ទីផ្សារម្រេច

តើមានកត្តាអ្វីជំរុញឱ្យតម្លៃម្រេចនៅកម្ពុជា ហក់ឡើងដល់ជាង២ម៉ឺនរៀលក្នុង១គីឡូក្រាម?


នៅ២ឆ្នាំចុងក្រោយនេះ តម្លៃម្រេចធម្មតានៅកម្ពុជា ហាក់មានស្ថានភាពល្អ ក្រោយជួបវិបត្តិទីផ្សារកាលពីប៉ុន្មានឆ្នាំមុន។ បើតាមការអះអាងរបស់ក្រុមកសិករ នៅឆ្នាំនេះ ម្រេចអាចលក់បានក្នុងតម្លៃរហូតដល់២៥,០០០រៀល ក្នុងមួយគីឡូក្រាម ខណៈថ្លៃឈ្នួលបេះឡើងថ្លៃខ្ពស់បានរារាំងដល់ការប្រមូលផលម្រេចរបស់កសិករ។ បើតាមអ្នកជំនាញ ម្រេចនៅលើពិភពលោកបានធ្លាក់ចុះការផលិត គួបផ្សំការបង្កើនបច្ចេកទេសដាំដុះរបស់កសិករនាំឱ្យម្រេចមានតម្លៃល្អ។ តើមានមូលហេតុអ្វីនាំឱ្យតម្លៃម្រេចកើនឡើង? តើកសិករកំពុងជួបបញ្ហាប្រឈមអ្វីខ្លះពេលប្រមូលផល?
ទីផ្សារម្រេច
ដោយ

លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានឱ្យដឹងថា តម្លៃម្រេចនៅឆ្នាំនេះអាចលក់បានចន្លោះពី២៥,០០០រៀល ទៅ២៦,០០០រៀល ក្នុងមួយគីឡូក្រាម សម្រាប់ប្រភេទម្រេចខ្មៅ ដែលជាតម្លៃមួយល្អប្រសើរបើធៀបនឹងឆ្នាំមុន។ បើតាមប្រធានសហព័ន្ធរូបនេះ កត្តាដែលនាំឱ្យម្រេចមានតម្លៃល្អ ដោយសារតែការបញ្ជាទិញ ក៏ដូចជាស្ដុកម្រេចនៅទូទាំងពិភពលោកមិនមានការកើនឡើង ហើយអាចប្រឈមនឹងការធ្លាក់ចុះ។ លោក ម៉ាក់ នី រំពឹងថា តម្លៃម្រេចនៅឆ្នាំនេះនឹងមានស្ថានភាពល្អជាងឆ្នាំមុន ដោយសារទិន្នផលម្រេចតាមបណ្ដាប្រទេសមួយចំនួនដូចជាវៀតណាម និងឥណ្ឌាជាដើមកំពុងធ្លាក់ចុះ។

​ជាមួយគ្នានេះ លោក ពោន ប៉ែត កសិករដាំម្រេចម្នាក់នៅខេត្តកំពង់ធំ បានលើកឡើងថា នៅឆ្នាំនេះ តម្លៃម្រេចអាចលក់បានក្នុងតម្លៃ២៥,០០០រៀល ក្នុងមួយគីឡូក្រាម សម្រាប់ម្រេចស្ងួត ខណៈកាលពីឆ្នាំមុនៗអាចលក់បានក្នុងតម្លៃ១ម៉ឺនរៀលក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ។ បើតាមការអះអាងរបស់កសិកររូបនេះ ទោះបីម្រេចនៅឆ្នាំនេះ មានតម្លៃល្អយ៉ាងណាក្ដី តែការប្រមូលផលម្រេចកំពុងជួបបញ្ហាថ្លៃឈ្នួលបេះម្រេចហក់ឡើងខ្ពស់ ពិបាកស្វែងរកកម្លាំងពលកម្ម គួបផ្សំកត្តាអាកាសធាតុមិនសូវអំណោយផល។

​ទន្ទឹមគ្នានេះ លោក រស់ សេងបាន កសិករដាំម្រេចនៅខេត្តកំពង់ធំម្នាក់ដែរនោះបានអះអាងថា ចម្ការម្រេចរបស់លោកដែលដាំក្នុងកិច្ចសន្យា និងមានការកំណត់តម្លៃជាមួយក្រុមហ៊ុន ក៏បានកើនឡើង១ដុល្លារបន្ថែមទៀតផងដែរ។ ប៉ុន្តែបញ្ហាខ្វះទឹក ការប្រែប្រួលអាកាសធាតុ ជីកសិកម្ម និងថ្លៃឈ្នួលបេះម្រេចឡើងថ្លៃ អាចរារាំងដល់ការប្រមូលម្រេចរបស់លោកនៅឆ្នាំនេះ។

​ដោយឡែក លោក វណ្ណ ឬទ្ធី នាយកប្រតិបត្តិនាំចេញកសិផលនៃក្រុមហ៊ុនអង្គរហ្រ្គីន ដែលជាក្រុមហ៊ុននាំចេញម្រេចទៅកាន់ប្រទេសវៀតណាម និងថៃដែរនោះ កត់សម្គាល់ឃើញថា នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ តម្លៃម្រេចហាក់មានស្ថានភាពល្អប្រសើរ ដែលជាកត្តាជំរុញឱ្យកសិករបង្កើនការយកចិត្តទុកដាក់ខ្ពស់ ជាមួយនឹងការដាំដុះតាមបច្ចេកទេស។ បើតាមអ្នកជំនាញរូបនេះ ដោយសារតែម្រេចមានភាពលំបាកនៅពេលបេះហើយទាមទារឱ្យមានជំនាញផងនោះ ទើបធ្វើឱ្យថ្លៃឈ្នួលបេះមានតម្លៃថ្លៃ។

​គួរបញ្ជាក់ថា ប្រទេស វៀតណាម ជាទីផ្សារនាំចេញម្រេចដ៏ធំសម្រាប់កម្ពុជា ដោយវៀតណាមទិញម្រេចពីកម្ពុជាដើម្បីកែច្នៃ និងនាំចេញបន្ដទៅប្រទេសទី៣។ ជាមួយគ្នានេះ វៀតណាម ក៏ជាប្រទេសដែលរងការដាក់សម្ពោធពន្ធពីសហរដ្ឋអាម៉េរិក ហើយក៏អាចរំខានដល់ការនាំចេញម្រេចពីកម្ពុជា ចូលទៅប្រទេសមួយនេះផងដែរ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើគ្រាប់ស្វាយចន្ទីអាចរក្សាស្ថិរភាពទីផ្សារ និងតម្លៃល្អបានរហូតចប់ឆ្នាំ២០២៥ ដែរឬទេ?

តម្លៃគ្រាប់ស្វាយចន្ទីស្រស់នៅឆ្នាំនេះ ហាក់មានស្ថិរភាពល្អប្រសើរ ពោលគឺនៅតែបន្តរក្សាបានតម្លៃលើស៥,០០០រៀល ក្នុង១គីឡូក្រាម បើទោះបីគ្រាប់គ្រាប់ស្វាយច…

វិនិយោគិននៅអាស៊ីរារែកក្នុងការវិនិយោគលើភាគហ៊ុនអាម៉េរិក ខណៈគោលនយោបាយពន្ធគយរបស់លោក ត្រាំ បង្កចលាចលកាន់តែខ្លាំង

ជាយូរណាស់មកហើយដែលបណ្ដាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភនៅអាស៊ី បានចាត់ទុកសហរដ្ឋអាម៉េរិក ជាគោលដៅកំពូលសម្រាប់ការវិនិយោគរបស់ពួកគេ ជាពិសេសកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ