្ចប់ ក៏មានសេចក្តីរាយការណ៍ពីការធ្លាក់ចុះផងដែរ។

លោកស្រី សេឡឺណា លីង (Selena Ling ) ប្រធានសេដ្ឋវិទូ និងជាប្រធានផ្នែកស្រាវជ្រាវ និងយុទ្ធសាស្រ្ត នៅធនាគារ អូស៊ីប៊ីស៊ី បាននិយាយថា សរុបមក លក្ខខណ្ឌតម្រូវការខាងក្រៅនៅតែជាកត្តាកំណត់ចាំបាច់ ដែលបញ្ជាក់ពីការបន្តធ្លាក់ចុះប្រចាំឆ្នាំ រហូតដល់ត្រីមាសទី ៣ នៃឆ្នាំ ២០២៣ នេះ។

លោកស្រីបាននិយាយថា ស្ថានភាពឧស្សាហកម្មអេឡិចត្រូនិកពិភពលោក គឺស្ថិតក្នុងស្ថានភាពលំបាក រីឯតម្រូវការគ្រឿងអេឡិចត្រូនិកសកលអាចនៅតែកំពុងធាក់ថយ ជាហេតុធ្វើឱ្យសម្ទុះនៃការងើបឡើងវិញត្រូវបានគេរំពឹងទុកថា អាចកើតឡើងនៅក្នុងឆមាសទី ២ នៃឆ្នាំ ២០២៣។

លោកស្រី សេឡឺណា លីង បានបន្តថា ទោះបីជាការនាំចេញឱសថសិង្ហបុរីកើនឡើងដល់ជិត១២៧ ភាគរយនៅក្នុងខែមេសា បើធៀបនឹងឆ្នាំមុនក៏ដោយ ក៏នៅមិនទាន់គ្រប់គ្រាន់ដើម្បីទូទាត់ការធ្លាក់ចុះនៃការនាំចេញគ្រឿងអេឡិចត្រូនិកបាននៅឡើយទេ។

ដោយឡែក លោក អឺបេន ប៉ារ៉ាគូអែល ( Euben Paracuelles ) សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន ណូមួរ៉ា រំពឹងថា សេដ្ឋកិច្ចសិង្ហបុរីនឹងកើនឡើងក្នុងអត្រា ១,១% នៅឆ្នាំ ២០២៣ នេះ ស្របពេលដែលរដ្ឋាភិបាលបានព្យាករណ៍ពីកំណើនក្នុងចន្លោះពី ០,៥% ទៅ ២,៥% ដោយសារតែតម្រូវការខាងក្រៅចុះខ្សោយ។ ប៉ុន្ដែ សេដ្ឋវិទូរូបនេះបានបន្តថា ការធ្លាក់ចុះនៃការនាំចេញគ្រឿងអេឡិចត្រូនិកទំនងជាមិនអាចអូសបន្លាយរហូតដល់ឆមាសទី ២ នៃឆ្នាំ ២០២៣ ឡើយ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតសំបកកង់ស្ថិតក្រោមសម្ពាធ ខណៈដែលកៅស៊ូកង់ច្រើនពេកកកិតនឹងផ្លូវ ហើយបំភាយជាតិពុល

ព័ត៌មាន
ក្រុមហ៊ុនផលិតសំបកកង់យានជំនិះកំពុងស្ថិតក្រោមសម្ពាធក្នុងការច្នៃប្រឌិតការផលិតសំបកកង់ឡើងវិញស្ទើរតែទាំងស្រុង ខណៈដែលនិយ័តករនានា ងាកមកត្រួតពិ…

ហេតុអ្វីរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់វៀតណាមប្រឈមមុខនឹងការបិទ?

ព័ត៌មាន
ក្រុមហ៊ុនដែលកំពុងគ្រប់គ្រងរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់វៀតណាមកំពុងប្រឈមមុខនឹងខ្វះលទ្ធភាពសងបំណុលនៅខែវិច្ឆិកាខាងមុខ។ ស្ថានភាពនេះបង្កើនល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ