
កម្មវិធីសិក្ខាសាលានេះ ផ្តល់ជូនវិនិយោគិន ជាពិសេសវិនិយោគិនបរទេស នូវថ្នាលដែលមានសុវត្ថិភាពនិងប្រសិទ្ធភាព ដោយអាចស្វែងរកអចលនទ្រព្យដែលមានសក្តានុពល មានមូលដ្ឋានព័ត៌មានច្បាស់លាស់ តាមរយៈអ្នកជំនាញអចលនទ្រព្យមានវិជ្ជាជីវៈខ្ពស់និងមានអាជ្ញាបណ្ណស្របច្បាប់ រហូតដល់ឈានទៅធ្វើសម្រេចចិត្តវិនិយោគ តាមរយៈការបង្កើតជាបរធនបាលកិច្ច អនុលោមតាមច្បាប់ និងគាំពារដោយច្បាប់ជាធរមាន។

គិតមកទល់ពេលបច្ចុប្បន្ន ក្រោយការប្រកាសដាក់ឱ្យដំណើរការទីផ្សារបរធនបាលកិច្ចជាផ្លូវការនៅដើមឆ្នាំ២០២៣ បរធនបាលកិច្ចអចលនទ្រព្យ ដែលបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៅនិយ័តករបរធនបាលកិច្ច មានចំនួន ៧៩៥ ករណី ជាមួយនឹងបរធនវិនិយោគប្រមាណជា ៧៧៤ លានដុល្លារអាមេរិក។ ជាមួយគ្នានេះ បរធនបាលកិច្ចសេវារក្សាទុក ឬរក្សាសុវត្ថិភាព (Escrow Services) ពាក់ព័ន្ធនឹងប្រតិបត្តិការទិញ-លក់អចលនទ្រព្យ បានកើនដល់ចំនួន ២៥១ ករណី គិតជាទំហំសាច់ប្រាក់ប្រមាណជា ៣២២ លានដុល្លារអាមេរិក ផងដែរ។







