ទីផ្សារកៅស៊ូកម្ពុជា

អ្នកជំនាញរំពឹងទីផ្សារកៅស៊ូក្នុងស្រុកកាន់តែប្រសើរ ខណៈក្រុមហ៊ុនផលិតសំបកកង់រថយន្តដ៏ធំមួយ នឹងមកសិក្សាការវិនិយោគនៅកម្ពុជា


ក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយរបស់ប្រទេសចិន Wanli Tires ដែលជាសមាជិករបស់ក្រុមហ៊ុនធំបំផុតចំនួន៥០០នៅលើពិភពលោក បានសម្រេចចិត្តនឹងមកសិក្សាលម្អិតលើការបណ្ដាក់ទុនវិនិយោគ ដើម្បីពិនិត្យលទ្ធភាពបើករោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ក្រោយមើលឃើញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជា។ អ្នកជំនាញក្នុងវិស័យកៅស៊ូរំពឹងថា ក្រោយរោងចក្រនេះបើកដំណើរការនៅកម្ពុជា វានឹងជួយធ្វើឱ្យទីផ្សារកៅស៊ូក្នុងស្រុកកាន់តែល្អប្រសើរមួយកម្រិតទៀត។
1
ដោយ

លោក Jing Guangjun ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Guangzhou Industrial Investment Holdings Group (GIIHG) ដែលជាសមាជិករបស់ក្រុមហ៊ុនធំបំផុតទាំង៥០០នៅលើពិភពលោក (Fortune 500) និងមានក្រុមហ៊ុន Wanli Tires ដែលផលិតកង់រថយន្តដ៏ធំរបស់ប្រទេសចិន ជាបុត្រសម្ព័ន្ធ បានសម្រេចចិត្តនឹងមកសិក្សាលម្អិតលើការបណ្ដាក់ទុនវិនិយោគ ដើម្បីបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា។ ការបង្ហាញឆន្ទៈបែបនេះ ធ្វើឡើងក្រោយលោក Jing Guangjun បានស្តាប់​ការពន្យល់របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពីភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជា ពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងភាពជោគជ័យលើការដាក់បណ្ដាក់ទុនផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុនមួយចំនួននៅប្រទេសកម្ពុជា។

នៅចំពោះមុខថ្នាក់ដឹកនាំខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកបង្ហាញពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ដែលកើនជាមធ្យម៧%ជារៀងរាល់ឆ្នាំមុនស្ថានភាពជំងឺកូវីដ-១៩ និងបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្រ្តសម្រាប់វិនិយោគិនដែលរួមមាន អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ អាកាសយានដ្ឋានថ្មីក្រុងភ្នំពេញ ការសិក្សាផ្លូវរថភ្លើ​ង​ភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវរថភ្លើងភ្នំពេញ-បោយប៉ែត និងគម្រោងពង្រីកកំពង់ផែទឹកជ្រៅជាដើម។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ម៉ែន សុភ័ក្រ្ត ប្រធានសមាគមអភិវឌ្ឍកៅស៊ូកម្ពុជា បានបង្ហាញក្តីរំពឹងខ្ពស់ចំពោះក្រុមហ៊ុនផលិតសំបកកង់រថយន្តខាងលើក្នុងការជួយជំរុញទីផ្សារកៅស៊ូនៅកម្ពុជា ឲ្យមានការរីកចម្រើនមួយកម្រិតទៀត។ សម្រាប់ថ្នាក់ដឹកនាំរូបនេះ កាលណាមានរោងចក្រទិញផលិតផលកៅស៊ូដោយផ្ទាល់នៅក្នុងស្រុកនោះ វានឹងជួយកាត់បន្ថយការចំណាយ និងពេលវេលាក្នុងការធ្វើពាណិញ្ជកម្មទៅក្រៅប្រទេស ក៏ដូចជាជួយកាត់បន្ថយការពឹងផ្អែកខ្លាំងទៅលើទីផ្សារខាងក្រៅ ជាពិសេសវានឹងជួយរក្សាស្ថិរភាពតម្លៃទីផ្សារកៅស៊ូក្នុងស្រុកឱ្យមានលំនឹងផងដែរ។

គួរជម្រាបថា តាមរយៈការបង្ហាញឆន្ទះយ៉ាងមុតមាំរបស់ក្រុមហ៊ុនក្នុងគោលបំណងមកសិក្សាលម្អិតលើការបណ្ដាក់ទុនវិនិយោគនៅកម្ពុជានេះ ឯកឧត្តម ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមហ៊ុន ដែលមានបំណងជ្រើសរើសយកប្រទេសកម្ពុជា ដើម្បីវិនិយោគសាងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ខ្លួន។ យ៉ាងណាមិញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងព្យាយាមផ្តល់ការសម្របសម្រួលលើការសិក្សារបស់ក្រុមហ៊ុន ដើម្បីអាចឱ្យក្រុមហ៊ុនចាប់ផ្តើមការវិនិយោគ សាងសង់រោងចក្រ និងផលិតសំបកកង់ទី១របស់ខ្លួននៅកម្ពុជាឱ្យបានលឿនបំផុតផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីបានជាតំបន់អាស៊ីនៅតែជាចំណុចដ៏ភ្លឺស្វាងសម្រាប់ការវិនិយោគ?

ព័ត៌មាន
លោកស្រី ជេន ហ្វ្រេសឺ (Jane Fraser) នាយកប្រតិបត្តិក្រុមហ៊ុន Citigroup របស់សហរដ្ឋអាម៉េរិកបាននិយាយកាលពីសប្ដាហ៍មុនថា បើទោះជាមានភាពតានតឹង…

ការស៊ើបអង្កេតបានធ្វើឱ្យភាគហ៊ុនរបស់ Foxconn ធ្លាក់ចុះ៣%

ព័ត៌មាន
ភាគហ៊ុននៅក្នុងក្រុមហ៊ុនតៃវ៉ាន់ Foxconn ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ទូរស័ព្ទ iPhones របស់ក្រុមហ៊ុន Apple បានធ្លាក់ចុះរហូតដល់៣% ក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ